លោកប្រធានាធិបតី ម៉ាក្រុង អំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនី ពង្រឹងកម្លាំងនយោបាយ សេដ្ឋកិច្ច និងវិស័យ AI ដើម្បីផ្សារភ្ជាប់គម្លាតពិភពលោក និងដោះស្រាយជម្លោះអន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅកម្ពុជា
ភ្នំពេញ៖ ស្ថិតនៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នារាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីបារាំង លោក អ៊ែម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) អំពាវនាវឱ្យបណ្តាប្រទេសនិយាយភាសាបារាំង ក្លាយជាកម្លាំងនយោបាយ និងសេដ្ឋកិច្ចដ៏រឹងមាំជាងមុន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ។
ពាក់ព័ន្ធនឹងវិស័យសន្តិសុខអន្តរជាតិ លោក ម៉ាក្រុង បានជំរុញឱ្យបណ្តាប្រទេសនិយាយភាសាបារាំង ដើរតួនាទីកាន់តែសកម្មក្នុងការដោះស្រាយជម្លោះនានាតាមរយៈការសន្ទនា និងការសម្រុះសម្រួល។ លោកសង្កត់ធ្ងន់ថា រដ្ឋជាសមាជិកត្រូវធ្វើការរួមគ្នាដើម្បីការពារច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីធានាថាច្បាប់មានអំណាចលើសពីការប្រើប្រាស់កម្លាំង ។
ប្រធានាធិបតីបារាំងរូបនេះ ក៏បានអំពាវនាវឱ្យពិភពហ្វ្រង់កូហ្វូនី ពង្រឹងជំហររបស់ខ្លួនឱ្យកាន់តែរឹងមាំ នៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយក្រើនរំលឹកថា បច្ចេកវិទ្យាថ្មីៗមិនត្រូវមើលរំលងភាសាបារាំងឡើយ។ លោកគូសបញ្ជាក់ថា ភាសាបារាំងគឺជាភាសាសម្រាប់ធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការច្នៃប្រឌិតរួមគ្នា ដែលបង្រួបបង្រួមប្រជាជនជាង ៤០០ លាននាក់នៅទូទាំងតំបន់ផ្សេងៗ ។
កិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញដែលមានរដ្ឋ និងរដ្ឋាភិបាលចំនួន ៩០ ចូលរួមនេះ គឺជាលើកដំបូងក្នុងរយៈពេល ២៩ ឆ្នាំ ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍សាជាថ្មី ចាប់តាំងពីឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយកម្ពុជាគឺជាប្រទេសអាស៊ីទី ២ ដែលធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះ បង្កប់នូវអត្ថន័យជាប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់កម្ពុជា ដោយសារតែព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា គឺជាព្រះរាជស្ថាបនិកមួយព្រះអង្គនៃចលនាហ្វ្រង់កូហ្វូនី កាលពីឆ្នាំ ១៩៧០ ។
ក្រៅពីកិច្ចពិភាក្សាលើសន្តិភាព សេដ្ឋកិច្ច និងបច្ចេកវិទ្យា កិច្ចប្រជុំកំពូលនេះក៏មានការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) សម្រាប់អាណត្តិឆ្នាំ ២០២៧-២០៣០ នៅថ្ងៃចន្ទផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ដកស្រង់ចេញពីប្រភព VIORY.