ព័ត៌មានជាតិ

FrancoTech បើកកិច្ចពិភាក្សាអំពីឱកាស និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងសមធម៌ ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិ

image

ភ្នំពេញ៖ ក្នុងវេទិកា FrancoTech ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ មានការរៀបចំកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ឱកាស និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI Opportunities & Governance)» ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ស្របពេលធានាបាននូវការទទួលខុសត្រូវ ការច្នៃប្រឌិត សមត្ថភាពប្រកួតប្រជែង និងការគ្រប់គ្រងហានិភ័យប្រកបដោយក្រមសីលធម៌។

កិច្ចពិភាក្សានេះផ្តោតលើបញ្ហាសំខាន់ៗ រួមមាន អភិបាលកិច្ចបញ្ញាសិប្បនិម្មិតតាមអធិបតេយ្យភាព ការការពារទិន្នន័យផ្ទាល់ខ្លួន ភាពលម្អៀងនៃក្បួនដោះស្រាយ និងការធានាឱ្យមានការចូលរួមប្រកបដោយសមធម៌ពីភាសា និងវប្បធម៌នៃសហគមន៍ប្រើប្រាស់ភាសាបារាំង ដែលមានធនធាន និងលទ្ធភាពតិចតួចក្នុងការអភិវឌ្ឍបច្ចេកវិទ្យា។

កិច្ចពិភាក្សានេះសម្របសម្រួលដោយលោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងមានការចូលរួមពីវាគ្មិនជំនាញអន្តរជាតិចំនួន៧រូប រួមមាន៖ លោក Benedikt Wechsler តំណាងអចិន្ត្រៃយ៍របស់ប្រទេសស្វីសប្រចាំអង្គការយូណេស្កូ និងសហគមន៍ប្រើប្រាស់ភាសាបារាំង, លោក Didier Nkurikiyimfura នាយកផ្នែកបច្ចេកវិទ្យាថ្មីៗ និងបញ្ញាសិប្បនិម្មិតនៃអង្គការ Smart Africa, សាស្ត្រាចារ្យ Yassine Lakhnech ប្រធានសាកលវិទ្យាល័យ Grenoble Alpes ប្រទេសបារាំង, លោក Mihnea Costoiu សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ POLITEHNICA Bucharest ប្រទេសរ៉ូម៉ានី, លោកបណ្ឌិត Seydina Moussa Ndiaye នាយកកម្មវិធី FORCE-N និងជាប្រធានក្រុមស្រាវជ្រាវ ALIVE នៃសាកលវិទ្យាល័យឌីជីថល Cheikh Hamidou Kane ប្រទេសសេណេហ្គាល់, លោក Alexandre Zapolsky ប្រធានក្រុមហ៊ុន LINAGORA ប្រទេសបារាំង និងលោក Benoit Forest នាយកប្រតិបត្តិការនិងទិន្នន័យនៃក្រុមហ៊ុន VINCI Airports ប្រទេសបារាំង។

តាមរយៈកិច្ចពិភាក្សានេះ អ្នកជំនាញមកពីប្រទេស និងស្ថាប័នផ្សេងៗបានចែករំលែកចំណេះដឹង និងទស្សនៈស្តីពីការអភិវឌ្ឍ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយធានាថាការរីកចម្រើននៃបច្ចេកវិទ្យានេះដើរទន្ទឹមនឹងការការពារសិទ្ធិ ឯកជនភាព តម្លៃវប្បធម៌ និងការលើកកម្ពស់សមធម៌ក្នុងការទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល៕