ព័ត៌មានជាតិ

កូនឈើជាង​ ១ពាន់ដើម ត្រូវបានដាំក្នុងសហគមន៍ជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី​ ក្នុងពេលបាតុភូតអាកាសធាតុក្តៅខ្លាំងកំពុងឈានមកដល់

image

មណ្ឌលគិរី៖​ កូនឈើច្រើនប្រភេទ​ មានទាំងដើមឈើកម្រ និងដើមឈើហូបផ្លែ ជាង​ ១ពាន់ដើម​ ត្រូវបានដាំនៅលើដីសមូហភាព សហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ នៅថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៦។

លោក ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងក្នុងឱកាសនោះថា​ ការដាំកូនឈើជាង​ ២ហិកតា​ ក្នុងសហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ក្រោមការគាំទ្រគម្រោងរេដបូកកែវសីមា បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់គម្របបៃតងក្នុងសហគមន៍មូលដ្ឋាន។​ គម្រោងនេះបានកំពុងបង្ហាញពីការយកចិត្តទុកដាក់ពីជីវភាពប្រជាពលរដ្ឋ តាមរយៈលើកស្ទួយវិស័យទេសចរណ៍ជាដើម។​ ក្រៅពីនេះការដាំកូនឈើឡើងវិញក៏ជាផ្នែកមួយចូលរួមក្នុងការប្រែប្រួលអាកាសធាតុជាសាកលផងដែរ។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន​ បានថ្លែងដែរថា​ កម្ពុជាបានដាក់គោលដៅក្នុងឆ្នាំ២០៣៥ កាត់បន្ថយឧស្ម័នផ្ទះកញ្ចប់​ ឬការកើនឡើងកម្តៅសាកលឱ្យបាន ៥៥ភាគរយ​ ក្នុងនេះក៏មានវិស័យព្រៃឈើនេះផងដែរ។​ ព្រៃឈើមិនមែនត្រឹមតែមានប្រយោជន៍ជាជម្រកសត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋានអាចទទួលប្រយោជន៍ពីឥណទានកាបូន ក៏ដូចជា ចូលរួមសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។​ បានសេចក្តីថាយើងរួមគ្នាដាំកូនឈើនេះដើម្បីសុខភាពពិភពលោក។

បេីតាម​ លោក ខ្វៃ អាទិត្យា យុទ្ធនាការដាំកូនឈើឱ្យបាន​ ១លានដើមក្នុងមួយឆ្នាំ​ ពោលគឺ​ គិតចាប់ពីឆ្នាំចុង ២០២៣​ ដល់ឆ្នាំ២០២៦​ ក្រសួងបរិស្ថាន បានចចែកកូនឈើយ៉ាងហោចណាស់ ១០លានដើមរួចកហើយដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនទូទៅ។​ ទន្ទឹមការដាំកូនឈើ ពិសេស តាមរយៈអ្នកជំនាញអាកាសធាតុអន្តរជាតិព្យាករណ៍ហើយថា បាតុភូត អែលនីញ៉ូ កម្រិតខ្លាំងបំផុត អាចឈានដល់កំពូលនៅចុងឆ្នាំ២០២៦ ហើយបន្តឥទ្ធិពលរហូតដល់ឆ្នាំ២០២៧។ ការណ៍នេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ឱ្យប្រជាពលរដ្ឋក៏ដូចជាសហគមន៍ត្រូវថែរក្សាដោយស្រោចទឹកសំដៅធ្វើយ៉ាងណាដើមឈើដែលទើបដាំឱ្យបានរស់ដើម្បីលើកស្ទួយគម្របបៃតងនៅកម្ពុជាសម្រេចដល់គោលដៅដូចដែលក្រសួងបរិស្ថានបានដាក់ទុកកន្លងមក។


ដោយឡែក លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌល គិរី បានថ្លែងថា​ អាជ្ញាធរក្រៅពីកិច្ចការពារព្រៃឈើហើយ ការដាំឡើងវិញ និងការថែរក្សាឱ្យកូនឈើរស់ និងការពារព្រៃឈើមិនឱ្យមានការកាប់បំផ្លាញគឺជាការងារអាទិភាពមួយដែលអាជ្ញាធរបានធ្វើការទប់ស្កាត់ និងបង្រ្កាគ្មានការលើកលែងឡើយ។​ ជាទូទៅរដ្ឋបាលខេត្តមណ្ឌលគិរីតែងដាក់នូវវិធានការសំដៅធ្វើយ៉ាងណាការពារឱ្យបានព្រៃឈើ សត្វព្រៃ និងជីរៈចម្រុះ។

លោកអភិបាលរងខេត្តមណ្ឌលគិរី​ បានបញ្ជាក់បន្ថែមថា​ តំបន់ដែលទទួលរងការបំផ្លិចបំផ្លាញជនល្មើសកន្លងមក អាជ្ញាធរបានយកចិត្តទុកដាក់ដាំឡើងវិញដើម្បីស្តារព្រៃដែលបាត់បង់ឱ្យមានភាពយ៉ាងល្អប្រសើរដែលជាការជួយថែរក្សាសត្វព្រៃ និងរុក្ខជាតិ នានាក្នុងសហគម។

ជាមួយគ្នានេះ​ លោក ឃន សុភឿន ប្រធានគម្រោងរេដបូក កែវសីមា របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានបញ្ជាក់ថាអង្គការ WCS ដែលជាដៃគូអភិរក្ស និងអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សំខាន់លើការការពារធនធានធម្មជាតិ ជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងរដ្ឋបាលខេត្តមណ្ឌលគិរី ជាច្រើនទសវត្សរ៍មកនេះ ដែលតែងតែផ្តោតជាមួយក្រសួងបរិស្ថាន​ និងសហគមន៍មូលដ្ឋាន។

លោកបានឱ្យដឹងផងថា​ ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាតំបន់ដ៏សំខាន់សម្រាប់ជីវៈចម្រុះ និងសត្វព្រៃកម្រៗប៉ុណ្ណោះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការ WCS ប៉ុន្តែថែមទាំងជាទីតាំងប្រវត្តិសាស្ត្រដំបូងគេនៅកម្ពុជា ក្នុងការអនុវត្តគម្រោងរេដបូក (REDD+)។

សូមបញ្ចាក់ថា​ រេដបូក គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងការរេចរឹលព្រៃឈើ។ យន្តការរេដបូកមានន័យលើសពីការទប់ស្កាត់ការបាត់បង់ និងការរេចរឹលព្រៃឈើ ដោយរួមបញ្ចូលនូវតួនាទីនៃការអភិរក្ស ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការបង្កើនអាងស្តុកកាបូនក្នុងវិស័យព្រៃឈើ តាមរយៈការផ្តល់ការលើកទឹកចិត្តជាហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍៕