ព័ត៌មានជាតិ

ក្រុមហ៊ុន CBS រៀបចំការតាំងបង្ហាញ និងធ្វើម្ហូបដោយចុងភៅចំណានៗ រយៈពេល៥ថ្ងៃ នៅភូមិហ្វ្រង់កូហ្វូនី នាបរិវេណសួនវត្តបទុមវតី

image

ភ្នំពេញ៖ ជាផ្នែកមួយនៃសកម្មភាពនៅក្នុងភូមិហ្វ្រង់កូហ្វូនី ក្រុមហ៊ុន CBS នៃស្ថានីយទូរទស្សន៍ CTN CNC និង MyTV បានសហការណ៍ជាមួយក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ដែលជាសហប្រធានរៀបចំព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី” ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានរៀបចំការធ្វើម្ហូប និងតាំងបង្ហាញមុខម្ហូប ពីសំណាក់ចុងភៅឆ្នើមៗចំនួន៥រូប ដែលបានបង្ហាញការចម្អិនម្ហូបអាហារផ្ទាល់ ប្រកបដោយទេពកោសល្យ សម្រាប់រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្រាប់ថ្ងៃទី១៣ វិច្ឆិកា មេចុងភៅ Joannės Rivière គឺជាស្ថាបនិក សហម្ចាស់ និងជាមេចុងភៅនៃភោជនីយដ្ឋាន Cuisine Wat Damnak ដែលមានទីតាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ បានមកបង្ហាញស្នាដៃធ្វើនំផេនខេក គ្រឿងសមុទ្រ (បែបនំប៉ាវ) ជូនភ្ញៀវទេសចរភ្លក់។

ក្នុងនាមជាមេចុងភៅជនជាតិបារាំង ដែលបានមករស់នៅ និងធ្វើការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៣ លោកមានភាពល្បីល្បាញដោយសារការរួមបញ្ចូលគ្នារវាងបច្ចេកទេសធ្វើម្ហូបបែបបារាំង ជាមួយនឹងរសជាតិខ្មែរបុរាណ និងគ្រឿងផ្សំក្នុងស្រុកតាមរដូវកាល។
តាមរយៈសិល្បៈនៃការចម្អិនម្ហូបនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចស្វែងយល់ពីរបៀបដែលម្ហូបអាហារ ជួយជំរុញការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនង រវាងប្រជាជន និងអបអរសាទរភាពសម្បូរបែបនៃវប្បធម៌ និងបង្កើតចំណងទាក់ទងដ៏មានអត្ថន័យរវាងកម្ពុជា និងពិភពលោកប្រើប្រាស់ភាសាបារាំង។

សូមជម្រាបថា “ភូមិហ្វ្រង់កូហ្វូនី” ជាទីកន្លែងដ៏រស់រវើក សម្រាប់ការស្វែងយល់ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ដោយផ្តោតយ៉ាងខ្លាំងទៅលើបរិយាបន្ន សម្រាប់មនុស្សគ្រប់រូប ជាពិសេសស្ត្រី និងយុវជន។ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១ម៉ឺនម៉ែត្រការ៉េ ភូមិនេះទទួល ស្វាគមន៍ភ្ញៀវទេសចរ តាមរយៈខ្លោងទ្វារដ៏ធំសម្បើម ដែលចម្លងចេញពីរចនាបថខ្លោងទ្វារទន្លេអុំ នៃរាជធានីអង្គរធំ តំណាងឱ្យមេត្តាករុណា និងសន្តិភាពផ្លូវចិត្ត អមដោយរូបព្រាបស តំណាងឱ្យភាពសុខដុមរមនា។

នៅក្នុងភូមិមានរៀបចំ ពន្លាជាតិចំនួន ៧៣ តំណាងឱ្យប្រទេស និងដៃគូហ្វ្រង់កូហ្វូនី, ស្តង់ពិព័រណ៍ ចំនួន ១៣០ បង្ហាញពីគំនិតផ្តួចផ្តើមរបស់ស្ថាប័ននិងធុរកិច្ច និងភូមិម្ហូបអាហារចំនួន ៣០ ស្តង់ ដែល ផ្តល់ជូននូវរសជាតិអាហារចម្រុះ មកពីជុំវិញពិភពហ្វ្រង់កូហ្វូនី។ ក្នុងរយៈពេល ៥ ថ្ងៃ ទីតាំងនេះក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ និងកិច្ចពិភាក្សាតុមូលចំនួន ៣០ កម្មវិធី ព្រមទាំងការសម្តែងសិល្បៈនិង វប្បធម៌ ចំនួន ៥០ កម្មវិធីផងដែរ។

ភូមិហ្វ្រង់កូហ្វូនី បើកទ្វារស្វាគមន៍សាធារណជន ឱ្យចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ១០ម៉ឺននាក់ ដែលនឹងរួមចំណែក ក្នុងការជំរុញភាពជាដៃគូថ្មីៗ ចំណងមិត្តភាព និងការពង្រឹងសាមគ្គីភាព នៃសហគមន៍ហ្វ្រង់កូហ្វូនី៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម