ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចំណាយពេលជាង៤ម៉ោង កាលពីម្សិលមិញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូថ្នាក់ដឹកនាំសាលារៀនចំនួន ១៦០សាលា ដើម្បីជជែកត្រង់ទៅត្រង់មក

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញ៉ំបានចំណាយពេលជាង៤ម៉ោង កាលពីម្សិលមិញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលារៀនចំនួន ១៦០សាលា ដើម្បីជជែកត្រង់ទៅត្រង់មក ហើយខ្ញ៉ំទៅជួប ដោយមិនបានប្រាប់មុនថា ខ្ញ៉ំទៅនោះទេ”។ បើតាមសម្តេចធិបតី ជំនួបថ្ងៃនោះគឺដើម្បីចុះស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាព ការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីសិក្សាថែមម៉ោង ព្រមទាំងធ្វើការវាយតម្លៃលើការអនុវត្តរបស់សាលាគោលដៅដែលបានអនុវត្តកន្លងមក ជាពិសេសស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអប់រំនៅកម្រិតមូលដ្ឋានដើម្បីឈានទៅអាចអនុវត្តស្តង់ដា នៃការបណ្តុះបណ្តាល និងគុណភាពការអប់រំកាន់តែល្អប្រសើរ ដោយឈរលើការផ្តល់ការអប់រំដល់សិស្សប្រកបដោយគុណភាព ឥរិយាបថល្អ សីលធម៌ និងការទទួលខុសត្រូវ ឱ្យបានគ្រប់សាលារៀននៅទូទាំងប្រទេស។

នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ឆ្នាំ២០២៦ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “រូបមន្តដែលទទួលបានជោគជ័យពីសាលាមួយចំនួននឹងក្លាយជារូបមន្តអនុវត្តន៍ទូទាំងប្រទេស ដើម្បីវិស័យអប់រំ”។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើត គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលហៅកាត់ថា (គ.វ.អ.)។ គណៈកម្មាធិការ ជាតិនេះបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលា រដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ ជាពិសេសការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការ ក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី