រដ្ឋមន្ត្រីព័ត៌មាន អះអាងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់
ភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រយៈពេល ២ ថ្ងៃ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់នៅ រសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វេីសន្និសីទបិទបញ្ចប់កិច្ចប្រជុំនេះ ដោយបានបង្ហាញពីលទ្ធផលប្រាប់ដល់សារព័ត៌មានជាតិ និងអន្តរជាតិ ដោយអះអាងថា ទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
បេីតាមលោករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃបណ្តារដ្ឋ និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីចំនួន ៨១ ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២៣ ចូលរួម គឺស្មើនឹង ៩០% នៃសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុប ៩០។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះសរុបប្រមាណ ១.៥០០នាក់ មកពី ៣០៨ស្ថាប័ន/អង្គភាព និង ៤២ប្រទេស ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងកិច្ចប្រជុំកំពូលនេះ។ ព្រឹត្តិការណ៍អមផ្សេងៗដូចជាភូមិហ្វ្រង់កូហ្វូនី និង FrancoTech ជំនួបសហគ្រិនហ្វ្រង់កូហ្វូន និងព្រឹត្តិការណ៍ផ្សេងទៀតទទួលបានការចាប់អារម្មណ៍ខ្ពស់ និងមានអ្នកចូលទស្សនាច្រើន។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កិច្ចប្រជុំបានផ្តោតលើការពង្រឹងសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមានឯកសារលទ្ធផលសំខាន់ៗចំនួន ៣ គឺសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដំណោះស្រាយស្តីពីស្ថានភាពវិបត្តិ និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពី ការការពារបេតិកភណ្ឌវប្បធម៌ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីបានសម្រេចបន្តអាណត្តិ លោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បច្ចុប្បន្នរយៈពេល ១២ខែ ដោយរាប់ចាប់ពីថ្ងៃនេះទៅ និងបញ្ចប់ក្នុងរយៈពេល ១២ ខែខាងមុខ និងឈានទៅជ្រើសរើសបេក្ខភាពអគ្គលេខាធិការ OIF ថ្មី។
ជាមួយគ្នានេះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក៏បានសម្រេចបើការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជាផងដែរ។ កិច្ចប្រជុំកំពូលក៏បានសម្រេចថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នឹងត្រូវរៀបចំនៅប្រទេសកាណាដានៅឆ្នាំ២០២៨។ បេីតាម លោក នេត្រ ភក្ត្រា សម្រាប់កម្ពុជា កិច្ចប្រជុំកំពូលនេះមិនត្រឹមតែជាជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំព្រឹត្តិការណ៍ការទូតអន្តរជាតិកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងទំនាក់ទំនងអន្តរជាតិ និងបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោកថា «សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានផ្តល់ឱ្យកម្ពុជានូវឱកាសមាសដ៏សំខាន់ចំនួនបី គឺ ការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងតួនាទីការទូតអន្តរជាតិ និងការបើកទ្វារទៅរកកិច្ចសហប្រតិបត្តិការថ្មីៗ។ ទី១-កម្ពុជាមិនត្រឹមតែបានទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបាននាំយកសារសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌ ទៅកាន់វេទិកាពិភពលោក។ ទី២-ការចូលរួមរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដ៏ច្រើន បានបង្កើតឱកាសដ៏សំខាន់ក្នុងការបង្ហាញរូបភាពពិតរបស់កម្ពុជា ទាំងសន្តិភាព ស្ថិរភាព វប្បធម៌ និងសក្តានុពលអភិវឌ្ឍន៍ និងទី៣ អ្វីដែលកម្ពុជាទទួលបាន មិនមែនមានត្រឹមរយៈពេលបីថ្ងៃនៃកិច្ចប្រជុំនោះទេប៉ុន្តែជាទុនការទូត ទុនកិត្យានុភាព និងឱកាសសហប្រតិបត្តិការសម្រាប់អនាគត។ ជោគជ័យរយៈពេលវែងនៃការធ្វើជាម្ចាស់ផ្ទះនេះ គឺការប្រែក្លាយទំនាក់ទំនង និងការប្តេជ្ញាចិត្តអន្តរជាតិ ទៅជាកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា។
សារៈសំខាន់ និងផលប្រយោជន៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងជាឱកាសយុទ្ធសាស្ត្រសម្រាប់កម្ពុជា ក្នុងការពង្រឹងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះមានសារៈសំខាន់លើសពីការរៀបចំពិធីការទូត និងការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំអន្តរជាតិ។ វាជាឱកាសបង្កើតតម្លៃថ្មីសម្រាប់ប្រទេសជាតិ ទាំងក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ និងបច្ចេកវិទ្យា៖
ទី១. កម្ពុជាកំពុងពង្រឹងកិត្យានុភាពជាតិ និងតួនាទីក្នុងការទូតពហុភាគី។ ការជួបជុំរបស់ថ្នាក់ដឹកនាំអន្តរជាតិនៅភ្នំពេញ បង្ហាញពីឱកាសដែលកម្ពុជាមានក្នុងការចូលរួមកាន់តែសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការពិភាក្សាអំពីបញ្ហាប្រឈមរួមរបស់ពិភពលោក។ កម្ពុជាមិនត្រឹមតែជាទីតាំងរៀបចំកិច្ចប្រជុំនោះទេ ប៉ុន្តែជាដៃគូដែលអាចរួមចំណែកផ្តល់គំនិត និងជំរុញដំណោះស្រាយលើបញ្ហាសន្តិភាព និងការអភិវឌ្ឍ។
ទី២. កម្ពុជាកំពុងប្រែក្លាយឱកាសការទូតទៅជាកាលានុវត្តភាពសេដ្ឋកិច្ច។ កិច្ចប្រជុំកំពូលបើកទ្វារសម្រាប់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ការតភ្ជាប់សហគ្រាស ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។ គោលដៅសំខាន់គឺធ្វើឱ្យទំនាក់ទំនងដែលកើតចេញពីកិច្ចប្រជុំកំពូល អាចបន្តទៅជាគម្រោងសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។
ទី៣. កម្ពុជាកំពុងបង្ហាញអត្តសញ្ញាណ និងអរិយធម៌របស់ខ្លួនទៅកាន់ពិភពលោក។ វត្តមានរបស់គណៈប្រតិភូ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ គឺជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរ ប្រវត្តិសាស្ត្រ សិល្បៈ ទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា។ នេះជាការប្រើប្រាស់អំណាចទន់តាមរយៈវប្បធម៌ ដើម្បីបង្កើនការយល់ដឹង កសាងទំនុកចិត្ត និងពង្រឹងមិត្តភាពរវាងប្រជាជាតិ។
ទី៤. កម្ពុជាកំពុងនាំយកបទពិសោធន៍នៃសន្តិភាពទៅចែករំលែកជាមួយសហគមន៍អន្តរជាតិ។ ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងការបែកបាក់ បានយល់ច្បាស់ថា សន្តិភាពមិនមែនជាពាក្យស្លោកនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃជីវិត សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍ។ ហេតុនេះ ប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់កម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល។
ទី៥. កម្ពុជាកំពុងកសាងកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។ តម្លៃពិតប្រាកដនៃកិច្ចប្រជុំកំពូលស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាព កិច្ចព្រមព្រៀងទៅជាការអនុវត្ត និងឱកាសអន្តរជាតិទៅជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ កិច្ចប្រជុំកំពូលនៅភ្នំពេញ គួរត្រូវបានចងចាំមិនត្រឹមតែជាព្រឹត្តិការណ៍ដែលពិភពលោកបានមកជួបជុំគ្នានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដែលកម្ពុជាបានបើកទ្វារទៅកាន់ឱកាសថ្មីៗ និងបានរួមចំណែកក្នុងការកសាងអនាគតរួម។ កម្ពុជាមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយនោះទេ ប៉ុន្តែកម្ពុជាកំពុងបើកទ្វារទៅកាន់ឱកាសថ្មី ពង្រឹងតួនាទីលើឆាកអន្តរជាតិ និងកសាងកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ»។
ជាមួយគ្នានេះ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ ក្នុងចំណោមប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដែល បានអញ្ជើញមកចូលរួមកិច្ចប្រជុំមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលចំនួន ៣ បានធ្វើទស្សនកិច្ចផ្លូវរដ្ឋ និងទស្សនកិច្ចផ្លូវការរួមមាន ប្រធានាធិបតីរវ៉ាន់ដា ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ និងទស្សនកិច្ចផ្លូវការរបស់ លោក ម៉ាក ជូសេហ្វខានី (Mark Joseph Carney) នាយករដ្ឋមន្រ្តីកាណាដាថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២៦។
ជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Xavier BETTEL ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌នៃប្រទេសលុចសំបួថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលទាំង ៣ប្រទេសនេះ និងជំនួបទ្វេភាគី គឺឯកសារកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់ និងពិធីសារសរុបចំនួន ៣៧ ត្រូវបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការប្តេជ្ញាចិត្តទាំងនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរួមរបស់កម្ពុជា និងបណ្តាដៃគូអន្តរជាតិ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ព្រមទាំងបង្កើតសន្ទុះថ្មីដល់ភាពជាដៃគូរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្ត។ ការប្តេជ្ញាចិត្តទាំងនេះ ក៏បានបង្ហាញឱ្យឃើញនូវ សមិទ្ធផលជាក់ស្តែងផ្នែកការទូត ដែលកម្ពុជាទទួលបានពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព្រមទាំងបានរួមចំណែកលើកកម្ពស់កិត្យានុភាព តួនាទី និងជំហររបស់កម្ពុជា ឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ៕