សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជួយសង្រ្កោះអាយុជីវិតពលរដ្ឋជារឿងសំខាន់ អញ្ចឹងហើយបានជារដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ការជួយសង្រ្កោះអាយុជីវិតពលរដ្ឋជារឿងសំខាន់ អញ្ចឹងហើយបានជារាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាព”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “ប្រសិនបើផ្លូវនៅរលាក់យើងអាចនៅបន្តជិះសិនបាន អាចធ្វើពេលក្រោយ តែបើពាក់ព័ន្ធសុខភាពប្រជាជនវិញ បើមានបញ្ហា ហើយរាជរដ្ឋាភិបាលមិនទម្លាក់លុយធ្វើទំនើបកម្មទេ ការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋមិនបានទេ”។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកស្រុក ចំនួន ៦១កន្លែង ថែលពិថីប្រាព្ធនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតី ក៏បានថ្លែងថា “សម្តេចបានអញ្ជើញចូលពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុកបាធាយ ក្រោយពេលធ្វើទំនើបកម្ម សម្តេចលើកឡើងថា សំភារៈទំនើបមិនចាញ់ទីក្រុងទេ ហើយសុទ្ធតែសំភារៈបរិក្ខាទំនើប”។
សូមជម្រាបថា គម្រោងបានចំណាយថវិកាសរុបចំនួនជាង១៨លាន ១៥៤៨ ដុល្លារអាមេរិក រួមមាន៖ ការចំណាយលើការសាងសង់ ជួសជុល និងកែលម្អមន្ទីរពេទ្យបង្អែកស្រុកទាំង ៦១កន្លែង និងការចំណាយលើការផ្គត់ផ្គង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារ បច្ចេកទេស ចំនួន ៩ ៦២៩ ០៤៨ ដុល្លារអាមេរិក។ សេវាកែលម្អនៅក្នុងមន្ទីរពេទ្យបង្អែកទាំង៦១កន្លែង រួមមាន៖ កម្រិត១ (CPA1)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងមន្ទីរ ពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស កម្រិត២ (CPA2)៖ បានជួសជុលកែលម្អផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់ ព្រមទាំងបំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ឱ្យស្របតាមបទដ្ឋានបច្ចេកទេស មន្ទីរពេទ្យទាំង២ កម្រិត ត្រូវបានសម្ភារៈវេជ្ជសាស្ត្របន្ថែម រួមមាន ម៉ាស៊ីនអេកូសាស្ត្រ ម៉ាស៊ីន X-Ray ម៉ាស៊ីនវិភាគឈាម”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី