ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់បឋមស្ដីពីការរៀបចំមគ្គទ្ទេសក៍សិល្ប៍សាស្ត្រនីតិកម្ម

image

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់បឋមស្តីពីការរៀបចំមគ្គទ្ទេសក៍សិល្ប៍សាស្ត្រនីតិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកានៃ គ.ក.ច., ក្រុមប្រឹក្សាអ្នកច្បាប់, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, តំណាងក្រសួង ស្ថាប័ន និងអ្នកជំនាញពាក់ព័ន្ធ។


លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា មគ្គទ្ទេសក៍សិល្ប៍សាស្ត្រនីតិកម្ម ឬនីតិនិពន្ធវិទ្យា (Guide de légistique) គឺជារបៀបសរសេរច្បាប់ និងជាកិច្ចការអាទិភាពមួយនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល និងស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកសាងប្រព័ន្ធច្បាប់ដែលមានបូរណភាពពេញលេញ និងបទដ្ឋានគតិយុត្តដែលធានាបាននូវគុណភាព សង្គតិភាព សន្តិសុខគតិយុត្ត ប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងបង្កើនទំនុកចិត្តពីសាធារណជន និងធុរជន។ ការរៀបចំមគ្គទ្ទេសក៍នេះ គឺជាវិធានដ៏មានសារប្រយោជន៍ ក្នុងការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ឱ្យកាន់តែមានគុណភាព សង្គតិភាព សមានគតិភាព និងអាចយកទៅអនុវត្តបាន ព្រមទាំងលុបបំបាត់កំហុសឆ្គងផ្សេងៗ។

លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ភាពអត់សណ្ដាប់ធ្នាប់ក្នុងការអនុវត្តច្បាប់អាចបណ្តាលមកពីការយល់ដឹងមិនច្បាស់អំពីច្បាប់ ឬការតាក់តែងច្បាប់មិនបានត្រឹមត្រូវ មិនច្បាស់លាស់ ពុំមានសង្គតិភាព នីត្យានុកូលភាព និងសន្តិសុខគតិយុត្ត។ ដូចនេះ យើងត្រូវតាក់តែងច្បាប់ឱ្យបានល្អ ដោយផ្អែកលើវិធានជាក់លាក់ ដែលជាប្រយោជន៍ទៅដល់ការកសាងរដ្ឋ និងការកសាងជាតិ ដោយបង្កប់នូវគុណតម្លៃល្អៗ ទាំងគុណតម្លៃសកល ទាំងគុណតម្លៃជាតិសំខាន់ៗ ក៏ដូចជាដើម្បីធានានូវសណ្តាប់ធ្នាប់គតិយុត្ត ដែលនឹងនាំទៅរកសណ្តាប់ធ្នាប់ស្ថាប័ន និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងទំនុកចិត្តរយៈពេលវែង។ 

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា អនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គឺផ្ដោតត្រឹមតែលើវិធានពាក់ព័ន្ធនឹងទម្រង់ និងនីតិវិធីតែប៉ុណ្ណោះ។ ដោយឡែក មគ្គទ្ទេសក៍នេះផ្ដោតទៅលើខ្លឹមសារ សារធាតុ វិធីសាស្ត្រ បច្ចេកទេស និងភាសាគតិយុត្ត ក្នុងការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ដូចនេះ អនុក្រឹត្យលេខ១៧០ និងមគ្គទ្ទេសក៍សិល្ប៍សាស្ត្រនីតិកម្ម គឺជាឧបករណ៍ពីរដែលបំពេញគ្នាទៅវិញទៅមក នៅក្នុងការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក៏ដូចជានៅក្នុងកិច្ចការកែទម្រង់ច្បាប់ទាំងមូលផងដែរ។


ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសរំលេចពីភាពខុសគ្នា និងទំនាក់ទំនងរវាងការអនុវត្តល្អនៃបទប្បញ្ញត្តិ (Good Regulatory Practice-GRP) និងមគ្គទ្ទេសក៍សិល្ប៍សាស្ត្រនីតិកម្ម ដោយ GRP ផ្តោតលើការគ្រប់គ្រងគុណភាពនៃលិខិតបទដ្ឋានគតិយុត្តពេញមួយវដ្ត ចាប់ពីការកំណត់បញ្ហា រហូតដល់ការអនុវត្ត ការតាមដាន និងវាយតម្លៃ ខណៈមគ្គទ្ទេសក៍សិល្ប៍សាស្ត្រនីតិកម្មផ្តោតលើវិធីសាស្ត្រ និងបច្ចេកទេសនៃការតាក់តែងច្បាប់ ដើម្បីធានាសង្គតិភាព ស្តង់ដារួម និងភាពច្បាស់លាស់នៃខ្លឹមសារ និងភាសាគតិយុត្ត។


ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានសំណូមពរដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យធ្វើសិក្សាឱ្យបានហ្មត់ចត់អំពីផលប្រយោជន៍និងការខាតបង់ ហានិភ័យ និងកាតព្វកិច្ច មុនសម្រេចចូលជាភាគីនៃសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងចៀសវាងបន្ទុកមិនចាំបាច់នាពេលអនាគត។


បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធរួចមក អង្គសិក្ខាសាលាទាំងមូលបានគិតគូររួមគ្នាជាឯកឆ្ឆន្ទថា កម្ពុជាមានភាពចំាបាច់ណាស់ក្នុងការរៀបចំមគ្គទ្ទេសក៍សិល្ប៍សាស្ត្រនីតិកម្មនេះ ឱ្យក្លាយជាវិធានរួមក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបន្តជជែកពិភាក្សាគ្នា អំពីវិសាលភាព ទម្រង់ និងខ្លឹមសារ នៃមគ្គទ្ទេសក៍សិល្ប៍សាស្ត្រនីតិកម្មនេះ សំដៅពង្រឹងបូរណភាពនៃប្រព័ន្ធច្បាប់ និងវប្បធម៌នីតិរដ្ឋនៅកម្ពុជា ក៏ដូចជាដើម្បីរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធុរកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕