ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវពង្រឹងតួនាទីនិងការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ក្នុងការដឹកនាំនិងគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវពង្រឹងតួនាទីនិងការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ក្នុងការដឹកនាំនិងគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព។ នាយកសាលា និងគ្រូបង្រៀន ត្រូវប្រកាន់ខ្ជាប់វិន័យការងារ ដោយមកដល់សាលាមុនសិស្ស និង ចេញពីសាលាក្រោយសិស្ស ព្រមទាំងតាមដាននិងដោះស្រាយបាតុភាពនានា ទាំងនៅក្នុងនិង ជុំវិញសាលារៀន ដោយសហការជាមួយមាតាបិតា អាណាព្យាបាល សហគមន៍ និងអាជ្ញាធរ ដែនដី ដើម្បីលើកកម្ពស់វិន័យ សីលធម៌ និងសុវត្ថិភាពក្នុងការសិក្សា។ ទន្ទឹមនឹងនេះ យើង ទាំងអស់គ្នាត្រូវចូលរួមលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈគ្រូបង្រៀន និងធ្វើជាគំរូ ល្អសម្រាប់សិស្សានុសិស្ស និងសង្គមជាតិ។

នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត គ៏បានណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់អនាម័យ សុខភាព សុវត្ថិភាព និងបរិស្ថានសិក្សាប្រកបដោយភាពស្អាត បៃតង និងមានអនាម័យល្អ តាមរយៈការពង្រឹង ការអប់រំសុខភាព ការរៀបចំបន្ទប់សុខភាពតាមស្តង់ដា ការធានាបាននូវសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ ព្រមទាំងការគ្រប់គ្រងសំរាម និងបរិស្ថានសាលារៀនឱ្យបានល្អប្រសើរ។ ទន្ទឹមនេះ ត្រូវរៀបចំសាលារៀនឱ្យមានភាពធន់នឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ព្រមទាំងយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព សុខភាព ល្អ និងអំណោយផលដល់ការរៀនសូត្រ៕