រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យសេអ៊ូល ពិនិត្យលទ្ធភាពកសាងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដោយចាប់ផ្តើមពីសាលារៀន ឆ្ពោះទៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព
ភ្នំពេញ៖ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានដឹកនាំសហការី ជួបប្រជុំត្រីភាគីជាមួយលោក កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យ មូយ៉ុងហាន ពីសាកលវិទ្យាល័យជាតិសេអ៊ូល នៅឯទីស្ដីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ជំនួបនេះ ដើម្បីស្វែងរកលទ្ធភាពកិច្ចសហប្រតិបត្តិការលើកកម្ពស់សុខភាពសាធារណៈ និងសន្តិសុខទឹកនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងរៀបចំប្រព័ន្ធប្រមូលទឹកភ្លៀងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។
ក្នុងឱកាសនោះ លោក យង់ ពៅ បានលើកឡើងនូវគោលដៅសំខាន់ៗ ដូចជា ការកំណត់គោលដៅសម្រាប់គម្រោងសាកល្បង, ការកំណត់លក្ខណៈវិនិច្ឆ័យ និងសមាសភាពទំនាក់ទំនងរវាងភាគីពាក់ព័ន្ធ, ការពិភាក្សាពីស្តង់ដាគុណភាពទឹក, ទម្រង់ និងលិខិតបទដ្ឋានគាំទ្រការអនុគម្រោង, និងជំហាននៃការអនុវត្តដើម្បីឈានដល់ការសម្រេចបាននូវគម្រោងសាងសង់ប្រព័ន្ធប្រមូលទឹកភ្លៀងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានានៅកម្ពុជា។
ជាមួយគ្នានេះដែរ សាស្តា្រចារ្យ មូយ៉ុង ហាន បានធ្វើបទឧទ្ទេសនាមអំពី «ដំណើរកសាងប្រព័ន្ធប្រមូលទឹកភ្លៀង ពីសាលារៀន ឆ្ពោះទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព» ហើយបានលើកឡើងពីលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតផ្អែកលើប្រភពទឹកភ្លៀង ដើម្បីធានានូវសន្តិសុខទឹក និងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងសហគមន៍។
លោក កុយ វ៉ាន់នី សម្ដែងការស្វាគមន៍ និងគិតគូរពីសំណើដែលបានលើកឡើងរបស់ លោក យង់ ពៅ និងសាស្ត្រាចារ្យ មូយ៉ុង ហាន ចំពោះការលើកឡើង ព្រោះការផ្ដល់ទឹកស្អាតជាអទិភាពមួយដែលមានសារៈសំខាន់សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋ ហើយក្រសួងនឹងបន្តធ្វើកិច្ចការនេះជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញផ្នែកទឹកពីសាកលវិទ្យាល័យជាតិសេអ៊ូល។ ជាមួយគ្នានេះ ការលើកឡើងពីការអនុវត្តគម្រោងសាលារៀនទឹកភ្លៀងរបស់រាជបណ្ឌិត្យសភាកម្ពុជាកន្លងមក ជាការអនុវត្តផ្ដល់សារៈសំខាន់ដល់ការផ្ដួចផ្ដើមការសង់ប្រព័ន្ធប្រមូលទឹកភ្លៀងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។
សូមបញ្ជាក់ថា កន្លងមកនេះរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការជាមួយអ្នកជំនាញផ្នែកទឹក ដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានកំពុងអនុវត្តគម្រោងសាលារៀនទឹកភ្លៀង ចំនួន ១១កន្លែង ដោយមានការគាំទ្រថវិកា ពីមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF)។ គំនិតផ្ដួចផ្ដើមនេះមិនត្រឹមតែពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធផ្ដល់ទឹកស្អាតប៉ុណ្ណោះទេ វាបានកំពុងពង្រឹងកិច្ចសហការអន្តរជាតិ ហើយរាជបណ្ឌិត្យសភាកម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃសមាគមទឹកអន្តរជាតិ (IWA) លើកទី៤ និងបានក្លាយជាសមាជិក AASSA ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព (SDG 6.1)៕