ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋសូមទៅចុះឈ្មោះបោះឆ្នោត ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត គឺមានសារសំខាន់ណាស់ក្នុងការជ្រើសរើសជោគវាសនាប្រទេសជាតិ។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ប្រមាណ ១ម៉ឺន ១ពាន់គ្រួសារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមជម្រាបថា ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់
ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រឹកម៉ោង ៧:០០ ដល់ ១១:៣០នាទី រសៀលម៉ោង ២:០០ ដល់ ៥:៣០នាទី។ ដើម្បីសុំចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ បាន ប្រជាពលរដ្ឋទាំងពីរភេទត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម៖

បង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនរស់នៅ ដោយត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) មានសញ្ជាតិខ្មែរ មានអាយុចាប់ពី ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត
មិនទាន់បានចុះឈ្មោះ ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី