កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FrancoTech 2026 រយៈពេល៣ថ្ងៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឌីជីថល និងការវិនិយោគ
ភ្នំពេញ៖ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FrancoTech 2026 ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម វិនិយោគិន និងអ្នកដឹកនាំផ្នែកនវានុវត្តន៍មកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដើម្បីស្វែងរកឱកាសកិច្ចសហប្រតិបត្តិការឌីជីថល និងការវិនិយោគជាមួយតំបន់អាស៊ាន។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលជាមួយមហាសន្និបាតកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future) ដោយមានសកម្មភាពសំខាន់ៗជាច្រើន រួមមាន ពិព័រណ៍បច្ចេកវិទ្យា ការប្រកួតប្រជែងនវានុវត្តន៍ វេទិកាវិនិយោគ និងជំនួបបណ្តាញធុរកិច្ច។
ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការពិភាក្សាប្រធានបទសំខាន់ៗក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ រួមមាន បញ្ញាសិប្បនិម្មិត រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។
ការរៀបចំព្រឹត្តិការណ៍ FrancoTech 2026 នៅកម្ពុជានេះ ជាវេទិកាមួយសម្រាប់ភ្ជាប់ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងសហគ្រិនពីសហគមន៍ហ្វ្រង់កូហ្វូនី ជាមួយទីផ្សារអាស៊ាន ដើម្បីស្វែងរកឱកាសធុរកិច្ច ការវិនិយោគ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕