សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការមកដល់របស់ប្រធានាធិបតីរវ៉ាន់ដា បង្ហាញយ៉ាងច្បាស់ពីការផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ដា និងនិយាយដោយឡែកនៅក្នុងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី
ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន ទទួលជួបជាមួយ លោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងដំណើរអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ របស់លោក នៅក្នុងប្រទេសកម្ពុជានៅពេលនេះ។
សម្ដេចតេជោ បានលើកឡើងថាដំណើររបស់ ប្រធានាធិបតីមកកាន់កម្ពុជានៅពេលនេះបង្ហាញឃើញច្បាស់ពីការផ្ដល់តម្លៃដល់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ដា និងនិយាយដោយឡែកនៅក្នុងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។ សម្ដេចតេជោក៏បានលើកឡើងបន្ថែមទៀតថា សាវតានៃប្រទេសរវ៉ាន់ដា
និងកម្ពុជាមានប្រវត្តិប្រហាក់ប្រហែលគ្នាហើយសម្ដេច និង ប្រធានាធិបតីរវ៉ាន់ដា
ក៏មានប្រវត្តិតស៊ូកម្សត់ប្រហាក់ប្រហែលគ្នាផងដែរ។សម្ដេចសង្ឃឹមថា ទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជានៅពេលនេះ នឹងរួមចំណែកដល់ការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងរវ៉ាន់ដាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ប្រធានាធិបតីរវ៉ាន់ដា បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្ដេចតេជោចំពោះឯកឧត្តមនៅពេលនេះ លោក បានលើកឡើងពីក្តីរីករាយដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយ បានចាត់ទុកប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ។ លោក បានមើលឃើញអំពីការអភិវឌ្ឍរបស់កម្ពុជា ហើយលោកលើកឡើងថា ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នឹងលើកទឹកចិត្តបន្ថែមទៀតដល់ឯកឧត្តមផ្ទាល់ក្នុងការអភិវឌ្ឍដឹកនាំប្រទេសរបស់ខ្លួន ទន្ទឹមនឹងនេះលោក ក៏បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក៏ដូចជាប្រវត្តិរបស់ឯកឧត្តមផ្ទាល់ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាដែលអាចស្វែងយល់គ្នាកាន់តែស៊ីជម្រៅនូវចំណុចដែលភាគីទាំងពីរត្រូវតែបំពេញនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរវ៉ាន់ដា និយាយជារួម លោក បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានៅពេលនេះ ក៏ស្វែងរកឱកាស ដោយក្រុមការងាររបស់លោក ក៏បានជួបជាមួយនឹងភាគីកម្ពុជាហើយលោក ផ្ទាល់នឹងជជែកនៅក្នុងការស្វែងរក និងការបង្កើតទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ប្រធានាធិបតីរវ៉ាន់ដា។ សម្ដេចបានលើកឡើងថា សម្ដេចក៏គាំទ្រចំពោះប្រទេសទាំងពីរដែលគ្រោងនឹងចុះហត្ថលេខាជាមួយគ្នានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មកកាន់ប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងកម្ពុជានិងរវ៉ាន់ដា ដែលនឹងចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងក្លាយទៅជាមាគ៌ាមួយដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងរវ៉ាន់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចក៏បានលើកឡើងបន្ថែមនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសម្ដេចបានកត់សម្គាល់ថាប្រទេសទាំងពីរដែលជាប្រទេសកំពុងអភិវឌ្ឍដូចគ្នា ដូច្នេះយើងអាចមានឱកាសយល់ពីគ្នាច្រើន ហើយស្វែងរកនូវកាលានុវត្តភាពថ្មីៗក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង