ព័ត៌មានជាតិ

មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធតម្លៃ ៩៩លានដុល្លារ បំបែកកំណត់ត្រាថ្មីនៅកម្ពុជា និងបើកផ្លូវដល់កញ្ចប់ហិរញ្ញប្បទានថាមពលពន្លឺព្រះអាទិត្យ ១៥០លានដុល្លារ

image

ភ្នំពេញ៖ កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយនៅក្នុងវិស័យទីផ្សារមូលបត្រ តាមរយៈការចុះបញ្ជីលក់មូលបត្របំណុលគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ស្នេថេក ជុភីធើរ ដែលមានតម្លៃ ៩៩លានដុល្លារអាមេរិក ជាការបោះផ្សាយមូលបត្របំណុលប្រភេទនេះដែលមានទំហំធំបំផុតមិនធ្លាប់មាននៅកម្ពុជា។ ការបោះផ្សាយនេះជាផ្នែកមួយនៃកញ្ចប់ហិរញ្ញប្បទានសរុបចំនួន ១៥០លានដុល្លារអាមេរិក សម្រាប់ការវិនិយោគក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ។

ពិធីចុះបញ្ជីមូលបត្របំណុលនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីរដ្ឋាភិបាលអូស្ត្រាលី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ផ្សារមូលបត្រកម្ពុជា (ផមក) រដ្ឋាភិបាលលុចសំបួរ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងក្រុមហ៊ុន ស្នេថេក ជុភីធើរ។

មូលបត្របំណុលនេះនឹងផ្តល់ហិរញ្ញប្បទានឡើងវិញដល់ការវិនិយោគលើកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិតអគ្គិសនី ៣៥០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រថាមពលនេះអាចផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ២០ម៉ឺនខ្នងផ្ទះ។ គម្រោងនេះជាផ្នែកមួយនៃមជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពសរុប ៩៣០មេហ្គាវ៉ាត់ និងជាគម្រោងអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍។

ការបោះផ្សាយមូលបត្របំណុលនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និង ន.ម.ក. ក្នុងការពង្រឹងទីផ្សារមូលបត្រកម្ពុជា។ តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីបានផ្តល់ជំនួយបច្ចេកទេសដល់ ន.ម.ក. ក្នុងការរៀបចំប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានដាក់ឱ្យអនុវត្តនៅខែកក្កដា ឆ្នាំ២០២៥។ ក្របខ័ណ្ឌបទប្បញ្ញត្តិនេះអនុញ្ញាតឱ្យក្រុមហ៊ុនសាធារណៈ និងឯកជន អាចកៀរគរហិរញ្ញប្បទានរយៈពេលវែងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

អូស្ត្រាលីក៏បានបន្តសហការជាមួយ ន.ម.ក. និងវិស័យឯកជន តាមរយៈការគាំទ្រមួយផ្នែកលើចំណាយនៃការបោះផ្សាយមូលបត្របំណុលសម្រាប់ក្រុមហ៊ុនត្រួសត្រាយផ្លូវដំបូង ដូចជាក្រុមហ៊ុន ស្នេថេក ជាដើម ដើម្បីកាត់បន្ថយឧបសគ្គក្នុងការចូលរួមទីផ្សារមូលបត្រ និងជំរុញការវិនិយោគបន្ថែមទៀត។

ជាមួយគ្នានេះ ការបោះផ្សាយមូលបត្របំណុលនេះ ក៏ទទួលបានការគាំទ្រពីកម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA) តាមរយៈជំនួយបច្ចេកទេសរបស់ GGGI ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិបរធនបាលកិច្ចសកលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសលុចសំបួរ។ ការចុះបញ្ជីនេះក៏ជាការពង្រីកការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំនៅកម្ពុជា និងបង្ហាញពីតួនាទីរបស់វិស័យឯកជនក្នុងការជំរុញការផ្លាស់ប្តូរទៅរកថាមពលបៃតងផងដែរ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ផមក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅបង្កើនចំណែកថាមពលកកើតឡើងវិញក្នុងការផលិតអគ្គិសនីជាតិ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងការនាំចូលថាមពល ព្រមទាំងធានាសន្តិសុខថាមពលជាតិ។

លោកបានបញ្ជាក់ថា គម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតធំ គឺជាផ្នែកដ៏សំខាន់នៃផែនការអភិវឌ្ឍថាមពលរបស់កម្ពុជា ដោយសារប្រទេសមានសក្តានុពលខ្ពស់ផ្នែកថាមពលព្រះអាទិត្យ។ លោកបន្តថា ការបោះផ្សាយមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ជុភីធើរ មិនត្រឹមតែជាការកៀរគរទុនរបស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចបៃតង បង្កើតតម្លៃបន្ថែម ការងារបៃតង និងធានាការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

លោកបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យមូលបត្រកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំ មានតម្លាភាព និងទទួលបានទំនុកចិត្តខ្ពស់ តាមរយៈយុទ្ធសាស្ត្រស្នូលចំនួន៥ រួមមាន៖ ការពង្រឹងក្របខ័ណ្ឌគតិយុត្ត និងអភិបាលកិច្ចសាជីវកម្មឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ ការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងហិរញ្ញវត្ថុបៃតង ការលើកទឹកចិត្តក្រុមហ៊ុនបោះផ្សាយ និងពង្រីកមូលដ្ឋានវិនិយោគិន ការជំរុញបរិវត្តកម្មឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការផ្សព្វផ្សាយអំពីការវិនិយោគក្នុងវិស័យមូលបត្រដល់សាធារណជន។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយ ន.ម.ក.

ក្នុងការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់មូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធ និងបានរួមចំណែកដល់ការបោះផ្សាយមូលបត្របំណុលដែលបំបែកកំណត់ត្រាថ្មីនេះ។ លោកសង្ឃឹមថា សមិទ្ធផលនេះនឹងជំរុញឱ្យអាជីវកម្ម និងវិនិយោគិនកាន់តែច្រើនចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រកំណើនប្រកបដោយនិរន្តរភាព សន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។

លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌នៃប្រទេសលុចសំបួរ បានលើកឡើងថា ក្នុងនាមជាមជ្ឈមណ្ឌលសកលសម្រាប់ឧបករណ៍មូលបត្របំណុលប្រកបដោយចីរភាព លុចសំបួរមានសេចក្តីរីករាយដែលកិច្ចសហប្រតិបត្តិការតាមរយៈ GGGI បានជួយភ្ជាប់មហិច្ឆតាថាមពលស្អាតរបស់កម្ពុជាជាមួយនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយចីរភាព។លោកសង្ឃឹមថា ការបោះផ្សាយនេះនឹងបង្កើនទំនុកចិត្តដល់អាជីវកម្ម និងវិនិយោគិនឱ្យចូលរួមក្នុងទីផ្សារដែលកំពុងរីកចម្រើននេះកាន់តែច្រើន។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានមានប្រសាសន៍ថា ការអភិវឌ្ឍបៃតងគឺជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព លើកកម្ពស់គុណភាពបរិស្ថាន និងពង្រឹងសន្តិសុខថាមពលជាតិ។ លោកបានចាត់ទុកការចុះបញ្ជីមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធគម្រោងបៃតងរបស់ក្រុមហ៊ុន ស្នេថេក ជុភីធើរ ជាសមិទ្ធផលដ៏សំខាន់មួយ ដែលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការជំរុញការផលិតថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនី។
លោកបានបន្ថែមថា ទីផ្សារសញ្ញាបណ្ណបៃតងមានតួនាទីសំខាន់ក្នុងការកៀរគរហិរញ្ញប្បទានរយៈពេលវែងសម្រាប់គម្រោងអភិវឌ្ឍន៍បៃតង ដោយផ្តល់ជម្រើសហិរញ្ញប្បទានបន្ថែមដល់ក្រុមហ៊ុន និងបង្កើតឱកាសវិនិយោគថ្មីៗសម្រាប់វិនិយោគិន ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗផ្សេងទៀតដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

លោក ហុង សុហួរ អគ្គនាយកនៃ ផមក បានមានប្រសាសន៍ថា សមិទ្ធផលនេះបង្ហាញពីការបំពេញបេសកកម្មរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការគាំទ្រដល់ការកៀរគរទុនរយៈពេលវែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក សម្រាប់ការអភិវឌ្ឍអាជីវកម្ម និងការផ្គត់ផ្គង់ថាមពលស្អាតប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។ លោកក៏បានអំពាវនាវដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ព្រមទាំងក្រុមហ៊ុនអន្តរជាតិដែលមានសក្តានុពល និងបំពេញលក្ខខណ្ឌចុះបញ្ជី ឱ្យចូលរួមកៀរគរទុនតាមរយៈទីផ្សារមូលបត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបណ្ឌិត ហេង សុជាតិ អគ្គនាយកក្រុមហ៊ុន ស្នេថេក ជុភីធើរ បានថ្លែងអំណរគុណដល់ ន.ម.ក. ផមក រដ្ឋាភិបាលអូស្ត្រាលី និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រដល់ដំណើរការនេះ។ លោកបានលើកឡើងថា មូលបត្របំណុលនេះបង្ហាញពីរបៀបដែលហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍អាចបើកផ្លូវដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតខ្នាតធំ ព្រមទាំងរួមចំណែកដល់សន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា។

គួរបញ្ជាក់ថា ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣ បានកំណត់តម្រូវការវិនិយោគប្រមាណ ៣៦ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារកម្មតែមួយមុខ។ ក្នុងន័យនេះ ការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនតាមរយៈទីផ្សារមូលធនកម្ពុជា អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលំទូលាយរបស់ប្រទេស៕