មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដាក់ផែនការបណ្តុះកូនឈើបន្ថែម ១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោយឥតគិតថ្លៃ
មណ្ឌលគិរី៖ អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ហេង ខេង មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បណ្តុះកូនឈើបានជាង ១៦ម៉ឺនដើម នៅក្នុងថ្នាលបណ្តុះកូនឈើចំនួន៦ គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ កូនឈើទាំងនោះបានចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ១២ម៉ឺនដើម ជាប្រភេទឈើហូបផ្លែ ឈើប្រណិត និងឈើកម្រ ហើយកូនឈើដែលនៅសល់ក្នុងថ្នាលបណ្តុះកូនឈើ នឹងបន្តចែកជូនដល់ពលរដ្ឋដោយឥតគិតថ្លៃដើម្បីបង្កើតគម្របបៃតងនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនេះមន្ទីរបរិស្ថាន មានផែនការបណ្តុះកូនឈើឱ្យបានចំនួន ១៩ម៉ឺនដើម បន្ថែមទៀត សម្រាប់ចែកជូនពលរដ្ឋដោយឥតគិតថ្លៃ ខណៈខេត្តនេះមានថ្នាលបណ្តុះកូនឈើចំនួន ៦ទីតាំង រាប់បញ្ចូលទាំងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងខេត្តមណ្ឌលគិរី។
លោក ហេង ខេង បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។
សូមបញ្ជាក់ថា នៅក្នុងសសរស្ដម្ភទីពីរ «ភាពបៃតង» គឺជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកចលនាដាំដើមឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ក្នុងន័យនេះ ក្រសួងបរិស្ថាន បានរៀបចំថ្នាល់បណ្តុះកូនឈើនៅទូទាំងរាជធានី-ខេត្ត និងធ្វើការបណ្តុះកូនឈើ ក្រញូង បេង នាងនួង ធ្នង់ កកោះ ស្រឡៅ ប្រភេទកូនឈើហូបផ្លែ កូនឈើព្រៃលិចទឹក កោងកាង និងកូនត្នោត ជាដើម សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ជាពិសេសក្នុងពិព័រណ៍ «ពន្លកបៃតង» ដែលរៀបចំដោយក្រសួងបរិស្ថាន ស្ថិតនៅរាជធានីភ្នំពេញ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ៕