ព័ត៌មានជាតិ

GS25 បើកសម្ពោធសាខាចម្បងរបស់ខ្លួន និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខមេ ជាមួយក្រុមហ៊ុន META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា

image

ភ្នំពេញ៖ ក្រុមហ៊ុន GS25 ដែលជាម៉ាកយីហោហាងលក់ទំនិញម៉ាតរបស់ប្រទេសកូរ៉េ និងដំណើរការដោយក្រុមហ៊ុន GS Retail បាន ឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខ (Master Franchise) ជាមួយដៃគូក្នុងស្រុកគឺក្រុមហ៊ុន META Retail ដែលគ្របដណ្តប់លើទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន GS25 បានបើកសាខាគោលដំបូងរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគោលដៅពង្រីកសាខាឱ្យបាន ៥០០ហាងនៅទូទាំងប្រទេសត្រឹមឆ្នាំ២០៣០។ កម្ពុជាគឺជាទីផ្សារទី 3 របស់ GS25 នៅក្នុងផែនការពង្រីកអាជីវកម្មនៅក្រៅប្រទេស ដែលបច្ចុប្បន្នក្រុមហ៊ុនមានហាងកំពុងដំណើរការជាង ៧៤០ ទីតាំង នៅប្រទេសវៀតណាម និងម៉ុងហ្គោលី។

ទីតាំងនេះត្រូវបានរចនាឡើងដើម្បីក្លាយជាកន្លែងជួបជុំសង្គមដែលបើកដំណើរការ ២៤ ម៉ោងតែម្តង ដោយរួមបញ្ចូលគ្នាជាមួយនឹងគំនិតនៃ បែបហាងកាហ្វេស៊ីវិល័យ ដែលផ្តោតលើអតិថិជនក្នុងស្រុកដែលជាយុវវ័យជំនាន់ Gen Z និងអ្នកធ្វើការវ័យក្មេង។ ដោយត្រូវបានរចនាឡើងជាកន្លែងជួបជុំបែបសង្គមដែលបើកបម្រើការ ២៤ម៉ោងលើ ២៤ម៉ោង។

លោក ជុង ឈុន ហូ (Jung Chun Ho) អនុប្រធានប្រតិបត្តិ នៃផ្នែកអាជីវកម្មហាងលក់ទំនិញ បានលើកឡើងថា ក្រុមហ៊ុន GS Retail Co., Ltd. គឺជាក្រុមហ៊ុនលក់រាយរបស់ប្រទេសកូរ៉េខាងត្បូង និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន GS Group ដែលមានទីស្នាក់ការកណ្តាលនៅអគារ GS Tower ក្នុងសង្កាត់ Gangnam-gu ទីក្រុងសេអ៊ូល។ ក្រុមហ៊ុននេះជាអ្នកដំណើរការហាង GS25 ដែលត្រូវបានរំពឹងថានឹងមានសាខាសរុបប្រមាណ ២០.០០០ហាងនៅទូទាំងប្រទេសកូរ៉េខាងត្បូងត្រឹមចុងឆ្នាំ២០២៦។GS25 ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈភាពសម្បូរបែបនៃភេសជ្ជៈ រួមមាន ទឹកដោះគោមានរសជាតិ និងភេសជ្ជៈត្រជាក់ៗ ក៏ដូចជាអាហារសម្រន់កូរ៉េ មីកូរ៉េ ប្រហិតត្រី និងគីមបាប់។ ហាងនេះក៏មានផ្តល់ជូននូវផលិតផលម៉ាកយីហោផ្ទាល់ខ្លួនគឺ YOUUS និង Real Price រួមជាមួយនឹងមុខម្ហូបជាច្រើនប្រភេទទៀតផងដែរ។

លោក សុក ប៊ុនឆេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Meta Holding បានមានប្រសាសន៍ថា ក្រុមហ៊ុន META Retail Co., Ltd. គឺជាអ្នកគ្រប់គ្រងសិទ្ធិផ្តាច់មុខមេរបស់ GS25 នៅក្នុងប្រទេសកម្ពុជា ដោយជំរុញកំណើន និងការពង្រីកខ្លួនរបស់ម៉ាកយីហោនេះនៅក្នុងទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយសមត្ថភាពដ៏រឹងមាំលើខ្សែច្រវាក់ផ្គត់ផ្គង់ ទីផ្សារ និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM) ប្រតិបត្តិការ ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងការរក្សាបុគ្គលិក រួមទាំងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្ទាល់ខ្លួនផងដែរ។

ក្រុមហ៊ុន META Retail គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន META HOLDING ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុអាជីវកម្មដ៏សកម្ម និងសម្បូរបែប ដែលមានអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច ការផលិតចំណីអាហារ និងការគាំទ្រសហគមន៍។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន META HOLDING បានរីកចម្រើនពីអាជីវកម្មអចលនទ្រព្យទៅជាសម្ព័ន្ធក្រុមហ៊ុនដ៏រឹងមាំមួយដែលមានបុគ្គលិកជាង ១.០០ នាក់ និងមានប្រតិបត្តិការរួមបញ្ចូលគ្នាយ៉ាងពេញលេញ។

បន្ថែមពីនេះ GS25 នឹងបន្តពង្រីកទៅកាន់ខ្សែក្រវាត់ពាណិជ្ជកម្មសំខាន់ៗ និងទីប្រជុំជនតាមបណ្តាខេត្ត ម៉ាកយីហោនេះនៅតែប្តេជ្ញាប្រតិបត្តិការជាពលរដ្ឋសាជីវកម្មដែលមានការទទួលខុសត្រូវ ដោយលើកកម្ពស់ធនធានមនុស្សក្នុងស្រុក ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងគាំទ្រសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជា៕