សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ជាង១ម៉ឺន ១ពាន់គ្រួសារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានថ្លែងថា "សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមមុខ នឹងការលំបាកដោយគ្មានការយកចិត្តទុកដាក់ និងការជួយគាំទ្រនោះឡើយ។
ជាក់ស្តែង ក្នុងពិធីដ៏មានអត្ថន័យនាថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋទទួលផលសរុបចំនួន ១១ ០០០ គ្រួសារ ក្នុងនោះ៖ ប្រជាពលរដ្ឋទទួលស្រូវពូជចំនួន១ ៥៧៩គ្រួសារ ដើម្បីជួយសម្រួលដល់ការស្តារផលិតកម្មស្រូវឡើងវិញ។ ប្រជាពលរដ្ឋទទួលស្បៀង ចំនួន ៩ ៤២១ គ្រួសារ ដើម្បីជួយបំពេញតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារដែលកំពុងជួបការលំបាកដោយ សារផលប៉ះពាល់ពីទឹកជំនន់ទឹកភ្លៀង"។
ក្នុងរយៈពេលកន្លងមកនេះ ខេត្តពោធិ៍សាត់បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន និងបានប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងសកម្មភាពផលិតកម្មកសិកម្មរបស់ប្រជាពលរដ្ឋ ជាពិ សេស ការធ្វើស្រែចម្ការ និងការរក្សាទុកស្បៀងសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ។
ក្នុងនោះបានបង្កឱ្យមានផលប៉ះពាល់ដល់៖ ក្រុង ស្រុកចំនួន៦, ឃុំ សង្កាត់ចំនួន ២៦ ស្មើនឹង ១៦១ភូមិ ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣ ៨៤២គ្រួសារ និងផ្ទះចំនួន ២ ៥០៤ខ្នងហូរកាត់ផ្លូវចំនួន ៥៣ ៧៧០ ម៉ែត្រ និងប៉ះពាល់លូចំនួន ១២កន្លែង ដំណាំស្រូវប្រជាពលរដ្ឋចំនួន ៥ ៦៦៤ហិកតា លើផ្ទៃដី សរុប ១៥៦ ៩៣១ ហិកតា(មួយរយហាសិបប្រាំមួយពាន់ ប្រាំបួនរយសាមសិបមួយ ហិកតា) លិចសាលារៀនចំនួន ៥កន្លែង ប៉ះពាល់ស្ពានចំនួន ៣កន្លែង ដំណាំឧស្សាហកម្មចំនួន ៣៦៣ហិកតា ជម្លៀសសត្វគោ/ក្របីចំនួន ៣០ក្បាល ប៉ះពាល់អណ្ដូងទឹកចំនួន ២៥អណ្ដូង និងទ្វារទឹកចំនួន ២កន្លែង៕