លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ គិតត្រឹមខែតុលា ឆ្នាំ២០២៦ Verify.gov.kh ត្រូវបានប្រើប្រាស់ដោយក្រសួង និងស្ថាប័នសាធារណៈចំនួន ៣៨ ព្រមទាំងគ្រឹះស្ថានអប់រំចំនួន ៧៧ និងបានគាំទ្រការផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២លាន
ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានលើកឡើងថា ដោយគិតត្រឹមខែតុលា ឆ្នាំ២០២៦ ថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថលជាតិរបស់កម្ពុជា Verify.gov.kh ត្រូវបានប្រើប្រាស់ដោយក្រសួង និងស្ថាប័នសាធារណៈចំនួន ៣៨ ព្រមទាំងគ្រឹះស្ថានអប់រំចំនួន ៧៧ និងបានគាំទ្រការផ្ទៀងផ្ទាត់ឯកសារប្រមាណ ១២លាន។
ថ្លែងក្នុងវេទិការដ្ឋមន្ត្រីស្តីពីរដ្ឋាភិបាលឌីជីថល ក្រោមប្រធានបទ «ការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលមានភាពធន់ បរិយាបន្ន និងផ្តោតលើតម្រូវការប្រជាពលរដ្ឋ» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា Verify.gov.kh បានជួយសម្រួលនីតិវិធីរដ្ឋបាល កាត់បន្ថយពេលវេលាផ្ទៀងផ្ទាត់ឯកសារ ទប់ស្កាត់ការក្លែងបន្លំឯកសារ និងពង្រឹងទំនុកចិត្តរបស់សាធារណជន។
លោកបានបន្ថែមថា លក្ខណៈពិសេសមួយរបស់ប្រព័ន្ធនេះ គឺអាចផ្ទៀងផ្ទាត់ឯកសារបានដោយមិនចាំបាច់មានការតភ្ជាប់ជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានទិន្នន័យរបស់ស្ថាប័នដែលចេញឯកសារនោះឡើយ។ លើសពីការផ្ទៀងផ្ទាត់ឯកសារក្នុងប្រទេស និងឆ្លងដែន ស្ថាបត្យកម្មបច្ចេកវិទ្យារបស់ប្រព័ន្ធនេះក៏មានសក្តានុពលក្នុងការគាំទ្រអត្តសញ្ញាណឌីជីថល កាបូបឌីជីថល ការផ្លាស់ប្តូរទិន្នន័យប្រកបដោយសុវត្ថិភាព និងសេវាផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) ផងដែរ។
លោក ជា វ៉ាន់ដេត បានបញ្ជាក់ពីចក្ខុវិស័យក្នុងការអភិវឌ្ឍ Verify.gov.kh ឱ្យក្លាយជាវេទិកាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពហុមុខងារ ដែលអាចគាំទ្រប្រតិបត្តិការឌីជីថលប្រកបដោយទំនុកចិត្ត ការចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព និងការទទួលបានសេវាសាធារណៈ និងឯកជនដោយងាយស្រួល។
ជាមួយគ្នានេះ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទីម័រខាងកើតបានយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងប្រព័ន្ធផ្តល់បណ្ណបើកបរ ខណៈប្រទេសហ្វីលីពីនក៏បានដាក់ឱ្យប្រើប្រាស់ស្ថាបត្យកម្មប្រព័ន្ធដែលផ្អែកលើ Verify.gov.kh សម្រាប់ប្រព័ន្ធអត្តសញ្ញាណឌីជីថលជាតិរបស់ខ្លួនផងដែរ។ បទពិសោធន៍ទាំងនេះបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍន៍មិនត្រឹមតែអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចក្លាយជាអ្នកបង្កើតនវានុវត្តន៍ និងផ្តល់ដំណោះស្រាយឌីជីថលដល់ប្រទេសដទៃបានផងដែរ។
ក្រៅពីនេះ កម្ពុជាក៏បានដាក់ឱ្យប្រើប្រាស់កម្មវិធី DG SuperApp ដែលជាច្រកចូលរួមមួយសម្រាប់ទទួលបានសេវារដ្ឋាភិបាលឌីជីថល ព្រមទាំងវេទិកាផ្សេងៗទៀតសម្រាប់ឯកសារផ្លូវការ ទម្រង់បែបបទឌីជីថល ការទំនាក់ទំនងរបស់រដ្ឋាភិបាល និងបញ្ញាសិប្បនិម្មិតជាភាសាខ្មែរ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលដៅរបស់កម្ពុជាគឺការកសាងប្រព័ន្ធរដ្ឋាភិបាលទាំងមូលដែលមានការតភ្ជាប់គ្នា និងផ្តោតលើតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរកិច្ច។ នាពេលអនាគត ប្រជាពលរដ្ឋមិនគួរចាំបាច់ត្រូវស្វែងយល់ពីរបៀបរៀបចំរចនាសម្ព័ន្ធក្រសួង និងស្ថាប័នរដ្ឋ ដើម្បីទទួលបានសេវាសាធារណៈនោះទេ ប៉ុន្តែប្រព័ន្ធរដ្ឋាភិបាលត្រូវតែអាចធ្វើការរួមគ្នា ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈមធ្យោបាយឌីជីថលដែលមានភាពសាមញ្ញ និងងាយស្រួលប្រើប្រាស់៕