ព័ត៌មានជាតិ

អង្គរមីល បន្តរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយផ្តល់អគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធអប់រំ ជូនសាលាបឋមសិក្សាគ្រញូង នៅខេត្តត្បូងឃ្មុំ ក្នុងឱកាសខួប ១០ឆ្នាំនៅកម្ពុជា

image

ត្បូងឃ្មុំ៖ សមិទ្ធផលអគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅសាលាបឋមសិក្សាគ្រញូង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលទទួលបានការគាំទ្រពីក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី (Angkor Dairy Products Co., Ltd.) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងឱកាសអបអរសាទរខួប ១០ឆ្នាំនៃវត្តមានរបស់ក្រុមហ៊ុននៅព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធអគារសិក្សាថ្មីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន, ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor Dairy Products Co., Ltd. តំណាងសហគមន៍ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១.៦៧០នាក់។

សមិទ្ធផលដែលត្រូវប្រគល់ជូនសាលាបឋមសិក្សាគ្រញូង រួមមាន អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់ និងអគារជួសជុល ១ខ្នង មាន ៣បន្ទប់ ព្រមទាំងបំពាក់ឧបករណ៍សម្ភារៈសិក្សា។

ថ្លែងក្នុងពិធីសម្ពោធនេះ លោក Ta Duy Tung (តា ឌុយ ទុង) អគ្គនាយកក្រុមហ៊ុន Angkor Dairy Products Co., Ltd. បានចាត់ទុកការសាងសង់អគារសិក្សាថ្មីនេះថា ជាការតបស្នងចំពោះការជឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនកម្ពុជាចំពោះផលិតផល AngkorMilk ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ព្រមទាំងជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងផ្តល់ឱកាសសិក្សាកាន់តែប្រសើរដល់កុមារជំនាន់ក្រោយ។                      

លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍នេះ AngkorMilkបានបំពេញបេសកកម្មផ្តល់ផលិតផលទឹកដោះគោប្រកបដោយសុវត្ថិភាព អាហារូបត្ថម្ភ និងគុណភាពខ្ពស់ជូនដល់គ្រួសារកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនបានបង្កើតការងារជូនបុគ្គលិកជាង ៦០០នាក់ គាំទ្រអាជីវករជាង ៥ម៉ឺននាក់ រួមមានអ្នកចែកចាយបន្ត អ្នកលក់ដុំ និងអ្នកលក់រាយនៅទូទាំងប្រទេស ព្រមទាំងមានអ្នកប្រើប្រាស់ផលិតផលចុងក្រោយជាង ៣លាននាក់ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនក៏បានចូលរួមបង់ពន្ធចូលថវិការជាតិប្រមាណជាង ៨២លានដុល្លារសហរដ្ឋងាមេរិកថែមទៀតផង។

លោកបានបន្ថែមថា AngkorMilk ជារោងចក្រផលិតទឹកដោះគោដំបូងគេនៅកម្ពុជា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដោយបានបំពាក់ម៉ាស៊ីនទំនើប និងប្រព័ន្ធស្វ័យប្រវត្តិជាមួយបច្ចេកវិទ្យាពីប្រទេសស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាម៉េរិក។ ដំណើរការផលិតកម្មត្រូវបានអនុវត្តតាមស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារអន្តរជាតិ ដូចជា ISO, FSSC 22000, HACCP និង GMP ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលជូនអ្នកប្រើប្រាស់។

លោក Ta Duy Tung បានលើកឡើងថា ការអភិវឌ្ឍអាជីវកម្មមិនគួរវាស់វែងត្រឹមតែលទ្ធផលហិរញ្ញវត្ថុនោះទេ ប៉ុន្តែត្រូវគិតគូរដល់ការរួមចំណែកតបស្នងដល់សង្គមផងដែរ។ លោកជឿជាក់ថា ការវិនិយោគលើការអប់រំ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតប្រទេសជាតិ ព្រោះសាលារៀនជាកន្លែងបណ្តុះបណ្តាលចំណេះដឹង ជំនាញ និងធនធានមនុស្សសម្រាប់ការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ លោកបានបង្ហើបពីផែនការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនលើការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើប ដែលមានស្តង់ដារខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍជំនាញដល់កសិករក្នុងស្រុក ពង្រឹងវិស័យកសិកម្ម កាត់បន្ថយការនាំចូលទឹកដោះគោពីបរទេស និងជំរុញការអភិវឌ្ឍឧស្សាហកម្មទឹកដោះគោនៅកម្ពុជា។

លោកបានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុននឹងបន្តរីកចម្រើនជាមួយកម្ពុជា តាមរយៈការបង្កើតការងារ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការគាំទ្រវិស័យអប់រំ និងការចូលរួមថែរក្សាបរិស្ថាន ព្រមទាំងបន្តផ្តល់ផលិតផលដែលមានគុណភាព និងអាហារូបត្ថម្ភល្អជូនប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចធិបតីព្រមទាំងលោកជំទាវបណ្ឌិតជូនចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដោយបង្ហាញពីការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការបង្កើតឱ្យមានបរិស្ថានសិក្សាដ៏ល្អ ប្រសើរ ស្អាតមានអនាម័យដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ៕