សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ AI ដើម្បីជំរុញទីផ្សារ និងបង្កើនផលិតភាពអាជីវកម្ម
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន BKD Academy បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីស្តីពី «យុទ្ធសាស្ត្រប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការធ្វើទីផ្សារ និងបង្កើនផលិតភាពអាជីវកម្ម» ក្រោមការគាំទ្រពីសហគ្រិនខ្មែរ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីលោក យ៉ន សុភារិទ្ធ នាយកគ្រប់គ្រង និងជាប្រធានផ្នែកបណ្តុះបណ្តាលនៃក្រុមហ៊ុន BKD Academy ព្រមទាំងសហគ្រិន ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាជីវករ ពាណិជ្ជករ និងសិស្ស-និស្សិត សរុបប្រមាណ ៨០នាក់។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងបរិបទដែលបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការផ្លាស់ប្តូររបៀបធ្វើអាជីវកម្ម ដោយមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់សហគ្រិន ម្ចាស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកពាក់ព័ន្ធក្នុងវិស័យធុរកិច្ច ឱ្យអាចប្រើប្រាស់ AI ជាឧបករណ៍ជំនួយក្នុងការងារប្រចាំថ្ងៃ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
ជាពិសេស អ្នកចូលរួមត្រូវបានណែនាំអំពីការជ្រើសរើសឧបករណ៍ AI ឱ្យសមស្របនឹងតម្រូវការការងារ ការសរសេរ Prompt ប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់ AI ដើម្បីកាត់បន្ថយការងារដដែលៗ និងការរៀបចំលំហូរការងារដោយស្វ័យប្រវត្តិ។ ការយល់ដឹង និងការចេះប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការជួយសហគ្រិនបង្កើនប្រសិទ្ធភាពការងារ សន្សំសំចៃពេលវេលា និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមទទួលបានចំណេះដឹងជាក់ស្តែងអំពីការប្រើប្រាស់ AI ក្នុងការរៀបចំមាតិកាទីផ្សារ និងការផ្សព្វផ្សាយ ការបង្កើតបទបង្ហាញជាភាសាខ្មែរ ការទំនាក់ទំនងជាមួយអតិថិជន និងការបង្កើតជំនួយការ AI ឱ្យសមស្របតាមប្រភេទការងារនីមួយៗ។ លើសពីនេះ ក៏មានការណែនាំអំពីការប្រើប្រាស់ AI និង Chatbot ដើម្បីបង្កើតប្រព័ន្ធស្វ័យប្រវត្តិក្នុងការបម្រើអតិថិជន និងសម្រួលដល់ប្រតិបត្តិការអាជីវកម្មផងដែរ។
ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលក៏បានផ្តោតលើការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីធានាថា ការអនុវត្តបច្ចេកវិទ្យាថ្មីនេះអាចផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែង និងមាននិរន្តរភាពដល់អាជីវកម្ម។
ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា សភាពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពសមាជិក-សមាជិកា ជាពិសេសសហគ្រិន និងម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការរៀបចំកម្មវិធី និងវគ្គបណ្តុះបណ្តាលនានា ដើម្បីចែករំលែកចំណេះដឹង និងជំនាញថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។ គោលដៅគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពអាជីវកម្ម ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចសកល។
សូមជម្រាបថា កម្មវិធីនេះរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុន BKD Academy ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងមានការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕