ព័ត៌មានជាតិ

នៅចំពោះមុខសម្ដេចតេជោ, ឯកអគ្គរដ្ឋទូតថ្មីអាម៉េរិកកោតសរសើរកម្ពុជា ដែលសហការយ៉ាងល្អជាមួយអាម៉េរិក ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ និងប្ដេជ្ញាកៀងគរអ្នកវិនិយោគអាម៉េរិកបន្ថែម

image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានសម្ដែងការអបអរសាទរនិង ស្វាគមន៍ចំពោះ លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថាវត្តមានរបស់លោក នៅកម្ពុជា នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិង អាមេរិក កាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) បានសម្ដែងនូវការអរគុណ ដែលសម្ដេចតេជោបានអនុញ្ញាតឲ្យលោក បានជួបសម្ដែងការគួរសម។

លោក បានលើកឡើងថាលោក រីករាយខ្លាំងណាស់ដែលបានមកដល់ប្រទេសកម្ពុជា ហើយលោក បញ្ជាក់ថាការមកដល់ទីនេះគឺដើម្បីបង្កើននូវភាពជាដៃគូរវាងកម្ពុជា និងអាម៉េរិកឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមនឹងនោះលោក ក៏បានអរគុណចំពោះកម្ពុជាដែលបានធ្វើកិច្ចការងារ ក៏ដូចជាសហការជាមួយនឹងសហរដ្ឋអាម៉េរិកនាពេលកន្លងមក ក្នុងទំនាក់ទំនងទូទៅ និងពិសេសក្នុងការបោសសម្អាតឧក្រិដ្ឋកម្មតាមអនឡាញ ដែលកម្ពុជានិងអាម៉េរិកបានសហការជាមួយគ្នាកន្លងមក។

ជាការឆ្លើយតប សម្ដេចតេជោ សម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ហើយសម្ដេចក៏ពេញចិត្តចំពោះវឌ្ឍនភាពរបស់ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកនាពេលកន្លងមក និងបន្តរីកចម្រើនដល់ពេលបច្ចុប្បន្ននេះផងដែរ។

សម្ដេតេជោ ក៏បានបង្ហាញការពេញចិត្ដនិងទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងកម្ពុជានិងអាម៉េរិកដែលពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។ សម្ដេចតេជោក៏បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជាផងដែរដោយទាក់ទងទៅនឹងការបោះសម្អាតឧក្រិដ្ឋកម្មតាមអនឡាញនេះ សម្ដេចតេជោបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំចំពោះរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថានឹងបោះសម្អាតឧក្រិដ្ឋកម្មតាមអនឡាញ ឲ្យអស់ពីប្រទេសកម្ពុជា។ សម្ដេចតេជោ មានការជឿជាក់ខ្ពស់ហើយសម្ដេចបានបញ្ជាក់ទៅលោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ថាសូមបន្តសហការគ្នា ព្រោះបញ្ហា Scam Online នេះមិនមែនជាបញ្ហារបស់កម្ពុជាដាច់ដោយឡែកទេ តែជាបញ្ហាសកលដែលតម្រូវឲ្យមានការសហការគ្នាជាបន្ដបន្ទាប់ព្រោះកម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយសារឧក្រិដ្ឋកម្មតាមអនឡាញនេះដែរ។

ស្របជាមួយគ្នានេះសម្រាប់ទំនាក់ទំនងទ្វេរភាគី លោក ស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចការរវាងកម្ពុជានិងអាម៉េរិកនៅពេលកន្លងមក ហើយលោក មានសុទ្ធិនិយមចំពោះការដឹកនាំរបស់កម្ពុជា ហើយលោក បានមើលឃើញពីវិបុលភាពរបស់កម្ពុជាតាមរយៈសន្តិភាព និង សង្ឃឹមថាកម្ពុជានឹងខិតខំប្រឹងប្រែងក្នុងការបើកជំហរយ៉ាងសកម្មដល់អាជីវកម្ម ឬការវិនិយោគរបស់អាម៉េរិកនៅក្នុងប្រទេសកម្ពុជា។

លោក ក៏នឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីស្វែងរកឱកាសក៏ដូចជាបង្កនូវលក្ខណៈនៃការវិនិយោគដើម្បីទាក់ទាញអ្នកវិនិយោគអាម៉េរិកមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង