ស្ថានទូតកូរ៉េខាងត្បូងរៀបចំពិធីបុណ្យវប្បធម៌កូរ៉េ «Nadri» ដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់ និងទទួលបទពិសោធន៍ផ្ទាល់ពីវប្បធម៌កូរ៉េ ទាំងប្រពៃណី និងសម័យទំនើប
ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំពិធីបុណ្យវប្បធម៌កូរ៉េឆ្នាំ២០២៦ ក្រោមចំណងជើង «Nadri» រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋកម្ពុជាផងដែរ។
ក្នុងពិធីបើកកាលពីថ្ងៃទី៦ ខែវិច្ឆិកា មានការអញ្ជើញចូលរួមពីលោក គីម ឆាងយ៉ុង (Kim Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ឃួន ថាវុធ នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធរបស់កូរ៉េ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ពិធីបុណ្យវប្បធម៌នេះ បានរៀបចំសកម្មភាពជាច្រើន ដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់ និងទទួលបទពិសោធន៍ផ្ទាល់ពីវប្បធម៌កូរ៉េ ទាំងប្រពៃណី និងសម័យទំនើប ដូចជា ការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីហាន់បុក (Hanbok) ល្បែងប្រពៃណីទម្លាក់ព្រួញ Tuho និងល្បែង Yutnori ការប្រកួតបង្ហាញទេពកោសល្យ K-pop ការសរសេរអក្សរផ្ចង់ ការធ្វើធ្នើសៀវភៅតាមបែបគំនូរប្រពៃណី ចង្កៀង Cheongsachorong និងកណ្តឹងខ្យល់ ព្រមទាំងការភ្លក់ម្ហូបប្រពៃណីកូរ៉េ ដូចជា តុកបុកគី (Tteokbokki) និងប្រហិតត្រី។
ដោយសារតែភាពពេញនិយមនៃកម្មវិធីកម្សាន្ត និងតន្ត្រី K-pop នៅកម្ពុជា កម្មវិធីក៏បានរៀបចំការប្រគំតន្ត្រី K-pop ខ្នាតតូចផងដែរ ដោយមានការសម្តែងពីក្រុមចម្រៀង Onetime និង 4ever ព្រមទាំងតារាចម្រៀង Hooin ដែលស្ថិតក្រោមផលិតកម្ម K’ve Entertainment ដែលបានបង្កើតបរិយាកាសសប្បាយរីករាយ និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលរួម។
ជាមួយគ្នានេះ ដើម្បីជំរុញការទាក់ទាញនិស្សិតអន្តរជាតិទៅបន្តការសិក្សានៅប្រទេសកូរ៉េ មជ្ឈមណ្ឌលអប់រំកូរ៉េប្រចាំទីក្រុងហូជីមិញ បានអញ្ជើញសាកលវិទ្យាល័យកូរ៉េចំនួន៦ មកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយរៀបចំវគ្គផ្សព្វផ្សាយព័ត៌មានស្តីពីការសិក្សានៅប្រទេសកូរ៉េ និងផ្តល់ការប្រឹក្សាដល់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍។ ចំណែកស្ថានទូតកូរ៉េ ក៏បានរៀបចំការផ្សព្វផ្សាយអំពីទិដ្ឋាការនិស្សិត ដើម្បីផ្តល់ព័ត៌មានដល់អ្នកដែលមានបំណងទៅបន្តការសិក្សានៅប្រទេសកូរ៉េផងដែរ។
ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ «Nadeuri» ប្រចាំឆ្នាំ ស្ថានទូតមានគោលបំណងផ្សព្វផ្សាយ និងណែនាំវប្បធម៌កូរ៉េជូនដល់ប្រជាជនកម្ពុជាតាមរយៈសកម្មភាពចម្រុះ។ ជាពិសេស នៅមុនឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងកូរ៉េ នៅឆ្នាំក្រោយ ស្ថានទូតគ្រោងបន្តបង្កើតឱកាសផ្លាស់ប្តូរវប្បធម៌ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត៕