ព័ត៌មានជាតិ

ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានសហការផ្តល់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង ដល់អ្នកប្រកបមុខរបរប្រមាណ ៦លាននាក់

image

ភ្នំពេញ៖ ធនាគារ វីង ខេមបូឌា ម.ក និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក (RGI) និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា (CEYFA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រីកឱកាសទទួលបានសេវាហិរញ្ញវត្ថុ សេវាធានារ៉ាប់រង និងឱកាសអាជីវកម្ម ដល់បណ្តាញសមាជិក និងអតិថិជនរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជាង ៦លាននាក់នៅទូទាំងប្រទេសកម្ពុជា។ ស្របពេលដែលភាពជាដៃគូនេះ នឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ពិធីចុះហត្ថលេខាបានរៀបចំធ្វើឡើងនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល ដឺ ហ្រ្គេន ធឺរេស ក្រោមវត្តមានអ្នកចូលរួមជាង ២.២០០នាក់ ដែលជាបណ្តាញរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គ្របដណ្តប់លើមុខរបរចំនួន ១៨វិស័យ រួមមាន អាជីវករលក់ដូរតាមផ្សារ អ្នកលក់ម្ហូបអាហារ អ្នកប្រកបមុខរបរដឹកជញ្ជូន និងកសិករជាដើម។ ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ គឺជាកម្លាំងទ្រទ្រង់ជីវភាពគ្រួសារ និងសហគមន៍ផ្ទាល់ ប៉ុន្តែពួកគាត់ភាគច្រើននៅតែជួបការលំបាក ក្នុងការស្វែងរកប្រភពទុន ដើម្បីរក្សាលំនឹង ឬពង្រីកមុខរបរឱ្យកាន់តែធំ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា ប្រមាណ ៩០% នៃសហគ្រាសនៅកម្ពុជា គឺជាអាជីវកម្មក្រៅប្រព័ន្ធ ដែលបានផ្តល់ការងាររហូតដល់ទៅ ៨៨% នៃការងារសរុប។

ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា សមាជិករបស់យើងខិតខំប្រឹងប្រែងធ្វើការ ដើម្បីទ្រទ្រង់ជីវភាព ប៉ុន្តែពួកគាត់ជាច្រើននៅតែជួបការលំបាកក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលត្រូវការសម្រាប់ពង្រីកអាជីវកម្ម។ តាមរយៈកិច្ចសហការនេះ ពួកគាត់នឹងមានឱកាសកាន់តែច្រើន ក្នុងការទទួលបានហិរញ្ញប្បទាន គ្រប់គ្រងការទូទាត់ និងបង្កើតចំណូលបន្ថែម ដែលនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារ វីង នឹងផ្តល់ជូនសមាជិកសមាគម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបាននូវសេវាទូទាត់តាមប្រព័ន្ធ KHQR សេវាបើកប្រាក់បៀវត្ស កម្ចីអាជីវកម្ម ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ កាតឥណទានវីងវីសាដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ព្រមទាំងសេវាហិរញ្ញវត្ថុចាំបាច់ជាច្រើនទៀត។

លើសពីនេះ កិច្ចសហការនេះ ក៏បើកឱកាសឱ្យសមាជិកអាចក្លាយជាភ្នាក់ងារធនាគារ វីង ឬភ្នាក់ងារវីង ម៉ាស្ទ័រ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកក៏អាចស្វែងរកឱកាសក្នុងការណែនាំអតិថិជនឱ្យប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតសរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក ដែលជួយឱ្យគ្រួសារកាន់តែច្រើន ទទួលបានការគាំពារផ្នែកហិរញ្ញវត្ថុនៅជិតកន្លែងដែលពួកគេរស់នៅ និងប្រកបមុខរបរ។

លោក សោម ធីសែន នាយកប្រតិបត្តិគ្រប់គ្រងសេវាធនាគារសាធារណៈ នៃធនាគារ វីង បានលើកឡើងថា សម្រាប់ម្ចាស់អាជីវកម្មតូចជាច្រើន ប្រាក់ចំណូលដែលពួកគាត់រកបានជារៀងរាល់ថ្ងៃ គឺត្រូវបែងចែកសម្រាប់ចំណាយទាំងលើមុខរបរ និងតម្រូវការក្នុងគ្រួសារ។ ភាពងាយស្រួលក្នុងការទទួលប្រាក់ និងលទ្ធភាពទទួលបានហិរញ្ញប្បទាន អាចជួយពួកគាត់ឱ្យចាត់ចែងសាច់ប្រាក់បានល្អ និងអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន។ តាមរយៈកិច្ចសហការនេះ យើងនឹងនាំយកសេវាកម្មទាំងនេះ កាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ដែលតែងជួបការលំបាក ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។

លោកបានបន្តថា បងប្អូនអាជីវករតាមផ្សារតែងតែមមាញឹកក្នុងការចាត់ចែងការទូទាត់ពីអតិថិជន ការទូទាត់ឱ្យអ្នកផ្គត់ផ្គង់ និងការចំណាយក្នុងគ្រួសារជារៀងរាល់ថ្ងៃ។ សេវាកម្មរបស់ធនាគារ វីង នឹងជួយប្រមូលផ្តុំរាល់ប្រតិបត្តិការទាំងអស់នេះ ឱ្យស្ថិតនៅកន្លែងតែមួយយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

លោក អ៊ុត សឿង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក និងជានាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីធនាគារ និងធានារ៉ាប់រងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា នៅពេលមានហេតុការណ៍ចៃដន្យណាមួយមករំខានដល់ចំណូលរបស់អ្នកប្រកបមុខរបរ ក្រុមគ្រួសាររបស់ពួកគាត់នឹងជួបការលំបាក សូម្បីតែការចំណាយលើតម្រូវការប្រចាំថ្ងៃ។ សេវាធានារ៉ាប់រងអាយុជីវិត អាចជួយសម្រាលបន្ទុកនេះបានយ៉ាងច្រើន ហើយតាមរយៈការចាប់ដៃគូជាមួយធនាគារ វីង (ខេមបូឌា) ម.ក និង សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា យើងចង់នាំយកការគាំពារដ៏កក់ក្តៅនេះ ទៅដល់គ្រួសារជាច្រើនទៀត ដែលធ្លាប់មានការលំបាកក្នុងការទទួលបានសេវាកម្មទាំងនេះពីមុនមក។

បច្ចុប្បន្ន បណ្តាញប្រតិបត្តិការរបស់ធនាគារ វីង (ខេមបូឌា) ម.ក នៅទូទាំងប្រទេស រួមមានសាខាធនាគារជិត ៣០ទីតាំង ភ្នាក់ងារវីងម៉ាស្ទ័រជាង ២០០កន្លែង និងភ្នាក់ងារធនាគារ វីង (ខេមបូឌា) ម.ក ជាង ១២.០០០កន្លែង។ តាមរយៈបណ្តាញដ៏ទូលំទូលាយនេះ សមាជិកទាំងអស់អាចស្វែងយល់ និងប្រើប្រាស់សេវាធនាគារ និងសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក បានកាន់តែងាយស្រួល និងនៅក្បែរផ្ទះបំផុត។

សូមជម្រាបថា សមាជិករបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាចអញ្ជើញទៅកាន់ភ្នាក់ងារធនាគារ វីង (ខេមបូឌា) ម.ក ឬសាខាធនាគារ វីង (ខេមបូឌា) ម.ក ដែលនៅជិតបំផុត ដើម្បីស្វែងយល់ពីឱកាសក្លាយជាភ្នាក់ងាររបស់ធនាគារ វីង (ខេមបូឌា) ម.ក ឬអាចទំនាក់ទំនងមកកាន់លេខ 023 999 989 ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសេវាហិរញ្ញវត្ថុ ការធានារ៉ាប់រង និងឱកាសអាជីវកម្មដ៏ល្អៗទាំងនេះ៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ កែវ សារិទ្ធ