ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» ឆ្នាំ២០២៦ នៅកោះពេជ្រ ដោយគ្រោងមានស្តង់ប្រមាណ ៣០០ស្តង់

image

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៩» ឆ្នាំ២០២៦ (Cambodia Trade Expo - CTExpo 2026) រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញទំនិញ-សេវាកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៩ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិធីបើកសម្ពោធពិព័រណ៍នេះ គ្រោងនឹងអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាតិ-អន្តរជាតិ សរុបប្រមាណ ៥០០នាក់។

លោក សំហេង បូរ៉ា បានបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា គឺជាវេទិកាដ៏សំខាន់ក្នុងការផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញដៃគូវិនិយោគបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន ដែលនឹងរួមចំណែកបង្កើនចំណូលសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពគ្រួសារ និងសហគមន៍ផងដែរ។

« ការចូលរួម ការខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាង ទាំងពីវិស័យឯកជន ទាំងក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ទាំងក្រុមការងារនៃអេជីនស៊ី វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទៅលើសេដ្ឋកិច្ចជាតិ។ គ្រប់យ៉ាងទាំងអស់ដែលពួកយើងកំពុងតែធ្វើនេះ គឺធ្វើដើម្បីឱ្យសេដ្ឋកិច្ចជាតិវាដើរទៅមុខ ។ យើងកំពុងតែព្យាយាមដើម្បីជំរុញពាណិជ្ជកម្មយើង តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗនេះ ក៏ដើម្បីយកថវិកាឱ្យបានច្រើន យកផលចំណេញឱ្យបានច្រើន ដើម្បីឱ្យថវិកាទាំងអស់នោះវាវិលចូលទៅក្នុងសេដ្ឋកិច្ចជាតិយើងឡើងវិញ សំដៅឱ្យសេដ្ឋកិច្ចជាតិយើងវាកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពិព័រណ៍នឹងមានស្តង់សរុបប្រមាណ ៣០០ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស ហើយរំពឹងថានឹងទាក់ទាញអ្នកចូលរួមទស្សនា និងអ្នកទិញ-លក់ ប្រមាណ ៦០.០០០នាក់។ សម្រាប់ឆ្នាំ២០២៦ នេះ សាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ពីការចូលរួមជា «ប្រទេសជាដៃគូពិសេស ដោយរៀបចំពន្លាពិសេសដើម្បីដាក់តាំងបង្ហាញផលិតផល សេវាកម្ម និងសក្តានុពលវិនិយោគ ព្រមទាំងរៀបចំវេទិកាធុរកិច្ច និងជំនួបផ្គូផ្គងអាជីវកម្ម កម្ពុជា-វៀតណាម ផងដែរ។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំស្តង់រួម ដើម្បីបង្ហាញផលិតផលសម្គាល់ភូមិសាស្ត្រ ផលិតផលតំណាងរាជធានី-ខេត្ត ទាំង២៥ ផលិតផលហាឡាល យុទ្ធនាការផលិតផលជាតិ ផលិតផលសហគ្រិនស្ត្រី និងថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក CambodiaTrade.com។

ជាមួយគ្នានេះ ក៏មានការរៀបចំពន្លារួមបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន និងធនាគារចំនួន ១១ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារជាតិ ធនាគារ SME Bank ជាដើម ដើម្បីផ្តល់ប្រឹក្សា និងសេវាសាធារណៈពាក់ព័ន្ធនឹងធុរកិច្ចនៅនឹងកន្លែងផ្ទាល់។

តាមកម្មវិធី ក្រៅពីសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយពាណិជ្ជកម្ម វេទិកាស្តីពីការនាំចេញ និងកម្មវិធីជំរុញផលិតផលខ្មែរចូលផ្សារទំនើប ក្រសួងពាណិជ្ជកម្មក៏នឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធស្វ័យប្រវត្តកម្មកិច្ចការពិព័រណ៍» (expo.moc.gov.kh) នៅថ្ងៃទី២០ ខែធ្នូ ផងដែរ។ លើសពីនេះ រៀងរាល់ល្ងាច នឹងមានការប្រគំតន្ត្រី ការដើរបង្ហាញម៉ូត និងការសម្តែងសិល្បៈវប្បធម៌ជូនសាធារណជនទស្សនាកម្សាន្ត។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៦ មក។ កាលពីលើកទី១៨ ក្នុងឆ្នាំ២០២៥ កន្លងទៅ ពិព័រណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានក្រុមហ៊ុន-សហគ្រាស ក្រសួង-ស្ថាប័ន និងស្ថានទូតចូលរួមសរុបចំនួន ១៦៣ ស្មើនឹង ២៦៩ស្តង់ ព្រមទាំងមានការចូលរួមតាំងបង្ហាញផលិតផលពីបណ្តាប្រទេសជាមិត្តដូចជា ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌា ផងដែរ៕
អត្ថបទ៖ ចេង ឆហួត