សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍អបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបណ្ណសារដ្ឋានជាតិកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងដូច្នេះ ក្នុងឱកាសសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ពិព័រណ៍នេះនឹងរៀបចំរយៈពេលមួយខែ គឺចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៦ នៅបរិវេណបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ហើយនឹងបើកជូនសាធារណជនចូលទស្សនាដោយសេរី។
ពិព័រណ៍នេះរៀបចំឡើងដើម្បីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបណ្ណសារដ្ឋានជាតិកម្ពុជា ចាប់ពីឆ្នាំ១៩២៦ ដល់ឆ្នាំ២០២៦ ដោយមានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ទី១-លើកកម្ពស់ការចងចាំ និងអត្តសញ្ញាណជាតិ តាមរយៈការឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ ទី២-លើកកម្ពស់ការអប់រំ និងការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃតួនាទីរបស់បណ្ណសារដ្ឋានជាតិ ជាពិសេសក្នុងការថែរក្សាអត្តសញ្ញាណជាតិ។ និងទី៣-លើកកម្ពស់ការទូតវប្បធម៌ និងការចូលរួមជាអន្តរជាតិ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងវប្បធម៌។
លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះមានសារៈសំខាន់ជាពិសេស ខណៈកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងមានប្រទេសប្រមាណ ៩០ ចូលរួម ព្រមទាំងក្នុងឱកាសដែលប្រធានាធិបតីបារាំង លោក Emmanuel Macron និងលោកនាយករដ្ឋមន្ត្រីកាណាដា គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានាពេលខាងមុខផងដែរ។
ជាមួយគ្នានេះ លោក វង្សី វិស្សុត បានអំពាវនាវដល់សាស្ត្រាចារ្យ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមទស្សនាពិព័រណ៍មួយសតវត្សនៃការចងចាំនេះឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ ការវិវត្តន៍របស់កម្ពុជា និងសារៈសំខាន់នៃការថែរក្សាឯកសារប្រវត្តិសាស្ត្រជាតិ៕