ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន​៖​ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (គ.គ.ផ.ស.) លោក នេត្រ ភក្ត្រា បានលេីកឡេីងថា ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ។ ផ្ទុយទៅវិញ វាជាការកសាង ទីផ្សារដែលអាចទុកចិត្តបាន។ លោកថា​ ការធ្វើធុរកិច្ចត្រូវមានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់។

លោក នេត្រ ភក្ត្រា បានធ្វើឡើងដូចនេះក្នុងពេលបើក «យុទ្ធនាការឆន្ទៈល្អ លើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រីព័ត៌មាន​ បានរំលឹកថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមសេចក្តីសម្រេចលេខ ៧៦ ស​ ស​ រ និងបន្តតែងតាំងសមាសភាពក្រុមការងារតាមសេចក្តីសម្រេចលេខ ១០៨ សសរ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមការងារនេះមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ជាប្រធាន មានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធាន និងមានសមាជិកពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។​

លោក​ នេត្រ ភក្ត្រា​​ បានចាត់ទុកថា ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាបញ្ហារបស់ក្រសួងព័ត៌មានតែមួយឡើយ ប៉ុន្តែជាបញ្ហាអន្តរវិស័យ ដែលទាមទារកិច្ចសហការរវាងរដ្ឋ សុខាភិបាល ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ អប់រំ បច្ចេកវិទ្យា ទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។​ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានដាក់ចេញប្រកាសស្តីពីការកំណត់បែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង​ ដេីម្បីរៀបចំទីផ្សារ​ ហេីយក៏មិនមែនលុបការផ្សព្វផ្សាយ ប៉ុន្តែធ្វើឱ្យការផ្សព្វផ្សាយមានវិធាន និងមានការទទួលខុសត្រូវ។

លោក នេត្រ ភក្ត្រា​ បានបន្តទៀតថា រាជរដ្ឋាភិបាលត្រូវទទួលស្គាល់ថា នៅពីក្រោយការសម្រេចចិត្តគោលនយោបាយទាំងនេះ ជាជីវិតរបស់មនុស្ស។ គ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបាត់បង់សុខភាព ការប៉ះពាល់ដល់ការសិក្សារបស់យុវជន ផលប៉ះពាល់ដល់ផលិតភាពការងារ បញ្ហាគ្រួសារ និងបញ្ហាសង្គម គឺជាផលវិបាកដែលយើងមិនអាចមើលរំលងបាន។​ លោករដ្ឋមន្ត្រីបានលេីកឡេីងយ៉ាងដូច្នេះថា៖ «នៅពីក្រោយគ្រោះថ្នាក់ចរាចរណ៍មួយ អាចមានគ្រួសារមួយបាត់បង់សមាជិកជាទីស្រឡាញ់។ នៅពីក្រោយការញៀនមួយ អាចមានកូនៗដែលខ្វះការថែទាំ។ នៅពីក្រោយការសម្រេចចិត្តមួយដែលខ្វះការទទួលខុសត្រូវ អាចមានផលវិបាករយៈពេលយូរទៅលើមនុស្សជាច្រើន។ យើងមិនគួរចាត់ទុកបញ្ហាទាំងនេះថាជា «ថ្លៃដើមដែលសង្គមត្រូវទ្រាំ» ដើម្បីឱ្យទីផ្សាររីកចម្រើននោះទេ។ សេដ្ឋកិច្ចរីកចម្រើន និងសុខភាពប្រជាពលរដ្ឋល្អ ត្រូវដើរទៅជាមួយគ្នា។ ដូច្នេះ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ។ ផ្ទុយទៅវិញ វាជាការកសាង ទីផ្សារដែលអាចទុកចិត្តបាន។ ការធ្វើធុរកិច្ចត្រូវមានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅចំពោះមុខភាគីពាក់ព័ន្ធទាំងអស់ថា ការគោរពច្បាប់ មិនមែនជាបន្ទុករបស់អាជីវកម្មទេ។ ប៉ុន្តែការគោរពច្បាប់ ជាតម្លៃប្រកួតប្រជែងរបស់អាជីវកម្ម។ ក្រុមហ៊ុនដែលអាចទទួលបានទំនុកចិត្តពីរដ្ឋាភិបាល ពីដៃគូ ពីអតិថិជន និងពីសង្គម គឺជាក្រុមហ៊ុនដែលអាចរីកចម្រើនបានយូរអង្វែង។ ដូចគ្នានេះ ការផ្សព្វផ្សាយភេសជ្ជៈដែលមានជាតិស្ករ ក៏ត្រូវការការទទួលខុសត្រូវចំពោះព័ត៌មានអំពីផលិតផល ការការពារអ្នកប្រើប្រាស់ និងការផ្តល់ព័ត៌មានដោយតម្លាភាព។​ ការផ្សាយពាណិជ្ជកម្មអាចត្រូវទាក់ទាញដោយមិនបំផ្លើស លក់ដោយមិនបោកបញ្ឆោត និងប្រកួតប្រជែងដោយមិនបង្កគ្រោះថ្នាក់ដល់សង្គម»។ នេះជាសង្កត់ធ្ងន់បន្ថែមរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា។

ក្នុងនាមប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង​ លោក នេត្រ ភក្ត្រា សូមបញ្ជាក់ថា យុទ្ធនាការ «ឆន្ទៈល្អលើកទី២» មានន័យថា កម្ពុជាកំពុងផ្លាស់ពីដំណាក់កាលការយល់ដឹង ទៅដំណាក់កាលការទទួលខុសត្រូវ និងការវាស់លទ្ធផល។ យុទ្ធនាការឆន្ទៈល្អលើកទី១ គឺធ្វើឱ្យគ្រប់ភាគីយល់ពីច្បាប់ និងគោលការណ៍។ យុទ្ធនាការឆន្ទៈល្អលើកទី២ ត្រូវធានាថា អ្វីដែលបានយល់ នឹងត្រូវយកទៅអនុវត្តទាំងអស់គ្នាដោយស្មេីភាព៕