នាយកប្រតិបត្តិ ក្រុមហ៊ុន CBS អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ “ភូមិហ្វ្រង់កូហ្វូនី” ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ
ភ្នំពេញ៖ លោកស្រី Jane Santos នាយកប្រតិបត្តិ ក្រុមហ៊ុន CBS នៃស្ថានីយទូរទស្សន៍ CTN CNC និង MyTV បានដឹកនាំប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ “ភូមិហ្វ្រង់កូហ្វូនី” ស្ថិតនៅបរិវេណសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
“ភូមិហ្វ្រង់កូហ្វូនី” គឺជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ ភូមិហ្រ្វង់កូហ្វូនី រៀបចំឡើងក្រោមប្រធាន «ស្នាមញញឹមខ្មែរ ស្នាមញឹមហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញឱ្យភ្ញៀវអន្តរជាតិ បានទស្សនា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ភូមិហ្វ្រង់កូហ្វូនី ទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនកិច្ចពន្លាជាតិ ស្តង់ពិព័រណ៍ ស្តង់ម្ហូបអាហារ ការចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា និង ទស្សនាការសម្តែងទស្សនីយភាពសិល្បៈប្រចាំថ្ងៃ ដោយសេរី។ ភូមិហ្វ្រង់កូហ្វូនី មានតំបន់សំខាន់ៗរួមមាន៖ តំបន់ពន្លាជាតិ ពន្លាជាតិកម្ពុជា និងពន្លា OIF, តំបន់ស្តង់ ពិព័រណ៍ទូទៅ, តំបន់សម្រាប់រៀបចំសន្និសីទ និងវេទិកាតុមូល និងតំបន់ពិព័រណ៍ម្ហូបអាហារ។
នៅភូមិហ្វ្រង់កូហ្វូនីនេះ ក្រុមហ៊ុន CBS ក៏បានសហការជាមួយក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ដែលជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍ “ភូមិហ្វ្រង់កូហ្វូនី” ក្នុងការរៀបចំស្តង់ ដើម្បីបង្ហាញអំពីមុខម្ហូបអាហារជាច្រើនរបស់ខ្មែរ នៅក្នុងភូមិហ្វ្រង់កូហ្វូនីនេះផងដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួមទស្សនា «ភូមិហ្រ្វង់កូហ្វូនី» ដោយសេរី និងឥតគិតថ្លៃ និងទទួលយកបទពិសោធដ៏សម្បូរបែប រយៈពេល៥ថ្ងៃ ចាប់បើកចាប់ពីម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់ ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី, អ៊ុន ផាណាត់