ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦

image

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានថ្លែងថា “ បន្ទាប់ពីអនុម័តច្បាប់ថ្មី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ រាជរដ្ឋាភិបាលបានរៀបចំគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ដើម្បីដឹកនាំរៀបចំការងារពាក់ព័ន្ធការទទួលយកប្រជាពលរដ្ឋ ចូលបំពេញកាតព្វកិច្ចយោធា ចាប់ពីឆ្នាំ២០២៦នេះតទៅ ដែលក្នុងរយៈពេលជិត៣ខែ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិបានអនុវត្តការងាររបស់ខ្លួនដោយបានរៀបចំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងបានបង្កើតយន្តការពាក់ព័ន្ធ ដូចជាលេខាធិការដ្ឋាន គ.ក.យគណៈកម្មាធិការកាតព្វកិច្ចយោធាថ្នាក់កងទ័ពជើងគោក ថ្នាក់យោធភូមិភាគរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ។បានសហការជាមួយក្រសួងមហាផ្ទៃ ប្រមូលទិន្នន័យប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៧ ដល់២៥ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតWeb Portal និងWebsite    ជាផ្លូវការ របស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា, បង្កើតប្រព័ន្ធគ្រប់គ្រងការចុះឈ្មោះ ប្រព័ន្ធគ្រប់គ្រងអ្នកដាក់ពាក្យ ប្រព័ន្ធតាមដានអ្នកចុះឈ្មោះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យបេក្ខជន និងប្រព័ន្ធគ្រប់គ្រងទិន្នន័យពិនិត្យសុខភាព ប្រព័ន្ធការចាប់ឆ្នោតក្នុងករណីចាំបាច់ ព្រមទាំងបណ្ដុះបណ្ដាលដល់មន្ត្រីកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌទាំង២១០ និងមន្ត្រីគណៈកម្មាធិការសុខាភិបាល ក្នុងការប្រើប្រាស់ប្រព័ន្ធទិន្នន័យ”។
 
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា “ពាក់ព័ន្ធនឹងការងារហ្វឹកហ្វឺនយោធិនកាតព្វកិច្ច អនុគណៈកម្មាធិការទំនើបកម្មហ្វឹកហ្វឺនយោធា បានចុះពិនិត្យសាលាទាំង៨ ដែលត្រៀមទទួលយុវជនចូលបំពេញកាតព្វកិច្ចយោធា និងបានជួសជុលបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ជាអាទិ៍ ទីចាត់ការសាលា ការិយាល័យធ្វើការ ថ្នាក់រៀន អគារស្នាក់នៅ គ្រែ កៅអីសិក្សា ទីលានហ្វឹកហ្វឺន ទីលានបាញ់គ្រាប់ពិត ផ្ទះបាយ រោងហូបបាយ តុកៅអីហូបបាយ បន្ទប់ទឹក អាងទឹក បង្គន់អនាម័យ គិលានដ្ឋាន បណ្តាញទឹកប្រើប្រាស់ បណ្តាញអគ្គិសនី ព្រមទាំងការត្រៀមសព្វាវុធសម្រាប់ហ្វឹកហ្វឺន បាញ់គ្រាប់ពិត និងសម្ភារៈបច្ចេកទេសនានាដល់យោធិនកាតព្វកិច្ច ដោយសហការជាមួយស្ថាប័នចំណុះក្រសួងការពារជាតិ ដូចជា អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស, អគ្គនាយកដ្ឋានយោធសេវា, នាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានបុគ្គលិក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា “យោងតាមតម្រូវការចាំបាច់ និងសំណូមពរនៃការងារ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរ ភេទប្រុស ចំនួន១០,០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជា២វគ្គហ្វឹកហ្វឺន ក្នុង១វគ្គមានយោធិនកាតព្វកិច្ចចំនួន៥,០០០នាក់ ចូលហ្វឹកហ្វឺនតាមសាលាទាំង៨”៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី