ស្ថានទូតជប៉ុន ធ្វើពិធីអបអរសាទរខួបលើកទី៧២ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្លាំងស្វ័យការពារជប៉ុន និងកម្ពុជា
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើពិធីអបអរសាទរខួបលើកទី៧២ នៃកងកម្លាំងស្វ័យការពារជប៉ុន និងកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ជាច្រើនរូប ខណៈនៅឆ្នាំ២០២៣ ប្រទេសជប៉ុន និងកម្ពុជា បានប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ចាប់តាំងពីពេលនោះមក រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា បានរីកចម្រើនយ៉ាងរលូនលើគ្រប់វិស័យ ជាពិសេស វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ គឺពិតជាគួរឱ្យកត់សម្គាល់។
ក្នុងឱកាសនោះ លោក អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ការចូលរួមចំណែករបស់កងកម្លាំងស្វាការពារខ្លួនជប៉ុន នៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ គឺការចូលរួមក្នុងបេសកកម្ម UNTAC នៅកម្ពុជា កាលពីឆ្នាំ១៩៩២។ កម្ពុជាមានតួនាទីដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់កងកម្លាំងស្វាការពារខ្លួនជប៉ុន។ ម្យ៉ាងវិញទៀត ចំណុចនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពតានតឹងកាន់តែខ្លាំងឡើងនៃបរិយាកាសសន្តិសុខជុំវិញតំបន់របស់យើង ក៏ដូចជាភាពស្មុគស្មាញ និងភាពមិនស្ថិតស្ថេរនៃស្ថានភាពអន្តរជាតិដែលកំពុងកើនឡើង។
លោក អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ បានឱ្យដឹងថា នៅពេលពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងជប៉ុន និងកម្ពុជា ចាប់តាំងពីឆ្នាំមុនមក បានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយកាលពីខែមេសា ឆ្នាំមុន នៅពេលដែលនាវាបោសសម្អាតមីនចំនួន ២គ្រឿងរបស់កងកម្លាំងស្វាការពារខ្លួនជើងទឹកជប៉ុន បានក្លាយជានាវាបរទេសដំបូងគេបង្អស់ ដែលបានចូលចតនៅមូលដ្ឋានទ័ពជើងទឹកសាមគ្គី (Ream Naval Base) ដែលទើបនឹងត្រូវបានជួសជុលថ្មី។ លើសពីនេះ នៅខែមិថុនា ឆ្នាំមុន ឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលក្នុងឱកាសនោះ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីឱ្យកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ជួយគាំទ្រដល់ការបង្កើតសាលាទំនាក់ទំនងនៃកងទ័ពជើងគោកកម្ពុជា។
ក្នុងពេលជាមួយគ្នានេះដែរ ពិធីសម្ពោធសមាគមអតីតនិស្សិតនៃបណ្ឌិត្យសភាការពារជាតិជប៉ុន ប្រចាំនៅកម្ពុជា ក៏ត្រូវបានរៀបចំឡើង ដែលជួយជំរុញឱ្យសកម្មភាពផ្លាស់ប្តូរបុគ្គលិកតាមរយៈនិស្សិតដែលកំពុងសិក្សានៅប្រទេសជប៉ុន កាន់តែមានភាពសកម្មថែមទៀត។ ជាងនេះទៅទៀត នៅខែកក្កដា ឆ្នាំនេះ បានចុះហត្ថលេខា និងផ្លាស់ប្តូរលិខិតផ្លូវការសម្រាប់គម្រោងជំនួយសន្តិសុខផ្លូវការ ដែលជាជំនួយឥតសំណងមានទឹកប្រាក់ប្រហែល ៣,២លានដុល្លារ។ តាមរយៈជំនួយនេះ ប្រទេសជប៉ុននឹងផ្តល់ជូននូវឧបករណ៍ទំនាក់ទំនងដល់កងទ័ពជើងគោកកម្ពុជា និងទូកល្បាតដល់កងទ័ពជើងទឹកកម្ពុជា។
លោក អ៊ីស៊ីហ្ស៊ូគី ហ៊ីដេអូ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយរក្សានូវសន្ទុះដ៏រឹងមាំដែលបានកសាងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ កិច្ចសហប្រតិបត្តិការសន្តិសុខរបស់ជប៉ុន ជាមួយកម្ពុជា មិនមែនមានត្រឹមតែក្នុងក្របខ័ណ្ឌទ្វេភាគីប៉ុណ្ណោះទេ។
ក្នុងនាមជាដៃគូស្មើភាពគ្នា ប្រទេសទាំងពីរ បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសហគមន៍អន្តរជាតិទាំងមូល។ ឧទាហរណ៍ដ៏លេចធ្លោមួយនៃចំណុចនេះ គឺការចូលរួមប្រទេសទាំងពីរនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីការបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុន ទៅចូលរួមក្នុងបេសកកម្ម UNTAC ជាលើកដំបូងមក ប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាពអស់រយៈពេលជាង ៣០ឆ្នាំហើយ។ ប្រទេសកម្ពុជា ដែលធ្លាប់ជាអ្នកទទួលយកបេសកកម្មរក្សាសន្តិភាពពីមុនមកនោះ ឥឡូវនេះបានក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយ ដោយបានចូលរួមយ៉ាងសកម្មក្នុងការកសាងសន្តិភាពនៅជុំវិញពិភពលោក។ កងកម្លាំងស្វ័យការពារជប៉ុន មានមោទនភាពដែលបានគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការផ្តល់កម្មវិធីបណ្តុះបណ្តាលផ្សេងៗដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានចាត់ទុក ការបញ្ជូនកងស្វ័យការពារជាតិជប៉ុន មកចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងចូលរួមបំពេញបេសកកម្មស្វែងរកសន្តិភាពលើកដំបូងនៅកម្ពុជា អំឡុងឆ្នាំ១៩៩២ ដែលមានលោក យ៉ាស៊ូស៊ី អាកាស៊ី ជា តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបេសកកម្មអ៊ុនតាក់ ដោយក្នុងពេលនោះមានការពលីជនជាតិជប៉ុន២នាក់ បានពលីជីវិត ក្នុងអំឡុងបេសកកម្មនៅកម្ពុជា គឺលោក NAKATA Atsuhito (ណាកាតា អាស៊ូហ៊ីតុ) និងលោក TAKATA Haruyuki (តាកាតា ហាវីយីគី)។ ក្រៅពីនេះការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដល់កម្ពុជាដូចជាស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ ដែលជាជំនួយមនុស្សធម៌ ឥតសំណងដ៏ល្អប្រសើរសម្រាប់ប្រជាជនកម្ពុជា។
មិនតែប៉ុណ្ណោះ ជប៉ុនក៏បានជួយឧបត្ថម្ភគាំទ្រដល់ការកសាងធនធានមនុស្ស ដូចជាការផ្តល់អាហារូបករណ៍ ទាំងផ្នែកស៊ីវិល និងផ្នែកការពារជាតិ ជាពិសេសវគ្គផ្សេងៗ នៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន ដល់កងយោធពលខេមរភូមិន្ទ ផងដែរ៕