ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ ទីផ្សារដែលល្អ មិនមែនជំរុញការប្រើប្រាស់លើសកម្រិត ឬគ្មានព្រំដែន

image

ភ្នំពេញ៖​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក​ នេត្រ ភក្រ្តា បានលើកឡើងថា អាជីវកម្មដែលល្អ គឺអាជីវកម្មដែលអាចរីកចម្រើនដោយមិនផ្ទេរផលប៉ះពាល់ទៅឱ្យសង្គម។ ទន្ទឹមនេះលោកក៏បានលេីកឡេីងដែរថា​ ទីផ្សារដែលល្អ ជាទីផ្សារដែលប្រកួតប្រជែងដោយគុណភាព នវានុវត្តន៍ តម្លៃ និងទំនុកចិត្ត មិនមែនប្រកួតប្រជែងដោយវិធីជំរុញការប្រើប្រាស់លើសកម្រិត ឬការទាក់ទាញអ្នកប្រើប្រាស់ដោយគ្មានព្រំដែននោះទេ។

លោក​ នេត្រ ភក្រ្តា បានលើកឡើងដូចនេះក្នុងិធីបើក«យុទ្ធនាការឆន្ទៈល្អ លើកទី២»​ ក្រោមប្រធានបទ​ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។​

លោក​ នេត្រ ភក្រ្តា​ បានលេីកឡេីងយ៉ាងដូច្នេះថា៖​ "យើងទាំងអស់គ្នាទទួលស្គាល់ថា វិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភេសជ្ជៈបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការបង្កើតការងារ ចំណូលពន្ធ ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ការឧបត្ថម្ភព្រឹត្តិការណ៍ និងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ។ ការទទួលស្គាល់តួនាទីនេះ គឺជាការទទួលស្គាល់ការពិត។ ប៉ុន្តែការទទួលស្គាល់ចំណែកវិជ្ជមានរបស់វិស័យនេះ មិនមានន័យថា យើងត្រូវមើលរំលងផលប៉ះពាល់ដែលអាចកើតមានពីការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត ការប្រើប្រាស់ភេសជ្ជៈមានជាតិស្ករលើសកម្រិត ឬការធ្វើទីផ្សារដែលខ្វះការទទួលខុសត្រូវនោះឡើយ"។

លោក នេត្រ ភក្រ្តា បានបន្តទៀតថា រដ្ឋមានកាតព្វកិច្ច២ ដែលត្រូវធ្វើស្របគ្នា ទី១. គាំទ្របរិយាកាសធុរកិច្ច និងការវិនិយោគ និងទី២. ការពារផលប្រយោជន៍សាធារណៈ និងសុខុមាលភាពប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានចាត់ទុកការគ្រប់គ្រងដែលល្អ គឺមិនជ្រើសរើសយកមួយ ហើយបោះបង់មួយទៀតទេ។ ការ គ្រប់គ្រងដែលល្អ គឺរកតុល្យភាពដែលធ្វើឱ្យធុរកិច្ចអាចរីកចម្រើន សង្គមមានសុវត្ថិភាព និងទីផ្សារមានទំនុកចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តពង្រឹង។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅពេលការផ្សាយពាណិជ្ជកម្មប្រែក្លាយពីការផ្តល់ព័ត៌មានអំពីផលិតផល ទៅជាការជំរុញឱ្យអ្នកប្រើប្រាស់ប្រើប្រាស់ផលិតផលហួសប្រមាណ ឬប្រើវិធីទាក់ទាញដែលធ្វើឱ្យយុវជនចាប់អារម្មណ៍នឹងការទទួលទានគ្រឿងស្រវឹង ឬប្រើប្រាស់រង្វាន់ ការផ្សងសំណាង និងសារដែលបង្កើតអារម្មណ៍ថា «ទិញកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន» នោះបញ្ហានេះលែងជាការប្រកួតប្រជែងទីផ្សារធម្មតាទៀតហើយ។

លោក​ នេត្រ ភក្ត្រា​​ បានចាត់ទុកថា ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាបញ្ហារបស់ក្រសួងព័ត៌មានតែមួយឡើយ ប៉ុន្តែជាបញ្ហាអន្តរវិស័យ ដែលទាមទារកិច្ចសហការរវាងរដ្ឋ សុខាភិបាល ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ អប់រំ បច្ចេកវិទ្យា ទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។​ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានដាក់ចេញប្រកាសស្តីពីការកំណត់បែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង​ ដេីម្បីរៀបចំទីផ្សារ​ ហេីយក៏មិនមែនលុបការផ្សព្វផ្សាយ ប៉ុន្តែធ្វើឱ្យការផ្សព្វផ្សាយមានវិធាន និងមានការទទួលខុសត្រូវ៕