សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមយកចិត្តទុកដាក់ជំរុញ និងគាំទ្រកូនចៅឱ្យចុះឈ្មោះចូលរៀនជាប្រចាំ និងតាមដានការសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ និង ឥរិយាបថរបស់កូនចៅ
សម្តចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមយកចិត្តទុកដាក់ជំរុញ និងគាំទ្រកូនចៅឱ្យចុះ ឈ្មោះចូលរៀនជាប្រចាំ ព្រមទាំងចូលរួមតាមដានការសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ និង ឥរិយាបថរបស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងសហគមន៍។
នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតីក៏សូមឱ្យបង្កើតបរិយាកាសសិក្សាល្អនៅក្នុងគ្រួសារ ជួយកូនចៅរៀនសូត្របន្ថែមនៅផ្ទះ និងលើកទឹកចិត្តឱ្យមានទម្លាប់អាន សៀវភៅជាប្រចាំ ដោយចំណាយពេលអាន និងពិភាក្សាជាមួយកូនចៅ ដើម្បីពង្រឹងចំណេះដឹង ជំនាញគិត និងទម្លាប់សិក្សាដោយខ្លួនឯង។
សម្តេចធិបតីបញ្ជាក់ថា “ក្នុងបរិបទឌីជីថល សូមចូលរួមណែនាំ និងតាមដាន ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមរបស់កូនចៅឱ្យបានសមស្រប មានសុវត្ថិភាព និង ផ្តល់ប្រយោជន៍ដល់ការសិក្សា និងការអភិវឌ្ឍ”។
ក្មួយៗសិស្សានុសិស្ស យុវជន និងយុវនារីទាំងអស់ សម្តេចធិបតីក៏លើកទឹកចិត្តសូមបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និង អភិវឌ្ឍខ្លួនជាប្រចាំ ដោយផ្តោតលើការអភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និង ចរិយាសម្បទា ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព និងទំនួលខុសត្រូវ។ សូម ក្មួយៗស្រឡាញ់ និងថែរក្សាខ្លួន ស្រឡាញ់គ្រួសារ មានវិន័យ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ និងអំពើអវិជ្ជមានគ្រប់រូបភាព ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ៕