សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរក្សាអគារដែលមានអាយុខ្ទង់រយឆ្នាំ កុំឱ្យបាត់បង់សភាពដើម តែអាចកែលម្អ ខាងក្នុងបាន
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យរក្សាអគារដែលមានអាយុខ្ទង់រយឆ្នាំ កុំឱ្យបាត់បង់សភាពដើម តែអាចកែលម្អតែខាងក្នុងបានហើយ។ ក្នុងន័យនេះ សម្តេចធិបតី បានលើកឡើងពីអគារបណ្ណសារជាតិ ដែលមានអាយុកាល ១០០ ឆ្នាំ ប្រសិនបើពេលខាងមុខ បណ្ណសារជាតិដាក់សៀវភៅ ឬឯកសារកាន់តែច្រើន ធ្វើឱ្យចង្អៀតនោះ មិនត្រូវវាយអគារចាស់ចេញនោះទេ តែអាចកែក្នុង ចៀសវាងប៉ះពាល់ផ្នែកខាងក្រៅខ្លាំង។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ នៃកម្ពុជា (១៩២៦-២០២៦) នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
សម្តេចធិបតី ក៏បានណែនាំឱ្យបន្តសហការជាមួយក្រសួងស្ថានប័នពាក់ព័ន្ធ ដើម្បីជំរុញការកែលម្អ និង កសាង ហេដ្ឋារចនាសម្ព័ន្ធបណ្ណសារដ្ឋានឱ្យប្រសើរឡើង តាមរយៈការកែលម្អបរិស្ថាន និង សណ្តាប់ធ្នាប់,ទាំងក្នុង និងជុំវិញ,ឱ្យស័ក្តិសមជាទីតាំង នៃមោទនភាពជាតិ អត្តសញ្ញាណ និងមជ្ឈមណ្ឌល នៃការចងចាំរបស់ជាតិ ។ ត្រូវកែលម្អអគារដែលមានស្រាប់ ឱ្យបានសមស្រប ដោយត្រូវមានបន្ទប់ ធ្វើការ និងបន្ទប់រក្សាទុកឯកសារត្រឹមត្រូវតាមនិយាមបច្ចេកទេស ព្រមទាំងរៀបចំផែនការកសាងពង្រីកអគារបន្ថែម ដែលមានលក្ខណៈជាស្ថាបត្យកម្មជាតិ សមស្របនឹងបរិស្ថានជុំវិញ ដើម្បីបំពេញមុខងារជាបណ្ណសារដ្ឋានជាតិឱ្យបានសមរម្យ៕