ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ជម្រាបសម្តេចធិបតី ថា “វិនិយោគិនម៉ាឡេស៊ីពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា”

image

ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ជបានសម្ដែង នូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន ស្របពេលដែលវិនិយោគិនម៉ាឡេស៊ីពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Datuk Nur Jazlan bin Tan Sri Mohamed អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមក៏បានបន្ថែមថា ដោយឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត, ឯកឧត្តម សង្ឃឹមថាប្រទេសទាំងពីរ នឹងរៀបចំសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សម្តេចធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញជំនឿជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នឹងបន្តស្វែងរកកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្តេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជ រដ្ឋាភិបាល សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែង និងភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា រួមទាំងវិនិយោគិនម៉ាឡេស៊ីផងដែរ។ផ្អែកលើកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាសក្ដានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា សម្តេចធិបតីក៏បានគូសរំលេចថា កម្ពុជា ម៉ាឡេស៊ី នៅមានកាលានុវត្តភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការជំរុញការបង្កើតឧស្សាហកម្មហាឡាល (Halal) ដើម្បីរួមចំណែកធានាដល់ការរក្សាបាននូវសន្តិសុខស្បៀង។

សម្តេចធិបតី ក៏បានជម្រាបឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ