មិត្តហ្វូន និង CPL Cares បន្តបេសកកម្មមនុស្សធម៌ ផ្ដល់ក្ដីសង្ឃឹម និងភាពកក់ក្ដៅដល់ពលរដ្ឋនៅភូមិរង់ចាំ
បន្ទាយមានជ័យ៖ ក្រុមហ៊ុន មិត្តហ្វូន សហការជាមួយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តាមរយៈកម្មវិធីសប្បុរសធម៌ CPL Cares «ហ៊ានចាប់ក្ដីស្រម៉ៃ» បានរៀបចំកម្មវិធីគាំទ្រសហគមន៍នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ហ៊ិល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្ដល់ជំនួយចាំបាច់ និងបង្កើតបទពិសោធន៍វិជ្ជមានដល់ពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។ សកម្មភាពនេះរួមមានការប្រគល់គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ ការបង្វឹកបាល់ទាត់ដល់កុមារ និងយុវជន ព្រមទាំងការចាក់បញ្ចាំងភាពយន្តក្រៅអគារដោយ TV360 នៅថ្ងៃទី២០ និង២១ ខែវិច្ឆិកា ដើម្បីសម្រាលបន្ទុកជីវភាព និងផ្ដល់ភាពកក់ក្តៅក្នុងគ្រាលំបាក។
ការរស់នៅបណ្ដោះអាសន្ននៅភូមិរង់ចាំខណៈរង់ចាំវិលត្រឡប់ទៅកាន់សហគមន៍ដើម បានបង្កជាបញ្ហាប្រឈមប្រចាំថ្ងៃដល់ពលរដ្ឋ រួមទាំងការចិញ្ចឹមជីវិត ការសិក្សារបស់កុមារ និងការរក្សាទំនាក់ទំនងជាមួយសាច់ញាតិ។ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងទាំងនេះ គ្រូបង្វឹក និងកីឡាករនៃលីគកំពូលកម្ពុជាបានចូលរួមបង្វឹកបច្ចេកទេសបាល់ទាត់មូលដ្ឋាន ពង្រឹងស្មារតីក្រុម ទំនុកចិត្ត និងផ្សព្វផ្សាយពីអាហារូបត្ថម្ភដល់កុមារ ក្រោមគោលបំណងលើកទឹកចិត្តពួកគេឱ្យជឿជាក់លើសក្តានុពល និងខិតខំសម្រេចក្ដីសុបិន។
ក្នុងឱកាសនោះ លោក ហ៊ិល រ៉ាយ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន មិត្តហ្វូន ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) និងដៃគូសហការ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ជំនួយមនុស្សធម៌ចំពោះពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ដែលកន្លងមកកំពុងជួបការលំបាក។ លោកអភិបាលរងខេត្ត ក៏បានជូនពរថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការី ព្រមទាំងក្រុមកីឡា និងក្រុមការងារទាំងអស់ឱ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត។
ជាមួយគ្នានេះ លោក Le Duc Anh ប្រធាននាយកដ្ឋានម៉ាកយីហោ នៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ «មិត្តពិតប្រាកដ គឺជាអ្នកដែលតែងតែឈរនៅក្បែរគ្នាក្នុងគ្រាលំបាក។ យើងយល់ថា ការរស់នៅឆ្ងាយពីផ្ទះ និងការរង់ចាំវិលត្រឡប់ទៅកាន់លំនៅឋានវិញ មិនមែនជារឿងងាយស្រួលនោះទេ។ ទោះបីជាមិត្តហ្វូនមិនអាចកាត់បន្ថយរយៈពេលនៃការរង់ចាំនេះបានក៏ដោយ យើងសង្ឃឹមថា ជំនួយ និងសកម្មភាពដែលបានរៀបចំឡើងនឹងអាចជួយសម្រាលការលំបាក និងនាំមកនូវស្នាមញញឹមដល់ក្រុមគ្រួសារនៅទីនេះ។ មិត្តហ្វូននឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រប្រជាពលរដ្ឋកម្ពុជានៅពេលដែលពួកគេត្រូវការជំនួយ»។
លោក Peter Koo នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានលើកឡើងថា៖ «យើងជឿជាក់ថា កុមារគ្រប់រូបគួរតែមានឱកាសអភិវឌ្ឍខ្លួន និងទទួលបានការលើកទឹកចិត្ត ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ។ តាមរយៈកម្មវិធីសប្បុរសធម៌ CPL Cares ក្រោមប្រធានបទ “ហ៊ានចាប់ក្ដីស្រមៃ” យើងចង់ផ្តល់នូវភាពសប្បាយរីករាយ អនុស្សាវរីយ៍ល្អៗ ព្រមទាំងបណ្តុះទម្លាប់រស់នៅប្រកបដោយសុខភាពល្អដល់កុមារ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ សម្រាប់លីគកំពូលកម្ពុជា បាល់ទាត់មិនមែនគ្រាន់តែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាស្ពានផ្សារភ្ជាប់ទំនាក់ទំនង នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងរួមចំណែកកសាងសហគមន៍ឱ្យកាន់តែរឹងមាំនៅទូទាំងប្រទេស។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការគាំទ្ររបស់ក្រុមហ៊ុន មិត្តហ្វូន ដែលបានរួមចំណែកធ្វើឱ្យចក្ខុវិស័យនេះលេចចេញជារូបរាងឡើង»។
ក្រៅពីការផ្តល់ជំនួយ និងការរៀបចំសកម្មភាពសហគមន៍ មិត្តហ្វូនក៏ផ្តល់សារៈសំខាន់ដល់ការរក្សាទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ពួកគេ។ សម្រាប់អ្នកដែលត្រូវរស់នៅឆ្ងាយពីលំនៅឋាន ការទទួលបានសេវាទូរគមនាគមន៍ដែលមានស្ថិរភាព និងអាចទុកចិត្តបាន គឺជាមធ្យោបាយសំខាន់ក្នុងការទាក់ទងជាមួយសាច់ញាតិ ទទួលបានព័ត៌មានចាំបាច់ និងបន្តការសិក្សា ឬសកម្មភាពប្រចាំថ្ងៃតាមប្រព័ន្ធឌីជីថល។ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា មិត្តហ្វូនបន្តខិតខំពង្រឹងបណ្តាញទំនាក់ទំនង និងអភិវឌ្ឍសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
កម្មវិធីនៅភូមិរង់ចាំនេះ គឺជាផ្នែកមួយនៃការអនុវត្តទំនួលខុសត្រូវសង្គមរបស់មិត្តហ្វូន ដែលផ្តោតលើការចូលរួមដោះស្រាយតម្រូវការជាក់ស្តែងរបស់សហគមន៍ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈកិច្ចសហការជាមួយ CPL Cares និងដៃគូពាក់ព័ន្ធ មិត្តហ្វូនបន្តបង្ហាញពីតួនាទីរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ទាំងតាមរយៈបច្ចេកវិទ្យា និងសកម្មភាពមនុស្សធម៌។
ក្រោមស្មារតី «មិត្តហ្វូន ដើម្បីកម្ពុជា» ក្រុមហ៊ុនបន្តប្តេជ្ញាឈរនៅក្បែរប្រជាជនកម្ពុជា មិនត្រឹមតែតាមរយៈការផ្តល់សេវាទំនាក់ទំនង និងដំណោះស្រាយឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការចូលរួមចែករំលែក និងគាំទ្រសហគមន៍ក្នុងគ្រប់កាលៈទេសៈ៕
អត្ថបទ: ប៊ុន សំណាង