ព័ត៌មានជាតិ

កំពង់ដេវ៉ារីហ្សត បន្តយុទ្ធនាការសម្អាតឆ្នេរខេត្តព្រះសីហនុ ចូលរួមទប់ស្កាត់កុំឱ្យសំណល់ប៉ះពាល់ដល់ជីវិតសត្វសមុទ្រ បំពុលសមុទ្រ និងរក្សាឆ្នេរឱ្យនៅតែស្រស់ស្អាត

image

ព្រះសីហនុ៖ ក្រោមស្មារតី “ទឹកស្អាត ដីស្អាត ខ្យល់ស្អាត” កំពង់ដេវ៉ារីហ្សត តាមរយៈមូលនិធិកំពង់ដេវ៉ា បានបន្តពង្រីកសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួន ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ រៀបចំយុទ្ធនាការសម្អាតឆ្នេរសមុទ្រ ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ កាត់បន្ថយសំណល់ និងធ្វើឱ្យតំបន់ឆ្នេរកាន់តែស្អាតស្រស់បំព្រង។

យុទ្ធនាការនេះគឺជាផ្នែកមួយនៃសកម្មភាពសម្អាតដែលមូលនិធិកំពង់ដេវ៉ា បានរៀបចំជាប្រចាំស្ទើរតែរៀងរាល់ខែ ដោយមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តរបស់កំពង់ដេវ៉ារីហ្សត ប្រជាពលរដ្ឋ និងសមាជិកសហគមន៍ ព្រមទាំងកិច្ចសហការពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ ក្រៅពីការរួមចំណែកលើកកម្ពស់បរិស្ថានស្អាត សកម្មភាពនេះក៏បង្ហាញពីការចូលរួមរបស់វិស័យឯកជនក្នុងការកសាងសហគមន៍ប្រកបដោយសុខភាពល្អ និងការទទួលខុសត្រូវចំពោះបរិស្ថាន ផងដែរ។  

កញ្ញា ចាន់ ស៊ីផា បុគ្គលិកផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បានលើកឡើងថា សកម្មភាពនេះជាការចូលរួមសកម្មភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែកំពុងបោះជំហានមួយទៀត ដើម្បីការពារភពផែនដី និងសហគមន៍របស់យើង។ យើងមិនចង់បន្សល់ទុកអ្វីក្រៅពីការចូលរួមចំណែកដ៏មានន័យ និងមោទនភាពចំពោះឆ្នេរសមុទ្រដ៏ស្អាតនោះទេ។ ការផ្លាស់ប្តូរទាំងនេះចាប់ផ្តើមពីសកម្មភាពតូចៗរបស់យើងនៅលើឆ្នេរខ្សាច់ថ្ងៃនេះ។

តាមរយៈសកម្មភាពបែបនេះ លោកមានជំនឿថា ការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវចាប់ផ្តើមពីការគិតគូរដល់តម្រូវការរបស់មនុស្ស និងការការពារបរិស្ថានធម្មជាតិ។ ការសម្អាតឆ្នេរមិនមែនគ្រាន់តែជាការប្រមូលសំរាមចេញពីតំបន់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមការពារជីវិតសត្វសមុទ្រ កាត់បន្ថយការបំពុល និងបង្កើតបរិយាកាសរស់នៅដែលមានសុវត្ថិភាព និងសុខភាពល្អសម្រាប់មនុស្សគ្រប់គ្នា។ ថ្ងៃនេះ បុគ្គលិកស្ម័គ្រចិត្ត ៥៨នាក់ បានប្រមូលសំរាមជាង ៣៣៤គីឡូក្រាម។ ចាប់តាំងពីខែកក្កដាមក បានប្រមូលសំរាមបានជាង ២,២តោន ហើយបុគ្គលិកសរុប ១៦៨ និងសមាជិកសហគមន៍ចំនួន ៤៥ បានស្ម័គ្រចិត្តចូលរួមកម្មវិធីនេះ។

លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះការចូលរួមរបស់វិស័យឯកជនក្នុងការងារបរិស្ថាន ដោយមានប្រសាសន៍ថា៖ “ក្នុងនាមជាតំណាងមន្ទីរបរិស្ថាន លោកពិតជារីករាយដែលបានឃើញការចូលរួមពីវិស័យឯកជន ដូចជា កំពង់ដេវ៉ារីហ្សត ក្នុងយុទ្ធនាការ ‘ទឹកស្អាត ដីស្អាត ខ្យល់ស្អាត’។ លោកជាពេញចិត្ត និងកោតសរសើរចំពោះសកម្មភាពសម្អាតដែលកំពង់ដេវ៉ារីហ្សត បានអនុវត្តជាញឹកញាប់។ យើងរួមគ្នាដើម្បីយុទ្ធនាការ ‘កម្ពុជាស្អាត ខ្មែរអាចធ្វើបាន’”។

ជាមួយគ្នានេះ លោកស្រី “អ៊ែនជីអូឡាញ ស៊ី. វីលអេនូអេវ៉ា” (Angioline C. Villanueva) នាយិកាគ្រប់គ្រងធនធានមនុស្សនៃកំពង់ដេវ៉ារីហ្សត បានលើកឡើងថា កន្លងមកសកម្មភាពសម្អាតនេះមានអត្ថន័យលើសពីការប្រមូលសំរាមទៅទៀត។ វាគឺជាការចូលរួមការពារបរិស្ថាន និងលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍។ លោកស្រីចង់ឃើញបរិស្ថានកាន់តែស្អាត និងបៃតង។ រាល់សំរាមដែលរើសនៅថ្ងៃនេះ គឺជាការចូលរួមទប់ស្កាត់កុំឱ្យសំណល់ទាំងនោះប៉ះពាល់ដល់ជីវិតសត្វសមុទ្រ ជួយកាត់បន្ថយការបំពុលសមុទ្រ និងរក្សាឆ្នេរឱ្យនៅតែស្រស់ស្អាត។

សូមបញ្ជាក់ថា ការបន្តយុទ្ធនាការសម្អាតនេះ គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្ត ក្នុងការបង្កើតផលវិជ្ជមានដល់សង្គម និងបរិស្ថានក្នុងរយៈពេលវែង។ តាមរយៈភាពជាដៃគូជាមួយសហគមន៍មូលដ្ឋាន អាជ្ញាធរ បុគ្គលិក អ្នកស្ម័គ្រចិត្ត និងដៃគូពាក់ព័ន្ធ មូលនិធិនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមនានា ដែលជួយលើកកម្ពស់សុខុមាលភាពសហគមន៍ និងជំរុញការទទួលខុសត្រូវរួមចំពោះបរិស្ថាន ព្រោះបរិស្ថានស្អាតមិនអាចកើតឡើងដោយសកម្មភាពរបស់មនុស្សតែម្នាក់នោះទេ។ វាទាមទារឱ្យមានការចូលរួមពីយើងទាំងអស់គ្នា។ រួមគ្នាសម្អាត រួមគ្នាថែរក្សាបរិស្ថាន និងរួមគ្នាកសាងសហគមន៍ឱ្យកាន់តែរឹងមាំ ក្រោមស្មារតី “ប្រជាជនរីករាយ សហគមន៍រីករាយ"៕