ព័ត៌មានជាតិ

អង្គរមីល ប្រគល់អាគារសិក្សាមួយខ្នង ២បន្ទប់ ដល់សាលាបឋមសិក្សា តាំងរបង នៃស្រុកឱរ៉ាល់ ក្រោយធ្វើការជួសជុលរួចរាល់

image

កំពង់ស្ពឺ៖ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី (Angkor Dairy Products Co., Ltd.) ដែលជា ក្រុមហ៊ុនផលិតទឹកដោះគោម៉ាក អង្គរមីល បានធ្វើការប្រគល់អគារសិក្សា ១ខ្នង ២បន្ទប់ ដល់សាលាបឋមសិក្សា តាំងរបង នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយបានជួសជុលរួចរាល់ជាស្ថាពរ។
ពិធីប្រគល់អាគារសិក្សាមួយខ្នងនេះ បានធ្វើឡើងស្របពេលគម្រប់ខួប ១០ឆ្នាំនៃវត្តមានរបស់ ទឹកគោ អង្គរមីល (AnkorMilk) នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោក ឈួន ឈុំ អភិបាលនៃគណៈអភិបាលរង ស្រុកឱរ៉ាល់, លោក Ta Duy Tung អគ្គនាយកក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ព្រមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាសហគមន៍ជាច្រើនរូប។
លោក ឈួន ឈុំ បានលើកឡើងថា អគារសិក្សាមួយខ្នង ២បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាតាំងរបងដែលទទួលបានការជួសជុលឡើងវិញដោយក្រុមហ៊ុនទឹកដោះ អង្គរមីល (AngkorMilk) គឺមានអាយុកាលយូរឆ្នាំណាស់មកហើយ អគារទាំងមូលបានរងការខូចខាតធ្ងន់ធ្ងរមិនអាចឱ្យសិស្សចូលបន្តការសិក្សាក្នុងអគារនេះបាន។ តែដោយមើលឃើញពីការចាំបាច់មិនអាចខ្វះបាន ក្រុមហ៊ុនបានសម្រេចជួសជុលឡើងវិញ និងបានផ្ទេរប្រគល់អគារសិក្សាដ៏ប្រណិតនេះមកឱ្យសាលាដើម្បីបង្រៀន និងរៀនវិញ។ កត្តានេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងធំធេងរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាល ពិសេសវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោក Ta Duy Tung បានលើកឡើងថា អស់រយៈពេល ១០ឆ្នាំមកហើយដែល AngkorMilk បានធ្វើបេសកកម្មដ៏ច្បាស់លាស់នៅប្រទេសកម្ពុជា គឺការផ្តល់ជូននូវផលិតផលទឹកដោះគោប្រកបដោយសុវត្ថិភាព អាហារូបត្ថម្ភ និងគុណភាពខ្ពស់ សម្រាប់ក្រុមគ្រួសារកម្ពុជា។
លោកបន្តថា ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យនានា ពិសេសវិស័យអប់រំ យុវជន និងកីឡាតាមរយៈការកសាងអាគារសិក្សា សម្ភារសិក្សា ដល់សាលានៅទូទាំងប្រទេស គឺដើម្បីតបស្នងនូវការគាំទ្រ និងការជឿទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះ AngkorMilk ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុនដែលជឿជាក់ថា «គ្មានការវិនិយោគណាមានតម្លៃជាងការវិនិយោគលើការអប់រំ និងអនាគតកុមារនោះឡើយ»។ លោក ក៏មានសុទិដ្ឋិនិយមថា សាលារៀនមិនមែនគ្រាន់តែជាសំណង់អគារប៉ុណ្ណោះទេ តែជាទីកន្លែងបណ្តុះនូវក្តីសុបិន្ត ចំណេះដឹង សីលធម៌ និងអ្នកដឹកនាំបន្តវេន។
ទន្ទឹមនោះ លោក ក៏បានបញ្ជាក់បន្ថែមថា ទឹកដោះគោ AngkorMilk មានរោងចក្រផលិតដំបូងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ(RPPSEZ) ដោយបានបំពាក់ខ្សែច្រវ៉ាក់ផលិតកម្មស្វ័យប្រវត្តិទំនើបចុងក្រោយនាំចូលពីប្រទេសស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនទទួលបានស្តង់ដារអន្តរជាតិ និងជាតិល្បីៗជាច្រើន រួមមាន ISO, FSSC 22000, HACCP និង GMP ហើយបានបំពេញបេសកកម្មនៅកម្ពុជាមួយទសវត្សរ៍មកហើយ។ ជាមួយការអភិវឌ្ឍឥតឈប់ឈរ ក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលលេចធ្លោជាច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា រួមមាន៖ បង្កើតការងារផ្ទាល់ដល់បុគ្គលិកជំនាញជាង ៦០០នាក់ ព្រមទាំងបណ្តុះបណ្តាលផ្ទេរជំនាញបច្ចេកវិទ្យាកម្រិតខ្ពស់ដល់កូនខ្មែរ។ គាំទ្រដល់អាជីវកម្មក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥ម៉ឺននាក់ ដែលជាដៃគូចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយទូទាំងប្រទេស។ បម្រើអតិថិជនជាអ្នកទទួលទានចុងក្រោយជាង ៣លាននាក់ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសដែលទទួលបានការគាំទ្ររយៈពេល ១០ឆ្នាំមកនេះ ក្រុមហ៊ុនបានប្រកាសពីជំពូកថ្មីនៃផែនការអាជីវកម្មរបស់ខ្លួនដោយសម្រេចបន្តបោះទុនវិនិយោគបន្ថែមលើការបង្កើតកសិដ្ឋានចិញ្ចឹមគោ នៅខេត្តកំពង់ស្ពឺដើម្បីយកទឹកដោះស្តង់ដារខ្ពស់ និងទំនើបនៅកម្ពុជា ដែលគម្រោងថ្មីនេះនឹងជួយពង្រឹងដល់វិស័យកសិ-ឧស្សាហកម្មជាតិ បង្កើតការងារ បណ្តុះបណ្តាលជំនាញចិញ្ចឹមសត្វកម្រិតខ្ពស់ជូនកសិករក្នុងស្រុក និងចូលរួមកាត់បន្ថយការនាំចូលទឹកដោះគោពីក្រៅប្រទេសផងដែរ៕
អត្ថបទ៖ ប៊ុត សារុន