លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសហគ្រិនកម្ពុជា និងហ្វ្រង់កូហ្វូន ពង្រីកកិច្ចសហប្រតិបត្តិការ និងកសាងភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគយូរអង្វែង
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសហគ្រិនកម្ពុជា និងហ្វ្រង់កូហ្វូន ពង្រីកកិច្ចសហប្រតិបត្តិការ និងកសាងភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគយូរអង្វែង ដើម្បីកសាងសេដ្ឋកិច្ចរបស់សហគមន៍នេះឱ្យកាន់តែរីកចម្រើន។
ការលើកទឹកចិត្តនេះ ក្នុងឱកាសដែលលោកជំទាវរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសមោសរនៃជំនួបសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦ (REF 2026) ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក Ahmed CISSÉ ប្រធានសម្ព័ន្ធអង្គការនិយោជកហ្វ្រង់កូហ្វូនី (APF) ព្រមទាំងគណៈប្រតិភូ និងធុរជនកម្ពុជា និងហ្វ្រង់កូហ្វូនី កាលពីល្ងាចថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបសហគ្រិនហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងជាលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍នេះ បានប្រមូលផ្តុំទាំងក្រុមហ៊ុនធំៗដែលមានបទពិសោធន៍យូរឆ្នាំ និងសហគ្រាសដែលកំពុងរីកចម្រើន។ បទពិសោធន៍ និងឯកទេសចម្រុះរបស់សហគ្រាសទាំងនេះក្នុងវិស័យកសិកម្ម ឧស្សាហកម្មផលិតកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសេវាកម្ម បើកឱកាសឱ្យធុរជនស្វែងរកដៃគូដែលមានជំនាញបំពេញបន្ថែមឱ្យគ្នា ដើម្បីពង្រីកទីផ្សារ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់។
លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទំនុកចិត្តរវាងដៃគូអាជីវកម្ម និងបរិយាកាសធុរកិច្ចដែលអាចព្យាករបាន ជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តវិនិយោគ និងការកសាងទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក៏រួមចំណែកបង្កើនការយោគយល់គ្នា និងពង្រឹងស្ថិរភាពក្នុងចំណោមប្រទេសហ្វ្រង់កូហ្វូនីផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យធុរជនទាញយកប្រយោជន៍ពីជំនួបធុរកិច្ចទ្វេភាគី (B2B) ក្នុងក្របខ័ណ្ឌ REF 2026 ដើម្បីស្វែងយល់ពីតម្រូវការរបស់ដៃគូ និងកំណត់ឱកាសសហការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ជំនួបនៅរាជធានីភ្នំពេញនេះនឹងជួយឱ្យសហគ្រិនវ័យក្មេង និងសហគ្រាសដែលដឹកនាំដោយស្ត្រី អាចពង្រីកបណ្តាញដៃគូអាជីវកម្មរបស់ខ្លួនបានកាន់តែទូលំទូលាយ។
សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) បានបើកដំណើរការជាផ្លូវការនូវ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦» (La REF 2026) កាលពីរសៀលថ្ងៃទី ១៤ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់ចីរភាព និងសមាហរណកម្មនៃសហគមន៍ហ្វ្រង់កូហ្វូន» ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូធុរកិច្ចជាង ១០០០នាក់ មកពីបណ្តាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាង ៤០ប្រទេស ក្នុងទ្វីបអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាហ្វ្រិក ដើម្បីជួបពិភាក្សាធុរកិច្ច និងជំរុញលំហូរវិនិយោគជាក់ស្តែង ការបណ្តាក់ទុនរួមគ្នា ព្រមទាំងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ បច្ចេកវិទ្យានិងឌីជីថល កសិ-ឧស្សាហកម្មនិងការកែច្នៃម្ហូបអាហារ ថាមពលស្អាតនិងបរិស្ថាន សំណង់និងអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុនិងការប្រឹក្សាយោបល់ ពាណិជ្ជកម្ម ភស្តុភារកម្មនិងការដឹកជញ្ជូន សុខាភិបាលនិងវេជ្ជសាស្ត្រ ទេសចរណ៍ សណ្ឋាគារនិងភោជនីយដ្ឋាន ការអប់រំនិងការបណ្តុះបណ្តាល និង វិស័យរ៉ែ និងធនធានធម្មជាតិ។
ទន្ទឹមនឹងនេះ ក៏មានកិច្ចពិភាក្សាផ្តោតលើប្រធានបទគន្លឹះសម្រាប់ការរីកចម្រើនក្នុងតំបន់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក ថាមពល ច្រករបៀងពាណិជ្ជកម្មអាស៊ាន-ហ្វ្រង់កូហ្វូនី (ASEAN–Francosphere) ការបណ្តាក់ទុនរួមគ្នា ទីផ្សារឌីជីថល និងក្របខ័ណ្ឌច្បាប់ស្តីពីការការពារការវិនិយោគ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អ៊ុន ផាន់ណាត់ និងង៉ាន់ សំណាង