ពាក់ព័ន្ធនឹងម្ហូបអាហារ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពម្ហូបអាហារ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ម្ចាស់សិប្បកម្ម សហគ្រាសខ្នាតមីក្រូ តូច មធ្យម និងធំ អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពម្ហូបអាហារ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីរួមចំណែកលើកកម្ពស់ អាហារូបត្ថម្ភ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។
នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤ - ៦ វិច្ឆិកា ២០២៦) ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ត្រូវជំរុញការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ ស្តីពីស្តង់ដាកម្ពុជា ប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ ព្រមទាំងគោល ការណ៍ណែនាំនានា ដូចជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងផលិតផលម្ហូបអាហារ ការចេញវិធានការដាក់ ស្លាកសញ្ញាព័ត៌មានអាហារូបត្ថម្ភលើផលិតផលម្ហូបអាហារ ការការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំទំនិញ ការផ្តល់ព័ត៌មានដល់សាធារណជន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យជាយថាហេតុ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ