ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង អំពាវនាឱ្យប្រទេសហ្វ្រង់កូហ្វូន ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីប្រែក្លាយសក្តានុពលសេដ្ឋកិច្ចដ៏ធំរបស់សហគមន៍នេះ ទៅជាឱកាសធុរកិច្ចជាក់ស្តែង

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អាស៊ាន បានអំពាវនាវឱ្យសហគមន៍ធុរកិច្ចនៃបណ្តាប្រទេសហ្វ្រង់កូហ្វូន ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីប្រែក្លាយសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងរបស់សហគមន៍នេះ ទៅជាឱកាសធុរកិច្ចជាក់ស្តែង។

ការអំពាវនាវនេះធ្វើឡើងនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមបើកដំណើរការជាផ្លូវការនូវ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦» (La REF 2026) ក្រោមមូលបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់ចីរភាព និងសមាហរណកម្មនៃសហគមន៍ហ្វ្រង់កូហ្វូន» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Paul St-Pierre Plamondon នាយករដ្ឋមន្ត្រីកេប៊ិក (Quebec) ប្រទេសកាណាដា និងលោក អាម៉េដ ស៊ីសេ (Ahmed Cisse) ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ព្រមទាំងគណៈប្រតិភូធុរកិច្ចជាង ១.០០០នាក់ មកពីបណ្តាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាង ៤០ប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាហ្វ្រិក។

វេទិកានេះ គឺជាព្រឹត្តិការណ៍អមដ៏សំខាន់មួយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងជាលើកដំបូងដែលត្រូវបានរៀបចំឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងទៅកាន់អង្គវេទិកា អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា រដ្ឋ និងរដ្ឋាភិបាលទាំង ៩០ ដែលជាសមាជិកអង្គការហ្វ្រង់កូហ្វូន មានចំណែកស្មើនឹង ១៦,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបសកល និង ២០ភាគរយនៃពាណិជ្ជកម្មទំនិញពិភពលោក ខណៈមានប្រជាជនសរុបប្រមាណ ១,២ពាន់លាននាក់។

ទោះបីជាមានទំហំសេដ្ឋកិច្ច និងទីផ្សារដ៏ធំធេងក៏ដោយ ក៏ពាណិជ្ជកម្មរវាងប្រទេសជាសមាជិកនៅមិនទាន់មានភាពស៊ីជម្រៅនៅឡើយ។ ដូច្នេះ សហគមន៍ធុរកិច្ចចាំបាច់ត្រូវបង្កើតយន្តការ និងលក្ខខណ្ឌអំណោយផល ដើម្បីឱ្យក្រុមហ៊ុននៅក្នុងប្រទេសហ្វ្រង់កូហ្វូននីមួយៗ អាចស្វែងរកឱកាសធុរកិច្ច ដៃគូ និងអតិថិជននៅក្នុងទីផ្សារប្រទេសសមាជិកផ្សេងទៀតបានកាន់តែងាយស្រួល។

អ្នកឧកញ៉ា បានកត់សម្គាល់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសហ្វ្រង់កូហ្វូននាពេលបច្ចុប្បន្ន នៅតែផ្អែកជាចម្បងលើការតភ្ជាប់ទ្វេភាគីដាច់ដោយឡែកពីគ្នា។ ដូច្នេះ ចាំបាច់ត្រូវពង្រឹងការតភ្ជាប់ឱ្យកាន់តែទូលំទូលាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស និងពង្រីកអាជីវកម្មនៅតាមទីផ្សារនៃប្រទេសសមាជិកផ្សេងៗ។

សម្រាប់កម្ពុជា អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្ពុជាគឺជាច្រកទ្វារយុទ្ធសាស្ត្របើកចំហដ៏ធំទូលាយ។ ជាមួយនឹងក្របខ័ណ្ឌច្បាប់វិនិយោគដែលអនុញ្ញាតឱ្យជនបរទេសធ្វើជាម្ចាស់ភាគហ៊ុន ១០០% ការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ ៩ ឆ្នាំ បណ្តាញអគ្គិសនីជាតិដែលដើរដោយថាមពលកកើតឡើងវិញ និងថាមពលស្អាតជាង ៦០% ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារអាស៊ានដែលមានអ្នកប្រើប្រាស់ជាង ៦៨០លាននាក់ និងកិច្ចព្រមព្រៀង RCEP ដោយគ្មានពន្ធគយ កម្ពុជាមានជំហរយ៉ាងរឹងមាំក្នុងការជួយជំរុញការពង្រីកអាជីវកម្មរយៈពេលវែងរបស់សហគ្រាសហ្វ្រង់កូហ្វូនចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃវេទិកា REF គឺជាការបង្ហាញពីមហិច្ឆតាច្បាស់លាស់របស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពហ្វ្រង់កូហ្វូន និងលើកកម្ពស់កម្ពុជាឱ្យក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ក្រុមហ៊ុនហ្វ្រង់កូហ្វូន ដែលមានបំណងបង្កើត និងពង្រីកវត្តមានអាជីវកម្មនៅក្នុងតំបន់មេគង្គ និងទូទាំងអាស៊ាន។

អ្នកឧកញ៉ាបានបន្តថា មហិច្ឆតានេះ ក៏មានមូលដ្ឋានលើការប្តេជ្ញាចិត្តដែលបានធ្វើឡើងកាលពីជាងពីរឆ្នាំមុនផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជំរុញការតភ្ជាប់ និងពង្រីកបណ្តាញធុរកិច្ចអន្តរជាតិ សភាពាណិជ្ជកម្មកម្ពុជា ក៏បានពង្រីកការិយាល័យតំណាងនៅតាមទីផ្សារសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងបារាំង ព្រមទាំងមានវត្តមាននៅទីក្រុងម៉ុងរ៉េអាល់ និងតូរ៉ុនតូ ប្រទេសកាណាដា ដើម្បីពង្រឹងទំនាក់ទំនងជាមួយក្រុមហ៊ុន និងវិនិយោគិនអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ក៏បានរំលឹកពីមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រដែលបានដាក់ចេញក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា កម្ពុជានៅតែបន្តពង្រឹងជំហររបស់ខ្លួនជាគោលដៅដ៏មានសក្តានុពលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍធុរកិច្ចក្នុងតំបន់។

ថ្លែងក្នុងឱ្យកាសនេះ ឯកឧត្តម Paul St-Pierre Plamondon នាយករដ្ឋមន្ត្រីកេប៊ិក ក៏បានលើកឡើងដែរថា សហគមន៍ហ្វ្រង់កូហ្វូនមានសក្តានុពលសេដ្ឋកិច្ចដ៏ធំធេង ប៉ុន្តែមិនទាន់ត្រូវបានប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ។ ឯកឧត្តមបានចាត់ទុកភាសាបារាំងថា ជាភាសាពាណិជ្ជកម្មដែលអាចតភ្ជាប់មនុស្សប្រមាណ ១,២ពាន់លាននាក់ និងជាធនធានដ៏មានតម្លៃដែលអាចបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ ប្រសិនបើត្រូវបានប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបានបន្តថា ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនរួមគ្នាបង្កើតបានជាទីផ្សារដ៏ធំមួយ ដែលមានចំណែក ២០ភាគរយនៃពាណិជ្ជកម្មទំនិញសកល និងកាន់កាប់ធនធានរ៉ែ និងថាមពលប្រមាណ ១៤ភាគរយនៃពិភពលោក។ ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា កេប៊ិកមានបំណងចូលរួមកសាងលំហសេដ្ឋកិច្ចហ្វ្រង់កូហ្វូនមួយដែលមានភាពរឹងមាំ សមាហរណកម្ម និងមហិច្ឆតាកាន់តែខ្ពស់។

ឯកឧត្តម បានគូសបញ្ជាក់ថា សហគមន៍ហ្វ្រង់កូហ្វូនមិនត្រឹមតែជាសហគមន៍ភាសា និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសេដ្ឋកិច្ចដែលអាចផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសជាសមាជិក។ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រទេសជាសមាជិករួមគ្នាប្រើប្រាស់ភាសាដែលជាចំណងរួមនេះ ជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចថ្មី និងវិបុលភាពរួមរបស់ប្រជាជន។

សូមជម្រាបថា វេទិកាសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦ បានផ្តោតលើកិច្ចពិភាក្សាធុរកិច្ច និងជំរុញលំហូរវិនិយោគជាក់ស្តែង ការបណ្តាក់ទុនរួមគ្នា ព្រមទាំងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ បច្ចេកវិទ្យានិងឌីជីថល កសិ-ឧស្សាហកម្មនិងការកែច្នៃម្ហូបអាហារ ថាមពលស្អាតនិងបរិស្ថាន សំណង់និងអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុនិងការប្រឹក្សាយោបល់ ពាណិជ្ជកម្ម ភស្តុភារកម្មនិងការដឹកជញ្ជូន សុខាភិបាលនិងវេជ្ជសាស្ត្រ ទេសចរណ៍ សណ្ឋាគារនិងភោជនីយដ្ឋាន ការអប់រំនិងការបណ្តុះបណ្តាល និង វិស័យរ៉ែ និងធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ ក៏មានកិច្ចពិភាក្សាផ្តោតលើប្រធានបទគន្លឹះសម្រាប់ការរីកចម្រើនក្នុងតំបន់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ថាមពល ច្រករបៀងពាណិជ្ជកម្មអាស៊ាន-ហ្វ្រង់កូហ្វូនី (ASEAN–Francosphere) ការបណ្តាក់ទុនរួមគ្នា ទីផ្សារឌីជីថល និងក្របខ័ណ្ឌច្បាប់ស្តីពីការការពារការវិនិយោគ៕

អត្ថបទ៖ សៀម ប៊ុនធី និង ចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់, ង៉ាន់ សំណាង និងប៉ក់ សុឃីម