ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីន ពង្រឹងការផ្លាស់ប្ដូរការវិនិយោគ និងកសិកម្ម ខណៈកម្ពុជាមានសក្កានុពល លើផ្នែកស្រូវ អង្ករ និងស្វាយចន្ទី

image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ សង្ឃឹមថាតាមរយៈតួនាទី ជាអគ្គរដ្ឋទូតថ្មីរបស់ហ្វីលីពីន នេះនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងហ្វីលីពីន កាន់តែរីកចម្រើនជាពិសេសគឺការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសត្រូវឲ្យដើរទន្ទឹមនឹងទំនាក់ទំនងនយោបាយរវាងភាគីទាំងពី។

លោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) លើកឡើងថា លោកបានឃើញពីភាពរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ដែលមានជាមួយគ្នានាពេលកន្លងមក ហើយប្រទេសទាំងពីរ កំពុងបង្កើនកិច្ចសហប្រតិបត្ដិការជាមួយគ្នាបន្ថែមទៀត ទៅលើវិស័យអប់រំ កសិកម្ម អាកាសចរជាដើម ដែលតម្រូវឲ្យភាគីទាំងពីរ បន្ដខិតខំប្រឹងប្រែងរួមគ្នា។

ជាការឆ្លើយតប សម្ដេចតេជោ បានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្ដេចក៏ផ្ដល់យោបល់បន្ថែម ទៅកាន់លោកទូតហ្វីលីពីន ឲ្យផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណា ពង្រឹងនូវការផ្លាស់ប្ដូរ នូវការវិនិយោគ ជាពិសេសគឺទាក់ទងទៅនឹងសន្តិសុខស្បៀង ហើយផ្ដោតសំខាន់ទៅលើវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសម្ដេចតេជោ បានលើកឡើង អំពីសក្កានុពល របស់កម្ពុជាផ្នែកស្រូវ អង្គរ ក៏ដូចជាផ្នែកស្វាយចន្ទី ដែលកំពុងមានភាពរីកចម្រើន។ ទន្ទឹមនេះ អ្នកវិនិយោគរបស់ហ្វីលីពីន ក៏អាចសម្លឹងមើលឱកាសនេះ ធ្វើការកែឆ្នៃ គឺស្វាយចន្ទីនាំចេញទៅហ្វីលីពីន ក៏ដូចជានាំចេញទៅក្រៅប្រទេស៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង