លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ស្មារតីស្នេហាជាតិ អាចបើកឱកាសសម្រាប់ផលិតផលខ្មែរ តែគុណភាព សេវាកម្ម និងតម្លៃសមរម្យ ជាកត្តាដែលធ្វើឱ្យអតិថិជនបន្តជឿទុកចិត្ត
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្មារតីស្នេហាជាតិ អាចបើកឱកាសសម្រាប់ផលិតផលខ្មែរ តែគុណភាព សេវាកម្ម និងតម្លៃសមរម្យ ជាកត្តាដែលធ្វើឱ្យអតិថិជនបន្តជឿទុកចិត្ត និងជ្រើសរើសប្រើប្រាស់ផលិតផលខ្មែរជាប្រចាំ។
ការថ្លែងឱ្យដឹងបែបនេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា កាលពីឆ្នាំកន្លងទៅនៅពេលដែលប្រទេសជាតិទទួលរងនូវភាពអយុត្តិធម៌ យើងឃើញយ៉ាងច្បាស់ពីស្មារតីលះបង់ ការចែករំលែក និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ការរួបរួមគ្នានោះបានប្រែក្លាយការលំបាកទៅជាកម្លាំងតស៊ូដ៏រឹងមាំ។ ស្មារតីរួបរួមដដែលនេះ ក៏បានស្ដែងចេញតាមរយៈការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះកសិករ កម្មករ សិប្បករ និងសហគ្រិនខ្មែរនៅក្នុងពិព័រណ៍នាពេលនេះផងដែរ។
លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តដល់អ្នកផលិតធ្វើយ៉ាងណាឱ្យអថិជនរបស់ខ្លួន មានហេតុផលច្បាស់លាស់ក្នុងការជ្រើសរើសទិញផលិតផល ដោយសារគុណភាព សុវត្ថិភាព និងទំនុកចិត្ត។ លោកជំទាវបណ្ឌិតបន្ថែមថា ស្មារតីស្នេហាជាតិ អាចបើកឱកាសសម្រាប់ផលិតផលខ្មែរ តែគុណភាព សេវាកម្ម និងតម្លៃសមរម្យ ជាកត្តាដែលធ្វើឱ្យអតិថិជនបន្តជឿទុកចិត្ត និងជ្រើសរើសប្រើប្រាស់ផលិតផលខ្មែរជាប្រចាំ និងឈរជើងបានយូរអង្វែង។
លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា ពិព័រណ៍ផលិតផលខ្មែរ មិនគួរបិទបញ្ចប់ត្រឹមការដាក់តាំងលក់ផលិតផលក្នុងរយៈពេល ០៣ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក្រោយពិព័រណ៍នេះបានបញ្ចប់លោកជំទាវបណ្ឌិតចង់ឃើញផលិតផលមួយរកបានទីផ្សារថ្មី សហគ្រិនម្នាក់ទទួលបានដៃគូថ្មី អាជីវកម្មតូចមួយអាចរីកចម្រើនធំធាត់បាន និងយុវជនម្នាក់ដើរចេញពីពិព័រណ៍នេះទៅដោយនាំមកនូវផ្នត់គំនិតថ្មី និងក្ដីសង្ឃឹមថ្មីសម្រាប់អាគតរបស់ខ្លួន។ បើពិព័រណ៍នេះ អាចនាំមកនូវទំនាក់ទំនងទីផ្សារ កិច្ចសហការ ព្រមទាំងឱកាសថ្មីៗ ទាំងនេះហើយ គឺជាលទ្ធផលដ៏មានតម្លៃបំផុត៕
អត្ថបទ៖ចេង ឆហួត រូបភាព៖ លឹម មុនី, អ៊ុន ផាន់ណាត់