ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ បន្តសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ គាំទ្រដល់កុមារ និងសិស្សដែលបានវិលត្រឡប់ពីប្រទេសថៃ និងសិស្សដែលកំពុងទទួលសេវាអប់រំនៅតាមជំរំសុវត្ថិភាព ដើម្បីជំរុញ និងសម្របសម្រួលឱ្យពួកគេបានចូលរៀន ឬបន្តការសិក្សា

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដល់កុមារ និងសិស្សានុសិស្សដែលបានវិលត្រឡប់ពីប្រទេសថៃ និងសិស្សានុសិស្សដែលកំពុងទទួលសេវា អប់រំនៅតាមជំរំសុវត្ថិភាព ដើម្បីជំរុញនិងសម្របសម្រួលឱ្យពួកគេបានចូលរៀន ឬបន្តការសិក្សា ឱ្យបានសមស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។

នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជំរុញការ អនុវត្ត «គន្លងអប់រំថ្មីនៅកម្ពុជា» ដែលរួមមាន : ១) ការផ្តល់ការប្រឹក្សានិងតម្រង់ទិសសិស្សចាប់ពី ថ្នាក់ទី៧ និង២) ការអនុវត្តគន្លងវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ និងការបែងចែកគន្លងវិទ្យាសាស្ត្រ និងគន្លងសង្គម នៅថ្នាក់ទី១១ ក្នុងគោលដៅផ្តល់នូវការសិក្សាដែលសមស្របនឹងសមត្ថភាព របស់សិស្ស និងការត្រៀមខ្លួនសម្រាប់អនាគត។

ក្រសួងត្រូវបន្តធ្វើទំនើបកម្មសៀវភៅសិក្សាចាប់ពីបឋមសិក្សាដល់មធ្យមសិក្សា ដើម្បីពង្រឹង ការយល់ដឹងអំពីបញ្ញតិ ការអនុវត្តចំណេះដឹង ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ហេតុផល វិទ្យាសាស្ត្រ និងសមត្ថភាពសកល រួមជាមួយនឹងការពង្រឹងគ្រឹះរឹងមាំឆ្ពោះទៅក្របខ័ណ្ឌសមត្ថភាព សកល៕