ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការការពារប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ត្រូវផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ភស្តុតាងច្បាស់លាស់ និងប្រភពដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីពង្រឹងអត្តសញ្ញាណ និងកិត្យានុភាពជាតិ

image

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ បានលើកឡើងថា ការការពារ ថែរក្សា និងលើកតម្កើងវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ត្រូវផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ភស្តុតាងច្បាស់លាស់ និងប្រភពដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីពង្រឹងអត្តសញ្ញាណជាតិ មនសិការស្នេហាជាតិ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនេះ គឺជាឯកសារតម្រង់ទិសដ៏សំខាន់សម្រាប់ការអនុវត្តតួនាទី ភារកិច្ច និងការកំណត់អាទិភាពការងាររបស់គណៈកម្មាធិការជាតិ ដោយមានគោលបំណងធានាឱ្យការងារលើកកម្ពស់វប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ មានទិសដៅច្បាស់លាស់ ប្រព័ន្ធការងាររឹងមាំ និងអាចសម្រេចបានលទ្ធផលជាក់ស្តែង ស្របតាមការរំពឹងទុក និងការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការជាតិនេះ គឺជាយន្តការថ្នាក់ជាតិសម្រាប់ពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃ ផ្តល់យោបល់បច្ចេកទេស និងសម្រេចលើឯកសារសំខាន់ៗពាក់ព័ន្ធនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដើម្បីធានាថាព័ត៌មាន និងទិន្នន័យជាតិមានភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងស្របតាមគោលការណ៍វិទ្យាសាស្ត្រ។

គណៈកម្មាធិការជាតិនេះ មានភារកិច្ចសំខាន់ៗ រួមមាន ការពិនិត្យ និងសម្រេចលើសៀវភៅ និងឯកសារផ្លូវការសំខាន់ៗរបស់ជាតិមុនបោះពុម្ពផ្សាយ ការវាយតម្លៃ និងផ្តល់យោបល់លើឯកសារតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល ការសម្របសម្រួលផ្សព្វផ្សាយ និងបកប្រែឯកសារជាតិ ការផ្តួចផ្តើមការស្រាវជ្រាវ និងរៀបចំនិទានកថាជាតិ ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុតបានបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការជាតិ មិនមែនជាការជំនួសតួនាទី ឬភារកិច្ចរបស់ក្រសួង ស្ថាប័នដែលមានស្រាប់នោះទេ ប៉ុន្តែជាការបំពេញបន្ថែម និងពង្រឹងការសម្របសម្រួលអន្តរស្ថាប័ន ជាពិសេសក្នុងការធានាគុណភាពបែបវិទ្យាសាស្ត្រ ភាពត្រឹមត្រូវ និងភាពជឿទុកចិត្តបាននៃឯកសារសំខាន់ៗរបស់ជាតិ។ ដូច្នេះ ការបែងចែកតួនាទីឱ្យបានច្បាស់លាស់ ការគោរពសមត្ថកិច្ចរបស់ស្ថាប័ននីមួយៗ និងការធ្វើការរួមគ្នាប្រកបដោយការទទួលខុសត្រូវ គឺជាកត្តាចាំបាច់ក្នុងការធានាប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងពីបញ្ហាប្រឈមក្នុងយុគសម័យបរិវត្តកម្មឌីជីថល ដោយសង្កេតឃើញថា កម្ពុជាកំពុងប្រឈមនឹងការសាយភាយព័ត៌មានមិនពិត និងការបកស្រាយប្រវត្តិសាស្ត្រដោយលម្អៀង ខ្វះប្រភពច្បាស់លាស់ និងមូលដ្ឋានវិទ្យាសាស្ត្រ ជាពិសេសនៅលើបណ្តាញសង្គមទាំងក្នុង និងក្រៅប្រទេស។ ស្ថានភាពនេះអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងស្រទាប់សាធារណជន ជាពិសេសយុវជន ហើយប៉ះពាល់ដល់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការការពារកិត្យានុភាពជាតិ និងការប្រកួតប្រជែងនិទានកថាវប្បធម៌ និងប្រវត្តិសាស្ត្រ មិនអាចពឹងផ្អែកតែលើមនោសញ្ចេតនាស្នេហាជាតិ ឬការតវ៉ាតាមអារម្មណ៍នោះទេ ប៉ុន្តែត្រូវផ្លាស់ប្តូរមកជាការការពារដោយផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្រការទូតវប្បធម៌ប្រកបដោយភាពឆ្លាតវៃ។ ការបកស្រាយដែលខ្វះមូលដ្ឋានភស្តុតាងអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់កិត្យានុភាពជាតិ ខណៈការប្រកាន់ជាតិនិយមជ្រុល ឬមោទនភាពជាតិហួសហេតុ ក៏អាចប៉ះពាល់ដល់សាមគ្គីភាព និងឯកភាពជាតិផងដែរ។

ចំពោះផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៦-២០៣០) លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានឱ្យដឹងថា ផែនការនេះ មានគោលបំណងលើកកម្ពស់អត្តសញ្ញាណជាតិ បណ្តុះស្មារតីស្នេហាជាតិ ពង្រឹងមនសិការជាតិ និងជំរុញសាមគ្គីភាពជាតិ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងអារ្យធម៌ខ្មែរ ព្រមទាំងការរៀបចំនិទានកថាជាតិដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងមានលក្ខណៈបរិយាបន្ន។ ផែនការនេះកំណត់គោលដៅចំនួន៤ និងការដ្ឋានយុទ្ធសាស្ត្រចំនួន៤។

ការអនុវត្តផែនការនេះត្រូវបែងចែកជា៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ឆ្នាំ២០២៦ ផ្តោតលើការរៀបចំគ្រឹះស្ថាប័ន និងប្រព័ន្ធការងារ ដូចជារចនាសម្ព័ន្ធ នីតិវិធីប្រតិបត្តិការ អភិក្រមវិទ្យាសាស្ត្រ បញ្ជីអ្នកជំនាញ ឯកសារអាទិភាព និងទិន្នន័យគោល។ ដំណាក់កាលទី២ ឆ្នាំ២០២៧-២០២៨ ផ្តោតលើការអនុវត្តយន្តការស្នូល ការពិនិត្យឯកសារតាមយន្តការ Peer Review ការស្រាវជ្រាវ ការបកប្រែឯកសារ ការផលិតវីដេអូ និងផតខាស ការផ្សព្វផ្សាយចំណេះដឹង និងការវាយតម្លៃសមិទ្ធផល។ ដំណាក់កាលទី៣ ឆ្នាំ២០២៩-២០៣០ ផ្តោតលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ កែលម្អយន្តការ ពង្រីកសកម្មភាព និងវាយតម្លៃសមិទ្ធផល ដើម្បីរៀបចំទិសដៅយុទ្ធសាស្ត្របន្ត។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការទូតវប្បធម៌មិនមែនមានត្រឹមតែការបង្ហាញស្នាដៃសិល្បៈ ឬមរតកបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការកសាងការយល់ដឹង ការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងរយៈពេលវែងរវាងប្រជាជាតិ។ ការលើកកម្ពស់ចំណេះដឹងអំពីប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរដោយផ្អែកលើភស្តុតាង នឹងជួយពង្រឹងភាពជឿជាក់លើការបង្ហាញអត្តសញ្ញាណជាតិ និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

ដើម្បីធានាឱ្យការអនុវត្តផែនការយុទ្ធសាស្ត្រនេះទទួលបានជោគជ័យ លោក វង្សី វិស្សុត បានណែនាំឱ្យយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួន៥ រួមមាន៖ ការប្រកាន់ខ្ជាប់គោលការណ៍វិទ្យាសាស្ត្រ និងសុចរិតភាពវិជ្ជាជីវៈ ដោយការស្រាវជ្រាវ និងការបកស្រាយប្រវត្តិសាស្ត្រត្រូវផ្អែកលើប្រភពច្បាស់លាស់ និងភស្តុតាងអាចផ្ទៀងផ្ទាត់បាន។ ការពង្រឹងការសម្របសម្រួលអន្តរស្ថាប័ន និងការចូលរួមពីអ្នកជំនាញ។ ការកសាង និងគ្រប់គ្រងចំណេះដឹងជាតិ តាមរយៈការប្រមូលឯកសារ សិក្សាប្រភពចម្រុះ និងបកប្រែឯកសារសំខាន់ៗ។ ការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងដែលអាចជឿទុកចិត្តបាន ជាពិសេសដល់យុវជនជំនាន់ក្រោយ។ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត តាមរយៈការបែងចែកតួនាទី ភារកិច្ច និងការតាមដានវាយតម្លៃជាប្រចាំ។

ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអំពាវនាវឱ្យក្រសួង ស្ថាប័ន អ្នកជំនាញ អ្នកស្រាវជ្រាវ និងគ្រប់ភាគីពាក់ព័ន្ធ បន្តសហការគ្នាក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដោយផ្អែកលើភស្តុតាង និងគោលការណ៍វិទ្យាសាស្ត្រ។ លោកក៏បានលើកទឹកចិត្តដល់យុវជន និងសាធារណជនឱ្យបន្តសិក្សា ថែរក្សា និងលើកតម្កើងមរតកវប្បធម៌ជាតិ ដើម្បីពង្រឹងអត្តសញ្ញាណ និងមោទនភាពជាតិ ព្រមទាំងបន្សល់ទុកមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ៕