វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ខេត្តតាកែវ ទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ក្រោយឈ្នះជ័យលាភីលេខ១ ពីការប្រកួតជ្រើសរើសសាលារៀនទឹកភ្លៀង
តាកែវ៖ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ស្ថិតនៅភូមិល្វា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្ថិភាពខ្ពស់ ជូនដល់សិស្សានុសិស្ស ២០១២នាក់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាចំនួន ២២០នាក់ បន្ទាប់ពីវិទ្យាល័យនេះ បានដណ្តើមជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងសាលារៀនទឹកភ្លៀង វគ្គទី២ ដែលបានរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីគម្រោង «កសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នៅក្នុងតំបន់ទន្លេមេគង្គ» ដែលផ្តល់មូលនិធិដោយ មូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) និងរៀបចំដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវទឹកភ្លៀង (RTRC) នៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយអ្នកជំនាញផ្នែកទឹក ពីសាកលវិទ្យាល័យជាតិសេអ៊ូល (SNU)។ ពិធីប្រគលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ ធ្វើឡើងក្រោមវត្តមាន លោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃរាជបណ្ឌិតសភាកម្ពុជា, លោកសាស្ត្រាចារ្យ មូយ៉ុង ហាន (Prof. Mooyoung Han) ភាគីកូរ៉េ មកពីសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University), លោកបណ្ឌិត ម៉ម សារិត ប្រធានគម្រោងសាលារៀនទឹកភ្លៀង និងជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងស្រាវជ្រាវទឹកភ្លៀង នៃរាជបណ្ឌិត្យសភាកម្ពុជា រួមនឹងភាគ្គីពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។
លោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទឹក គឺជាជីវិត ប៉ុន្តែទឹកស្អាត និងមានសុវត្ថិភាព ទើបជាជីវិតដែលមានសុខភាពល្អ។ ទឹកភ្លៀងគឺជាអំណោយពីធម្មជាតិ ដែលធ្លាក់មកដល់ដំបូលសាលារៀងរាល់ឆ្នាំ។ បើយើងចេះប្រមូល ចេះត្រង និងចេះរក្សាទុកឱ្យបានត្រឹមត្រូវ ទឹកភ្លៀងនឹងក្លាយជាប្រភពទឹកផឹកដែលស្អាត និងមានសុវត្ថិភាព កាត់បន្ថយហានិភ័យជំងឺរាគរូស និងជំងឺដែលបង្កដោយទឹកកខ្វក់។ ការប្រមូលទឹកភ្លៀងទុកគឺជាការសន្សំសំចៃ ដែលសិស្ស និងគ្រួសារមិនចាំបាច់ចំណាយទិញទឹកផឹករាល់ថ្ងៃ អាចជួយសន្សំថវិកាសម្រាប់គ្រួសារ និងសហគមន៍បានមួយចំណែក។ ក្រៅពីនេះ ជួយសុខភាព និងការសិក្សា គឺនៅពេលសិស្សបានផឹកទឹកគ្រប់គ្រាន់ នឹងមានកម្លាំង ផ្ចង់អារម្មណ៍ រៀនបានល្អ មិនសូវឈឺ និងអវត្តមានការសិក្សា។
ម្យ៉ាងវិញទៀត ជាការជួយបរិស្ថាន និងប្រឈមនឹងការប្រែប្រួលអាកាសធាតុ អាចកាត់បន្ថយសំណល់ដបប្លាស្ទិក និងរក្សាទុកទឹកសម្រាប់រដូវប្រាំង។ ប្រព័ន្ធនេះ មិនមែនគ្រាន់តែជាធុងទឹក និងបំពង់ទឹកប៉ុណ្ណោះទេ ប៉ុន្តែវាជាថ្នាក់រៀនមួយដែលបង្រៀន សិស្សានុសិស្សអំពីវិទ្យាសាស្ត្រ អនាម័យ និងការគោរពធនធានធម្មជាតិ។ សិស្សានុសិស្សអាចផ្សព្វផ្សាយពីវិធីសាស្រ្តប្រមូលនិងចម្រោះទឹកភ្លៀង ដល់សហគមន៍របស់ខ្លួនដើម្បីទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ និងកាត់បន្ថយចំណាយ។
លោក ប៊ុត សុម៉េត បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ប្រព័ន្ធទឹកភ្លៀងនេះ គឺជាទ្រព្យសម្បត្តិរបស់សាលា និងរបស់សិស្សានិសិស្សទាំងអស់គ្នា។ របស់ល្អ ប្រើបានយូរ លុះត្រាតែយើងថែរក្សា។ ដូច្នេះ ត្រូវរក្សាអនាម័យ លាងដៃមុនប្រើ មិនប៉ះមាត់ផ្តិល ឬមាត់ក្បាលរ៉ូប៊ីណេ និងប្រើកែវស្អាត។ ត្រូវសម្អាតជាប្រចាំ ដូចជាដំបូល និងស្លាបព្រិលទឹក ត្រូវសម្អាតស្លឹកឈើ និងសំរាម ជាពិសេសមុនរដូវភ្លៀង ហើយបង្ហូរទឹកភ្លៀងដំបូងចោលតាមការណែនាំបច្ចេកទេស ដោយត្រូវបិទគម្របធុងឱ្យជិតជានិច្ច ដើម្បីការពារធូលី សត្វល្អិត និងមូសពងកូន។ ប្រើប្រាស់ដោយសន្សំសំចៃ ដោយត្រូវបិទរ៉ូប៊ីណេឱ្យជិតបន្ទាប់ពីប្រើ មិនលេងខ្ជះខ្ជាយទឹក។
លោក ប៊ុត សុម៉េត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាលា ឱ្យបង្កើតក្រុមថែទាំប្រព័ន្ធទឹក ដែលមានការចូលរួមពី លោកគ្រូ អ្នកគ្រូ និងសិស្ស ហើយកំណត់កាលវិភាគត្រួតពិនិត្យ និងសម្អាតឱ្យបានទៀងទាត់ ដើម្បីឱ្យប្រព័ន្ធនេះដំណើរការបានយូរអង្វែង ហើយក្លាយជាគំរូល្អសម្រាប់សាលារៀនដទៃទៀតក្នុងខេត្តតាកែវ និងទូទាំងប្រទេស។ រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តគាំទ្រ និងសហការជាមួយដៃគូទាំងអស់ ក្នុងការស្រាវជ្រាវ និងផ្សព្វផ្សាយចំណេះដឹងស្តីពី ការប្រើប្រាស់ទឹកភ្លៀង ដើម្បីសុខុមាលភាពប្រជាជនកម្ពុជា និងពង្រីកការសាងសង់ឱ្យបានច្រើននៅទូទាំងប្រទេស ជាពិសេសសាលាស្ថិតក្នុងតំបន់ខ្សត់ទឹកប្រើប្រាស់។
ជាមួយគ្នានេះ លោក ម៉ម សារិត ប្រធានគម្រោងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ បានលើកឡើងថា សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ទីរអប់រំ ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសហគមន៍ផ្ទាល់ ដែលសម្តែងឱ្យឃើញពីស្មារតីម្ចាស់ការ និងការគិតគូរខ្ពស់ចំពោះសុខុមាលភាពរបស់កូនៗសិស្សានុសិស្ស។ លោកបានចាច់ទុកសមិទ្ធផល «សាលាទឹកភ្លៀង (Rain School)» នេះ ក្លាយជាប្រភពសុខភាព សុខុមាលភាព និងជាកន្លែងបណ្តុះបណ្តាលស្មារតីស្រឡាញ់បរិស្ថានដល់យុវជនជំនាន់ក្រោយតរៀងទៅ។
សូមបញ្ជាក់ថា ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ (RFD) នេះ មិនត្រឹមតែជាឧបករណ៍ស្តុកទឹកធម្មតានោះទេ ប៉ុន្តែវាបាននាំមកនូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រជាច្រើន រួមមាន៖
ចំពោះសុខុមាលភាព និងសុខភាពសិក្សា៖ ធានាបាននូវប្រភពទឹកបរិភោគដែលមានសុវត្ថិភាពខ្ពស់ កាត់បន្ថយជំងឺរាករូស និងជំងឺនានាដែលឆ្លងតាមទឹក។ សិស្សានុសិស្ស និងគណៈគ្រប់គ្រងសាលា អាចទទួលបានទឹកស្អាតបរិភោគដោយឥតគិតថ្លៃ និងមានអនាម័យត្រឹមត្រូវតាមស្តង់ដា ដែលជួយលើកកម្ពស់គុណភាពនៃការសិក្សា និងសុខភាពទូទៅ។
ចំពោះអត្ថប្រយោជន៍បរិស្ថាន៖ ជួយបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគ្រប់គ្រង និងទាញយកប្រយោជន៍ពីធនធានទឹកភ្លៀងប្រកបដោយចីរភាព។ វាជួយកាត់បន្ថយការបូមទឹកក្រោមដីហួសកម្រិត និងកាត់បន្ថយការប្រើប្រាស់ដបផ្លាស្ទិកនៅក្នុងបរិវេណសាលារៀន ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រដល់បរិស្ថានបៃតង។
ចំពោះសង្គម និងសេដ្ឋកិច្ច៖ ជួយកាត់បន្ថយការចំណាយទៅលើការទិញទឹកបរិភោគប្រចាំថ្ងៃរបស់សាលារៀន លោកគ្រូ-អ្នកគ្រូ និងក្រុមគ្រួសារសិស្សានុសិស្ស។ ជាមួយគ្នានេះ ប្រព័ន្ធប្រមូលទឹកភ្លៀងនេះជួយកាត់បន្ថយការពឹងផ្អែកទាំងស្រុងបន្ទុកនៃការប្រើប្រាស់ប្រភពទឹកពីបណ្ដាញផ្គត់ផ្គង់របស់រដ្ឋ ជាពិសេសនៅតំបន់ដែលនៅឆ្ងាយពីទីប្រជុំជនជាដើម។ លើសពីនេះ ប្រព័ន្ធ RFD នេះ ក៏នឹងក្លាយជាគំរូ និងជាប្រភពទឹកស្អាតគំរូ ដែលផ្តល់ផលប្រយោជន៍ និងការរៀនសូត្រដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជុំវិញភូមិល្វា ក៏ដូចជាឃុំចំបក់ទាំងមូល ក្នុងការឈ្វេងយល់ពីការប្រើប្រាស់ទឹកភ្លៀងដោយសុវត្ថិភាព៕