ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកភាពតាមសំណើរបស់អ្នកឧកញ៉ា គិត ម៉េង លើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ

image

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសគាំទ្រ និងឯកភាពតាមសំណើសុំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងការពិនិត្យសម្រេចអនុញ្ញាតគោលការណ៍លើកលែងការប្រមូលថ្លៃភាស៊ីពីសេវាដឹកជញ្ជូន ដែលរួមមាន រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ និងរថយន្តទេសចរណ៍ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តារាជធានី-ខេត្ត ដោយមិនចូលប្រើប្រាស់ចំណត។

តាមលិខិតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការប្រមូលថ្លៃភាស៊ីពីយានយន្តដឹកជញ្ជូនដែលគ្រាន់តែធ្វើដំណើរឆ្លងកាត់តាមផ្លូវសាធារណៈ ដោយមិនមានតម្រូវការប្រើប្រាស់ចំណត គឺមិនសមស្របនឹងលក្ខណៈនៃសេវាដឹកជញ្ជូនទូទៅឡើយ។

ក្រសួងបានបញ្ជាក់ថា អនុលោមតាមសារាចរណែនាំលេខ ០០៧ សហវ.ស.រ.ណ.អទច ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ការធ្វើអាជីវកម្មភាស៊ីលើចំណតយានយន្តទូទាំងប្រទេស និងនៅតាមច្រកព្រំដែន ត្រូវហាមឃាត់ជាដាច់ខាតចំពោះសកម្មភាពមួយចំនួន រួមមាន៖

១. ការដាក់រនាំងនៅតាមផ្លូវសាធារណៈ ឬច្រកទ្វារព្រំដែន ដើម្បីទារថ្លៃភាស៊ីពីយានយន្តដឹកអ្នកដំណើរ និងដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់។

២. ការស្ទាក់ឃាត់យានយន្តដឹកអ្នកដំណើរ និងដឹកទំនិញដែលឆ្លងកាត់ផ្លូវ ដោយមិនមានតម្រូវការប្រើប្រាស់ចំណត ដើម្បីបង្ខំឱ្យបង់ថ្លៃភាស៊ី។

៣. ការតាំងខ្លួន ឬបន្លំជាមន្ត្រីមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ដើម្បីបង្ខំអ្នកដឹកជញ្ជូនឱ្យចូលចតក្នុងចំណតរបស់ខ្លួន ទោះបីជាមិនមានតម្រូវការប្រើប្រាស់ចំណតក៏ដោយ។

៤. ការបង្កើតអាជីវកម្មភាស៊ីចំណតយានយន្តនៅតាមច្រកទ្វារព្រំដែន ដែលបង្កឧបសគ្គដល់ការបំពេញភារកិច្ចរបស់អង្គភាពគយ និងរដ្ឋាករ ជាពិសេសការសម្រួលពាណិជ្ជកម្ម លំហូរទំនិញនាំចេញ-នាំចូល និងការប្រមូលចំណូលចូលថវិការដ្ឋ។

ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តតាមសារាចរណែនាំខាងលើឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងធានាថា ការប្រមូលថ្លៃភាស៊ីចំណតយានយន្តប្រព្រឹត្តទៅស្របតាមបទប្បញ្ញត្តិជាធរមាន។

វិធានការនេះមានគោលបំណងទប់ស្កាត់ការយកថ្លៃភាស៊ីដោយមិនត្រឹមត្រូវពីយានយន្តដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងលំហូរពាណិជ្ជកម្មនៅកម្ពុជា៕