ព័ត៌មានជាតិ

សាលារៀនកំពុងរងផលប៉ះពាល់ដោយសារ សង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ដល់ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធទាំងអស់ថា ចំពោះសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្សមួយផ្នែកតូច ដែលកំពុងរងផលប៉ះពាល់ដោយសារ សង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បន្ថែមលើអន្តរាគមន៍នាពេលកន្លងមក សូមក្រសួងអប់រំ យុវជន និង កីឡា និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យ បានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយសុវត្ថិភាព អនាម័យ និងគុណភាព។

នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតីក៏បានលើកឡើងថា “តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្នុងការអនុវត្តកំណែ ទម្រង់វិស័យអប់រំនាពេលកន្លងមក រហូតទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់ គិតទាំងលទ្ធផលនៃការអប់រំ ប្រចាំឆ្នាំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលទ្ធផលនៃការវាយតម្លៃការសិក្សារបស់ សិស្សកម្រិតតំបន់ (SEA-PLM 2024) និងកម្រិតអន្តរជាតិ (PISA 2025) គួរជាទីសាទរ។ លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងអំពីការវិវត្តរបស់ប្រព័ន្ធអប់រំកម្ពុជា ដែលផ្តោតជាចម្បងលើការពង្រីកលទ្ធភាពទទួលបាន ការអប់រំឆ្ពោះទៅរកការលើកកម្ពស់គុណភាព និងលទ្ធផលសិក្សារបស់សិស្ស តាមរយៈការអនុវត្តកំណែទម្រង់ ជាបន្តបន្ទាប់ រាប់បញ្ចូលទាំងកំណែទម្រង់សាលារៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូបង្រៀន ការលើកកម្ពស់គុណវុឌ្ឍនិងការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន ការវិនិយោគប្រកបដោយ ចីរភាពលើអំណាននិងគណិតវិទ្យាថ្នាក់ដំបូង ការលើកកម្ពស់សមធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ ព្រមទាំងការពង្រឹងការងារអធិការកិច្ច និងប្រព័ន្ធវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស។ ដូចនេះ ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តអនុវត្ត និងបង្រួបបង្រួមកំណែទម្រង់ទាំង អស់នេះ ខិតខំពង្រីកការអនុវត្តដែលជោគជ័យ និងធានាថា ការកែលម្អការរៀនសូត្រ កើតមាននៅគ្រប់សាលារៀន និងបានដល់សិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា”៕