ព័ត៌មានជាតិ

ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង បង្ហាញគណនី WingGen ជាជំហានដំបូងសម្រាប់ការសម្រេចចិត្តហិរញ្ញវត្ថុសម្រាប់កុមារ និងក្មេងជំទង់

image

ភ្នំពេញ៖ ធនាគារ វីង បានដាក់បង្ហាញគណនី WingGen ជាជំហានដំបូង នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅអគារវីងថៅវើ ក្រោមវត្តមានថ្នាក់ដឹកនាំធនាគារ វីង ព្រមទាំងមានការចូលរួមពីបុគ្គលិកជាច្រើននាក់មកពីគ្រប់ផ្នែកនៃធនាគារ។
គណនី WingGen ត្រូវបានបង្កើតឡើងសម្រាប់កុមារ និងក្មេងជំទង់ដែលមានអាយុចាប់ពី ១០ ដល់ ១៧ឆ្នាំ ដែលអាចរៀនធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងបាន។ គណនីនេះមានលក្ខណៈពិសេសលើសពីគណនីសន្សំសម្រាប់កុមារទូទៅ ព្រោះវាផ្តល់ជូននូវបទពិសោធធនាគារឌីជីថល ដែលពួកគេអាចពិនិត្យមើលសមតុល្យទឹកប្រាក់ ស្កេនទូទាត់តាម KHQR បង់វិក្កយបត្រ បញ្ចូលលុយទូរសព្ទ សន្សំប្រាក់ដើម្បីគោលដៅសកម្មភាពសប្បាយៗ ជាមួយការបំពេញបេសកកម្មប្រចាំខែ និងទទួលបាន វីងភ័ញ ទៀតផង។  
ជាមួយគ្នានេះ មាតាបិតាក៏នៅតែអាចចូលរួម និងមើលការខុសត្រូវតាមអេប Wing Bank ដោយអាចផ្ញើប្រាក់ កំណត់ប្រាក់ចាយប្រចាំខែ តាមដានសកម្មភាពចាយវាយ និងកំណត់កម្រិតនៃការចាយវាយរបស់កូនៗឱ្យបានសមស្រប។ កូនៗទទួលបានសេរីភាពទូលំទូលាយក្នុងការចាត់ចែង ខណៈដែលឪពុកម្តាយនៅតែអាចមើលឃើញ និងផ្តល់ការណែនាំដល់កូនៗនៅពេលចាំបាច់។  
លើសពីនេះ មុខងារ Savings Power, Scan-to-Pay Power និង Missions Power អាចប្រើប្រាស់បានចាប់ពីពេលនេះតទៅ។ ចំណែកមុខងារ Save-for-a-Goal Power នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្តល់ជូនអតិថិជនប្រើប្រាស់គណនី WingGen អាចមានជម្រើសថ្មីមួយទៀតក្នុងការសន្សំប្រាក់ជាបណ្តើរៗ ដើម្បីសម្រេចបាននូវអ្វីដែលពួកគេប្រាថ្នាចង់បាន។   
ជាមួយគណនី WingGen បំណងប្រាថ្នាដែលចង់ឆាប់ធំរបស់កូនៗ ត្រូវបានប្រែក្លាយជារឿងមួយដ៏មានន័យ និងមានប្រយោជន៍។ នេះគឺជាឱកាសដ៏ល្អមួយ  សម្រាប់ឱ្យពួកគេរៀនជ្រើសរើស រៀនសន្សំ និងបន្តលូតលាស់ និងសម្លឹងមើលភាពរីកចម្រើនរបស់ខ្លួនឯង នៅក្នុងបរិយាកាសមួយដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស សម្រាប់ពួកគេដែលជាយុវវ័យជំនាន់ថ្មី។  
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា កុមារ និងក្មេងជំទង់ មិនអាចស្វែងយល់ពីការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ត្រឹមតែការមានគណនីធនាគារនោះឡើយ។ ពួកគេរៀនចេះចាត់ចែង តាមរយៈការធ្វើការសម្រេចចិត្តដោយខ្លួនឯង និងការមើលឃើញពីលទ្ធផលជាក់ស្តែង។ ហេតុនេះហើយ គណនី WingGen ផ្តល់ឱកាសឱ្យពួកគេបានអនុវត្តការសម្រេចចិត្តទាំងនោះ នៅក្នុងជីវិតប្រចាំថ្ងៃ ហើយក៏បានផ្តល់នូវមុខងារសំខាន់ៗដល់ឪពុកម្តាយ ដើម្បីជួយណែនាំកូនៗ គ្រប់គ្រងដោយទំនុកចិត្តផងដែរ។ តាមរយៈគណនី WingGen ពួកគេមិនត្រឹមតែចេះសន្សំប៉ុណ្ណោះទេ តែក៏អាចបង្កើតទម្លាប់ល្អ និងសមត្ថភាពឆ្លាតវៃក្នុងការចាត់ចែងហិរញ្ញវត្ថុតាំងពីវ័យក្មេង។  
លោកបណ្ឌិត បានបន្តថា កុមារមួយចំនួនអាចនឹងប្រាប់ពីក្តីស្រមៃចង់បានការងារធ្វើ មានរថយន្តដែលគេពេញចិត្ត ឬទៅដើរកម្សាន្តនៅកន្លែងណាមួយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ពួកគេផងដែរនោះ គឺជារឿងតូចតាចប្រចាំថ្ងៃ ដូចជាការជ្រើសរើសអាហារដែលចង់ញ៉ាំ ការដើរលេងជាមួយមិត្តភក្តិ ការទិញរបស់ដែលខ្លួនស្រលាញ់ដោយចាយលុយផ្ទាល់ខ្លួន ឬការសម្រេចចិត្តធ្វើអ្វីមួយដោយមិនចាំបាច់សុំការអនុញ្ញាតរាល់ពេលនោះឡើយ។  
លោកបណ្ឌិត គូសបញ្ជាក់ថា ពេលពួកគេឈានចូលវ័យជំទង់ អ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ ពួកគេចាប់ផ្តើមស្គាល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនកាន់តែច្បាស់ មានមិត្តភក្តិ និងសកម្មភាពសង្គមកាន់តែច្រើន ហើយក៏ចាប់ផ្តើមចង់សម្រេចចិត្តលើរឿងខ្លះដោយខ្លួនឯងផងដែរ។ អ្វីដែលពួកគេចង់បាន ក៏ចាប់ផ្តើមលែងជារឿងដែលមនុស្សធំអាចជ្រើសរើស ឬសម្រេចជំនួសឱ្យពួកគេដូចពីមុនទៀត។  
លោកបណ្ឌិត បន្ថែមទៀតថា ពេលខ្លះជម្រើសដែលកូនៗសម្រេចចិត្តជ្រើសរើស អាចនឹងខុសពីការគិតរបស់ឪពុកម្តាយ។ ប៉ុន្តែភាពខុសគ្នានេះហើយ ដែលធ្វើឱ្យរាល់វិនាទីនៃការសម្រេចចិត្តរបស់ពួកគេកាន់តែមានន័យ។ ព្រោះរាល់ពេលដែលកូនៗចាប់ផ្តើមសម្រេចចិត្តលើរឿងលុយកាក់ដោយខ្លួនឯង គឺជាការបើកទំព័រមេរៀនជីវិតដែលបង្រៀនពួកគេឱ្យយល់ដឹងពីចំណងទាក់ទងគ្នាពីអ្វីដែលពួកគេជ្រើសរើស លទ្ធផលដែលនឹងកើតឡើងបន្ទាប់ និងឱកាសដែលកំពុងរង់ចាំពួកគេនៅថ្ងៃមុខ។  
សូមជម្រាបថា មាតាបិតាអាចទាញយកអេប Wing Bank ថ្ងៃនេះ ដើម្បីបើកគណនី WingGen ឱ្យកូនៗ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់លេខ 023 999 989 សម្រាប់ព័ត៌មានបន្ថែម៕  
អត្ថបទ៖ចេង ឆហួត រូបភាព៖ ង៉ាន់ សំណាង