ព័ត៌មានជាតិ

លោក វង្សី វិស្សុត ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

image

កំពង់ធំ៖ លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងប្រតិភូអមដំណើរជាច្រើនរូប។


គម្រោងសាងសង់នេះ គឺជាគំនិតផ្តួចផ្តើមរបស់លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។


គម្រោងសាងសង់នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែតអនុប្រធានគណបក្ស គឺ «គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និង បម្រើប្រជាពលរដ្ឋក្នុង រយៈពេលយូរអង្វែងតទៅទៀត ដោយឈរលើមូលដ្ឋានធំៗពីរ ទី១). ប្រជាពលរដ្ឋ នៅតែឱ្យតម្លៃ ទៅលើសច្ចភាព និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធ្វើពិតប្រាកដ និង ទី២). គណបក្សប្រជាជនកម្ពុជា នឹងមិនបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនក្នុង ការបម្រើជាតិ និងប្រជាជន» ហើយមូលដ្ឋានទាំងពីរនេះ ធានា នូវការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា។


គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនេះ គឺដើម្បីជំនួសទីស្នាក់ការគណបក្សខេត្តកំពង់ធំបច្ចុប្បន្នដែលមានសភាពតូចចង្អៀត និងមិនអាចឆ្លើយតបបានទៅនឹងការងារគណបក្ស ដូចនេះលោក វង្សី វិស្សុត និងក្រុមការងារ បានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការសាងសង់ទីស្នាក់ការគណបក្សខេត្តថ្មី ដើម្បីឱ្យមានភាពស័ក្តិសម និងមានមុខងារគ្រប់គ្រាន់អាចឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់នៃការងារប្រកបដោយប្រសិទ្ធភាព។


គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ ដោយរចនាប្លង់តាមរចនាបទខ្មែរ ដើម្បីឱ្យមានភាពស័ក្តិសម និងមានពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព ដែលរួមមាន អគារចំនួន៦ អគារសាលប្រជុំ, អគាររដ្ឋបាល, អគារផ្ទះបាយ, អគារទទួលទានអាហារ, រោងសម្រាប់ដាក់គ្រឿងចក្រ និងកន្លែងសម្រាប់ទទួលទានអាហារ។


ក្រៅពីអគារសំខាន់ខាងលើនេះ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង, សួនច្បារ, ចំណតរថយន្ត និងទីធ្លាសម្រាប់រៀបចំមីទ្ទីងផ្សេងៗដែលអាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់។ មក ដល់បច្ចុប្បន្ន ការងារសាងសង់សម្រេចបានប្រមាណ៨០% គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៧ខាងមុខនេះ៕