ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគតាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីភាពញញឹមជូនដល់ទារក និងកុមារកម្ពុជា

image

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគតាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦” របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៦​។

ការចូលរួមបរិច្ចាគនេះមានគោលដៅរួមចំណែកទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងជាការឆ្លុះបញ្ចាំងពីសាមគ្គីភាព និងវប្បធម៌ នៃការចែករំលែកដ៏ផុសផុលក្នុងសង្គមជាតិ ជាពិសេសជាកម្លាំងចលករដ៏សំខាន់មួយក្នុងការចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក និងកុមាររាប់ម៉ឺនករណីក្នុង ១ឆ្នាំៗ ដោយឥតគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយគុណភាព។

រាល់ការចូលរួមទោះតិចក្តី ច្រើនក្តី សុទ្ធតែមានតម្លៃក្នុងការរួមចំណែកកសាងអនាគត និងនាំយកក្ដីសង្ឃឹម ព្រមទាំងភាពញញឹមជូនដល់ទារក និងកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាសនាធំៗទាំង៣ នៅកម្ពុជា រួមមាន ព្រះពុទ្ធសាសនា គ្រីស្ទសាសនា និងឥស្លាមសាសនា បានរួមគ្នាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា៕