សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ជាង១ម៉ឺ៥ពាន់គ្រួសារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នាថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ទីកន្លែង ស្ថិតក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងថា " ស្ថានការណ៍គ្រោះទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានរងគ្រោះប៉ះពាល់១៤ក្រុង ស្រុក ស្មើនឹង៤៨ឃុំ សង្កាត់ បណ្តាលឱ្យខូចខាត ។ ជំនន់ទឹកភ្លៀងបណ្តាលឱ្យផលប៉ះពាល់ដំណាំស្រូវសរុប ១២៣.០៧២ហិកតា , គ្រួសារដែលប៉ះពាល់ សរុប ៥៨.១០៣គ្រួសារ ខូចខាត ៣៥.៧០៤គ្រួសារ។ ជំនន់ទឹកភ្លៀងបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុក ស្មើនឹង ៨៨ឃុំ សង្កាត់ រងផលប៉ះពាល់សរុបចំនួន ៤៥.០២៧ខ្នងផ្ទះ ស្មើនឹង ៥២.៩៨៤គ្រួសារ ។ប៉ះពាល់សាលាឃុំ ៤កន្លែង, ប៉ុស្តិ៍នគរបាលរដ្ឋបាល ១កន្លែង, មណ្ឌលសុខភាព ៥កន្លែង, សាលារៀន ៦៨សាលា និងប៉ះពាល់វត្ត ២៩វត្ត។ ផ្លូវដែលរងការលិចដោយជំនន់ទឹកភ្លៀងមានចំនួន ៣០ខ្សែ ប្រវែងសរុប ២១៥,៣៨គ.ម ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានបន្តថា “នៅពេលដែលមានគ្រោះទឹកជំនន់ភ្លាមៗ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភស្បៀងសង្គ្រោះបន្ទាន់តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះភ្លាមៗ”។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា “ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបាត់ដំបងនាវេលានេះ គឺចំនួន ១៥.១៥៥គ្រួសារ សម្រាប់ពូជស្រូវ និងចំនួន ៣៤.៧៨១គ្រួសារ សម្រាប់កញ្ចប់ស្បៀងនិងពូជបន្លែ”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី